ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 6

ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​អេសាយ

1 នៅ​ឆ្នាំ​ដែល​ស្តេច​អ៊ូសៀស​សុគត នោះ​ខ្ញុំ​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​បល្ល័ង្ក​នៅ​ទី​ខ្ពស់ ហើយ​បាន​តម្កើង​ឡើង ឯ​រំភាយ​ព្រះ‌ពស្ត្រ​សាយ​មក​ពេញ​ក្នុង​ព្រះ‌វិហារ។

2 នៅ​ពី​លើ​ព្រះ‌អង្គ​មាន​ពួក​សេរភីម គ្រប់​គ្នា​មាន​ស្លាប​ប្រាំមួយ ក៏​បាំង​មុខ​ដោយ​ស្លាប​ពីរ បាំង​ជើង​ដោយ​ស្លាប​ពីរ ហើយ​ប្រើ​ពីរ​សម្រាប់​ហើរ។

3 មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។

4 ក្រប​ទ្វារ​ក៏​ញ័រ ដោយ​សូរ​សំឡេង​សេរភីម​ដែល​បន្លឺ​នោះ ហើយ​មាន​ផ្សែង​ពេញ​ព្រះដំណាក់។

5 នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។

6 ខណៈ​នោះ សេរ‌ភីម​មួយ​បាន​ហើរ​មក​ឯ​ខ្ញុំ ដៃ​កាន់​រងើក​ភ្លើង​ដែល​បាន​យក​ពី​អាស‌នា​ដោយ​ដង្កៀប

7 មក​ប៉ះ​នឹង​មាត់​ខ្ញុំ ដោយ​ពោល​ថា៖ «នែ​រងើក​នេះ​បាន​ប៉ះ​នឹង​បបូរ​មាត់​អ្នក​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ដែរ»។

8 បន្ទាប់មក ខ្ញុំ​ឮ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​មក​ថា៖ «តើ​យើង​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ? តើ​អ្នក​ណា​នឹង​ទៅ​ឲ្យ​យើង?» ខ្ញុំ​ទូល​ឆ្លើយ​ថា៖ «ទូល‌បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល‌បង្គំ​ចុះ!»។

9 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ចូរ​ទៅ​ប្រាប់​ជន​ជាតិ​នេះ​ថា អ្នក​រាល់​គ្នា​ស្តាប់ តែ​ឥត​យល់ ហើយ​មើល តែ​ឥត​ដឹង​ឡើយ។

10 ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​របស់​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​ភ្នែក​គេ​មើល​ឃើញ ត្រចៀក​ស្តាប់​ឮ ហើយ​ប្រាជ្ញា​យល់ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។

11 ខ្ញុំ​ទូល​សួរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ តើ​ដល់​យូរ​ប៉ុន្មាន​ទៅ» រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «គឺ​ដរាប​ដល់​កាល​ណា​ទី​ក្រុង​ទាំង​ប៉ុន្មាន ត្រូវ​ចោល​ស្ងាត់ ឥត​មាន​អ្នក​ណា​នៅ​សោះ ហើយ​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ឥត​មាន​មនុស្ស​ដរាប​ដល់​ស្រុក​នេះ បាន​ទៅ​ជា​ទី​ស្ងាត់​ឈឹង​ទាំង​អស់​ទៅ។

12 ហើយ​ដរាប​ដល់​វេលា​ណា​ដែល​ព្រះ‌យេហូវ៉ា បាន​រើ​យក​មនុស្ស​ទាំង‌ឡាយ​ចេញ​ទៅ​ឯ​ទី​ឆ្ងាយ ហើយ​មាន​កន្លែង​ច្រើន​ត្រូវ​ចោល​ស្ងាត់ នៅ​កណ្ដាល​ស្រុក។

13 ទោះ​បើ​មាន​មួយ​ភាគ​ក្នុង​ដប់​សល់​នៅ​ក្នុង​ស្រុក គង់​តែ​ចំណែក​នោះ​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ដែរ ដូច​ជា​ដើម​ឈើ‌ទាល និង​ដើម​ម៉ៃសាក់ ដែល​នៅ​សល់​គល់​ក្រោយ​គេ​កាប់​រំលំ​ហើយ» គឺ​ពូជ‌ពង្ស​បរិសុទ្ធ​ជា​គល់​ឈើ​នោះ​ឯង។

© 2016 United Bible Societies

Bible Society in Cambodia