ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ធីម៉ូថេ 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
២ ធីម៉ូថេ 2

ទាហាន​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រីស្ទ

1 ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ

2 ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។

3 ដូច្នេះ ចូរ​រួម​ទុក្ខ​លំបាក ដូច​ទាហាន​ដ៏​ល្អ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ចុះ។

4 ធម្មតា​អ្នក​ដែល​ធ្វើ​ទាហាន មិន​ជាប់​ទាក់‌ទិន​នឹង​កិច្ច​ការ​ក្នុង​ជីវិត​នេះ​ទេ ព្រោះ​គាត់​ខំ​ឲ្យ​បាន​គាប់​ចិត្ត​ដល់​អ្នកដែល​កេណ្ឌ​ខ្លួន។

5 ឯ​កីឡា​ករ​វិញ មិន​បាន​ទទួល​ពាក់​ភួង​ជ័យ​ឡើយ លុះ​ត្រា​តែ​គេ​ប្រកួត​តាម​ច្បាប់។

6 កសិករដែល​ធ្វើ​ការ​នឿយ​ហត់ ជា​អ្នកដែល​ត្រូវ​ទទួល​ផល​មុន​គេ។

7 ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់​ក្នុង​គ្រប់​ការ​ទាំង​អស់។

8 ចូរ​នឹក​ចាំ​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​រាជវង្សព្រះ​បាទ​ដាវីឌ ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស

9 ដ្បិត​ខ្ញុំ​រង​ទុក្ខលំបាក ទាំង​ជាប់​ចំណង​ដូច​មនុស្ស​អាក្រក់ ព្រោះ​តែ​ដំណឹង​ល្អ​នេះ ប៉ុន្តែ ព្រះ‌បន្ទូលរបស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។

10 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូទ្រាំ​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​យល់​ដល់​ពួក​រើស​តាំង ដើម្បី​ឲ្យ​គេ​បានការ​សង្គ្រោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ទាំង​មាន​សិរី‌ល្អ​នៅ​អស់​កល្ប​ជានិច្ច។

11 ពាក្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ថា ប្រសិន‌បើ​យើង​បាន​ស្លាប់​ជា​មួយ​ព្រះ‌អង្គ យើង​ក៏​នឹង​រស់​ជា​មួយ​ព្រះ‌អង្គ​ដែរ។

12 ប្រសិន‌បើ​យើង​ស៊ូ​ទ្រាំ យើង​នឹង​សោយ​រាជ្យ​ជា​មួយ​ព្រះ‌អង្គ ប្រសិន‌បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ។

13 ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។

អ្នក​បម្រើ​ដែល​មាន​ចិត្ដ​ស្មោះ​ត្រង់

14 ចូរ​រំឭក​គេ​ពី​សេចក្ដី​ទាំង​នេះ ហើយ​ហាម​គេ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​ចំពោះ​ព្រះ កុំ​ឲ្យឈ្លោះ​ប្រកែក​គ្នា​ពី​ន័យ​ពាក្យ ដែល​ជា​ការ​ឥត​ប្រយោជន៍ឡើយ គឺ​មាន​តែ​នាំ​ឲ្យ​ពួក​អ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។

15 ចូរ​ខំ​ប្រឹង​ថ្វាយ​ខ្លួន​ដល់​ព្រះ ទុក​ដូច​ជា​មនុស្ស​ដែល​ព្រះ​បាន​ល្បង​ល​ជាប់​ហើយ ជា​អ្នក​ធ្វើ​ការ ដែល​មិន​ត្រូវ​ខ្មាស ដោយ​កាត់​ស្រាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។

16 ប៉ុន្ដែ ត្រូវ​ចៀស​វាង​ពាក្យ​សម្ដី​ឡេះ‌ឡោះ​ឥត​ប្រយោជន៍ ដ្បិត​ពាក្យ​យ៉ាង​នោះ នាំ​ឲ្យ​មនុស្ស​កើត​មាន​សេចក្ដី​ទមិឡ​ល្មើស កាន់​តែ​ច្រើន​ឡើងៗ

17 ហើយ​សម្ដី​របស់​គេ​ស៊ី​រូង​ដូច​ជា​ដំបៅ​ក្លាយ។ ក្នុងចំណោមអ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌នាស និង​ភីលេត

18 ជា​អ្នក​ដែល​បាន​ឃ្លាត​ចេញ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា ការ​រស់​ឡើង​វិញ​បាន​កើត​ឡើង​រួច​ទៅ​ហើយ ហើយ​គេ​កំពុង​តែ​បង្វែរ​អ្នក​ខ្លះ​ចេញ​ពី​ជំនឿ។

19 ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។

20 នៅ​ក្នុង​ផ្ទះមួយ​ដ៏​ធំ មិន​មែន​មាន​សុទ្ធ​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស និង​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មានគ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ ហើយ​ពី​ដី​ដែរ ខ្លះ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ឱកាស​ពិសេសៗ ខ្លះ​សម្រាប់ប្រើ​ប្រាស់​ធម្មតា។

21 ដូច្នេះ ប្រសិន‌បើ​អ្នក​ណា​បាន​សម្អាត​ខ្លួន​ពី​អំពើ​អាក្រក់ អ្នក​នោះ​នឹងត្រឡប់​ជា​គ្រឿង​ប្រដាប់​ដ៏​វិសេស ដោយ​បាន​ញែក​ជា​បរិសុទ្ធ មាន​ប្រយោជន៍​ដល់​ម្ចាស់ ជា​គ្រឿង​ប្រដាប់​ដែល​បាន​រៀបចំ​ជា​ស្រេច សម្រាប់​ការ​ល្អ​គ្រប់​ជំពូក។

22 ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ចេញ​ពី​ចិត្ត​បរិសុទ្ធ​វិញ។

23 កុំ​ស្តាប់​ការជជែក​ដេញ​ដោល​ដ៏​ល្ងង់​ខ្លៅ ហើយផ្ដេស​ផ្ដាស​នោះ​ឡើយ ដោយ​ដឹង​ថា សេចក្ដី​ទាំង​នោះ​បង្ក​ឲ្យមាន​តែ​ការ​ឈ្លោះ​ប្រកែក​ប៉ុណ្ណោះ។

24 អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់

25 ត្រូវ​ប្រដៅ​តម្រង់​ពួក​អ្នក​ប្រឆាំង​ដោយ​ចិត្ត​ស្លូត​បូត ក្រែង​ព្រះ‌ប្រោស​ប្រទាន​ឲ្យ​គេ​ប្រែ​ចិត្ត និង​ឲ្យ​គេ​ស្គាល់​សេចក្ដី​ពិត

26 ហើយ​ឲ្យគេ​ភ្ញាក់​ដឹង​ខ្លួន ចេញ​ពី​អន្ទាក់​របស់​អារក្ស ដែល​បាន​ចាប់​គេ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

© 2016 United Bible Societies

Bible Society in Cambodia