ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់ គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ; ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
លោកុប្បត្តិ 5:2 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គទ្រង់និម្មិតបង្កើតពួកគេជាប្រុស ជាស្រី។ នៅថ្ងៃដែលពួកគេត្រូវបាននិម្មិតបង្កើត ព្រះអង្គបានប្រទានពរពួកគេ ហើយឲ្យឈ្មោះពួកគេថា “មនុស្ស”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្កើតគេជាប្រុសជាស្រី រួចប្រទានពរគេ ព្រមទាំងហៅគេថា "មនុស្ស" នៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ទ្រង់ហៅគេថា «មនុស្ស»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏បង្កើតគេជាប្រុសជាស្រី រួចប្រទានពរឲ្យ ព្រមទាំងឲ្យឈ្មោះថា អ័ដាម ក្នុងថ្ងៃដែលបានបង្កើតមកនោះ អាល់គីតាប អុលឡោះបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលទ្រង់បង្កើតគេមកនោះ អុលឡោះហៅគេថា «មនុស្ស»។ |
ព្រះទ្រង់និម្មិតបង្កើតមនុស្សតាមរូបរាងរបស់អង្គទ្រង់ គឺព្រះអង្គទ្រង់និម្មិតបង្កើតគេតាមរូបរាងរបស់ព្រះ; ព្រះអង្គបាននិម្មិតបង្កើតពួកគេជាប្រុស ជាស្រី។
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
ព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្ស ហើយដាក់គេក្នុងសួនអេដែនឲ្យភ្ជួររាស់ និងថែសួននោះ។
មនុស្សនោះក៏និយាយថា៖ “លើកនេះ ទើបជាឆ្អឹងពីឆ្អឹងខ្ញុំ ជាសាច់ពីសាច់ខ្ញុំ! ម្នាក់នេះត្រូវហៅថា ‘ស្ត្រី’ ពីព្រោះនាងត្រូវបានយកចេញពីបុរស”។
អ័ដាមរស់នៅបាន ១៣០ ឆ្នាំ គាត់ក៏បង្កើតកូនប្រុសម្នាក់ដែលមានលក្ខណៈដូចគាត់ តាមរូបរាងរបស់គាត់ ហើយដាក់ឈ្មោះកូននោះថាសេថ។
តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
ព្រះយេស៊ូវមានបន្ទូលតបថា៖“តើអ្នករាល់គ្នាមិនដែលអានទេឬថា ព្រះអង្គដែលនិម្មិតបង្កើតមនុស្សតាំងពីដើមដំបូងបានបង្កើតពួកគេជាប្រុស ជាស្រី
ប៉ុន្តែតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក‘ព្រះបានបង្កើតមនុស្សជាប្រុស ជាស្រី’
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ