ចោទិយកថា 4:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលានោះ ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកអញ ឲ្យបង្រៀនអស់ទាំងច្បាប់ នឹងបញ្ញត្តដល់ឯង ដើម្បីឲ្យបានប្រព្រឹត្តតាម នៅក្នុងស្រុក ដែលឯងនឹងឆ្លងចូលទៅទទួលយកនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលានោះ ព្រះយេហូវ៉ាបានបង្គាប់ខ្ញុំឲ្យបង្រៀនអ្នករាល់គ្នា អស់ទាំងច្បាប់ និងបញ្ញត្តិ ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមនៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីច្បាប់ និងវិន័យ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។ អាល់គីតាប នៅគ្រានោះ អុលឡោះតាអាឡា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីហ៊ូកុំ និងវិន័យដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។ |
ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់តាមបញ្ញត្ត ដែលអញបង្គាប់មកឯងនៅថ្ងៃនេះគ្រប់ជំពូក ប្រយោជន៍ឲ្យឯងរាល់គ្នាបានខ្លាំងពូកែ អាចចូលទៅចាប់យកស្រុក ដែលឯងនឹងឆ្លងទៅយកនោះបាន
ទ្រង់បានមានបន្ទូលប្រាប់ដល់ឯងរាល់គ្នាពីសេចក្ដីសញ្ញារបស់ទ្រង់ ដែលទ្រង់បានបង្គាប់ឲ្យឯងរាល់គ្នាប្រព្រឹត្តតាម គឺជាក្រឹត្យទាំង១០ប្រការ ហើយទ្រង់ក៏ចារឹកកត់ក្រឹត្យទាំងនោះ ចុះទៅបន្ទះថ្ម២ផ្ទាំង
ដូច្នេះចូរឯងរាល់គ្នាប្រយ័តខ្លួនឲ្យមែនទែន ដ្បិតឯងមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានបន្ទូលមកឯង ពីកណ្តាលភ្លើងនៅភ្នំហោរែបនោះទេ
មិនត្រូវឲ្យឯងរាល់គ្នាបន្ថែមបញ្ចូលអ្វីៗក្នុងសេចក្ដីទាំងប៉ុន្មាន ដែលអញបង្គាប់ដល់ឯង ឬកាត់ចោលអ្វីណាមួយឡើយ ដើម្បីឲ្យឯងរាល់គ្នាបានកាន់តាមអស់ទាំងបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ដែលអញបង្គាប់មកឯងនេះ