ចោទិយកថា 30:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងនាំឯងមកក្នុងស្រុកដែលពួកឰយុកោឯងបានចាប់យក ហើយឯងនឹងទទួលយកស្រុកនោះវិញ នោះទ្រង់នឹងប្រោសសេចក្ដីល្អដល់ឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាច្រើន លើសជាងពួកឰយុកោឯងទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងនាំអ្នកមកក្នុងស្រុកដែលបុព្វបុរសអ្នកបានចាប់យក ហើយអ្នកនឹងចាប់យកស្រុកនោះវិញ។ ព្រះអង្គនឹងប្រោសសេចក្ដីល្អដល់អ្នក ហើយនឹងចម្រើនអ្នកឲ្យមានគ្នាច្រើន លើសជាងបុព្វបុរសរបស់អ្នកទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ព្រះអង្គប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកនឹងនាំអ្នកវិលត្រឡប់មកស្រុក ដែលជាកម្មសិទ្ធិរបស់ដូនតាអ្នក។ អ្នកនឹងកាន់កាប់ស្រុកនេះ ទ្រង់ប្រទានពរឲ្យអ្នកមានអំណរសប្បាយ ហើយកើនចំនួនច្រើនលើសដូនតារបស់អ្នកទៅទៀត។ |
ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងឲ្យឯងរាល់គ្នារកអញឃើញ អញនឹងដោះឯងរាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយនឹងប្រមូលឯងពីគ្រប់ទាំងសាសន៍ នឹងពីគ្រប់កន្លែងណាដែលអញបានបណ្តេញឯង នាំវិលត្រឡប់មកឯកន្លែងដែលអញបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល នឹងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោគេ ហើយគេនឹងបានស្រុកនោះជារបស់ផងខ្លួន។
ឯទីក្រុងនេះ នឹងបានសំរាប់ជាហេតុនាំឲ្យអរសប្បាយដល់អញ សំរាប់ជាសេចក្ដីសរសើរនឹងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលអញប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រ ដោយព្រោះគ្រប់ទាំងសេចក្ដីល្អ នឹងសេចក្ដីសុខទាំងប៉ុន្មាន ដែលអញផ្តល់ដល់គេ។
អញនឹងធ្វើឲ្យទាំងមនុស្សនឹងសត្វផង បានចំរើនឡើងនៅក្នុងឯង គេនឹងចំរើនឡើង ហើយសាយគ្រាយចេញទៅ នោះអញនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងឯងដូចយ៉ាងពីដើម ហើយប្រព្រឹត្តនឹងឯងដោយល្អជាងជាន់ដើមទៅទៀត នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មួយទៀត អញនឹងបើកឲ្យពួកវង្សអ៊ីស្រាអែល បានសួរអញពីដំណើរនោះឯង ដើម្បីឲ្យអញបានសំរេចការនោះដល់គេ គឺអញនឹងឲ្យគេចំរើនគ្នាជាច្រើនឡើង ដូចជាហ្វូងចៀម
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល
ក៏មិនត្រូវមានអ្វីពីរបស់ដែលត្រូវបំផ្លាញទាំងនោះ នៅក្នុងដៃឯងដែរ ដើម្បីឲ្យព្រះយេហូវ៉ាបានបាត់សេចក្ដីខ្ញាល់ដ៏ក្តៅក្រហាយចេញ បែរមកមានសេចក្ដីមេត្តាករុណា នឹងសេចក្ដីអាណិតអាសូរដល់ឯងវិញ ព្រមទាំងចំរើនឯងឲ្យច្រើនឡើង ដូចជាទ្រង់ស្បថនឹងពួកឰយុកោឯងផង
ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក នឹងផលពីដីឯងផង គឺជាស្រូវ នឹងទឹកទំពាំងបាយជូរ ហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ នឹងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោថា ទ្រង់នឹងឲ្យដល់ឯង