Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 29:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ នឹង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​ប្រមូល​អ្នក​ពី​គ្រប់​សាសន៍ និង​ពី​គ្រប់​កន្លែង​ដែល​យើង​បាន​បណ្តេញ​អ្នក នាំ​វិល​ត្រឡប់​មក​កន្លែង​ដែល​យើង​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​យើង​ឃើញ -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - យើង​នឹង​ស្ដារ​ប្រជា‌ជាតិ​អ្នក​រាល់​គ្នា​ឡើង​វិញ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ពី​គ្រប់​កន្លែង​ដែល​យើង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ស្រុក​របស់​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង




យេរេមា 29:14
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ


កាល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ពួក ឈ្លើយ​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នោះ​យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស​ដែល​យល់‌សប្តិ​ទេ


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នាំ​ពួក​យើង​ខ្ញុំ​ដែល​ជា​ឈ្លើយ ឲ្យ​ត្រឡប់​មក​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​ស្រុក​ខាង​ត្បូង


៙ ដូច្នេះ ត្រូវ​ឲ្យ​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​អធិស្ឋាន​ដល់​ទ្រង់ នៅ​វេលា​ដែល​នឹង​រក​ទ្រង់​ឃើញ យ៉ាង​នោះ កាល​ណា​ជំនន់​ធំ​ជន់​ឡើង នោះ​ប្រាកដ​ជា​នឹង មិន​ដែល​លិច​មក​ដល់​អ្នក​នោះ​ឡើយ


ព្រះ‌ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន


ពី​ព្រោះ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​អាណិត‌អាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប


កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ អញ​នឹង​នាំ​ពូជ‌ពង្ស​ឯង​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច


អញ​នឹង​បង្គាប់​ដល់​ទិស​ខាង​ជើង​ថា ចូរ​ប្រគល់​គេ​មក ហើយ​ដល់​ទិស​ខាង​ត្បូង​ថា កុំ​ឃាត់​គេ​ទុក​ឡើយ ចូរ​នាំ​អស់​ទាំង​កូន​ប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូន​ស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ


អញ​មិន​បាន​ពោល​ដោយ​សំងាត់ ក្នុង​ទី​ងងឹត​នៅ​ផែនដី​ទេ អញ​មិន​បាន​បង្គាប់​ដល់​ពួក​ពូជ‌ពង្ស​នៃ​យ៉ាកុប​ថា ចូរ​ខំ​ស្វែង​រក​អញ​ដោយ​ពោល​ជា​ឥត​ប្រយោជន៍​នោះ​ទេ គឺ​អញ ព្រះ‌យេហូវ៉ា​នេះ អញ​និយាយ​តាម​សុចរិត អញ​ថ្លែង​ប្រាប់​សេចក្ដី​ដែល​ត្រឹម‌ត្រូវ។


ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ទ្រង់​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ជិត​ចុះ


រួច​ក្រោយ​ដែល​អញ​បាន​ដក​រំលើង​គេ​ទៅ​ហើយ នោះ​អញ​នឹង​ត្រឡប់​ចិត្ត មក​អាណិត​មេត្តា​ដល់​គេ ព្រម​ទាំង​នាំ​គេ ឲ្យ​វិល​ត្រឡប់​មក​វិញ គឺ​គ្រប់​គ្នា​ដល់​មរដក​របស់​គេ ហើយ​ដល់​ស្រុក​របស់​គេ​រៀង​ខ្លួន​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ


ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រាអែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចំងាយ នឹង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល នឹង​សេចក្ដី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​នាំ​រាស្ត្រ​អញ ជា​ពួក​ឈ្លើយ​នោះ គឺ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ឲ្យ​ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ផង​ខ្លួន។


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ទប់​សំឡេង​ឯង​មិន​ឲ្យ​យំ នឹង​ភ្នែក​ឯង​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ការ​របស់​ឯង​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​ថា មាន​សេចក្ដី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំ‌ដែន​របស់​គេ​វិញ


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​នាំ​ពួក​គេ​ដែល​ជា​ឈ្លើយ​មក​វិញ នោះ​នៅ​ក្នុង​ស្រុក​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្ដី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្ដី​បរិសុទ្ធ​អើយ សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ឯង


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​សេចក្ដី​សុចរិត​របស់​យើង​ចេញ​មក​ហើយ ចូរ​មក យើង​នឹង​ថ្លែង​ប្រាប់​នៅ​ក្រុង​ស៊ីយ៉ូន ពី​ការ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង។


ហើយ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​អញ​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល អញ​នឹង​យក​ពួក​កូន​ចៅ​អ៊ីស្រាអែល ចេញ​ពី​អស់​ទាំង​សាសន៍​ដែល​គេ​បាន​ទៅ​នោះ ហើយ​ប្រមូល​មក​ពី​គ្រប់​ទិស នាំ​ចូល​ទៅ​ក្នុង​ស្រុក​របស់​ផង​ខ្លួន


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ឥឡូវ​នេះ អញ​នឹង​នាំ​ពួក​យ៉ាកុប​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​នឹង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល ហើយ​នឹង​មាន​សេចក្ដី​ប្រចណ្ឌ ដោយ​យល់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ


អញ​នឹង​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ខូច​បង់​ឡើង ព្រម​ទាំង​អាស្រ័យ​នៅ​ផង គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ក៏​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​ផល​ពី​ចំការ​នោះ គេ​នឹង​ដាំ​ច្បារ ហើយ​ស៊ី​ផល​នោះ​ដែរ


ប៉ុន្តែគេ​មិន​ស្គាល់​គំនិត​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​យល់​សេចក្ដី​ប្រឹក្សា​របស់​ទ្រង់​ដែរ ដ្បិត​ទ្រង់​បាន​ប្រមូល​គេ​នៅ​ទីលាន​ដូច​ជា​កណ្តាប់​ស្រូវ


នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚


លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ នឹង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ»


កាល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ នឹង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត


នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​នឹង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ


ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​ដែល​ពួក​ឰយុកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​នឹង​ចំរើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​ឰយុកោ​ឯង​ទៅ​ទៀត


ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​គង់​នៅ​ជិត ក្នុង​កាល​ដែល​យើង​អំពាវ‌នាវ​រក​ទ្រង់​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម