ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
អេសាយ 38

ព្រះ‌បាទ​ហេ‌សេ‌គា​ប្រឈួន

1 នៅ​គ្រា​នោះ ព្រះបាទ​ហេ‌សេ‌គា​ប្រឈួន ហៀប​នឹង​សុគត ហើយ​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​មក​គាល់​ទ្រង់​ទូល​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ផ្តាំ​ដល់​វង្សា​របស់​អ្នក​ចុះ ដ្បិត​អ្នក​ត្រូវ​ស្លាប់​ហើយ មិន​រស់​ទេ»។

2 ពេល​នោះ ព្រះបាទ​ហេ‌សេ‌គា​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​ជញ្ជាំង ក៏​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា៖

3 «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ​ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ព្រះបាទ​ហេ‌សេ‌គា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង។

4 នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ហោរា​អេសាយ​ថា

5 «ចូរ​ទៅ​ប្រាប់​ហេ‌សេ‌គា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ដាវីឌ បុព្វ‌បុរស​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះថា យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​អ្នក ក៏​បាន​ឃើញ​ទឹក​ភ្នែក​អ្នក​ហើយ។ យើង​នឹង​ចម្រើន​អាយុ​អ្នក​ឡើង​ដប់​ប្រាំ​ឆ្នាំ​ទៀត

6 ហើយ​នឹង​ដោះ​អ្នក និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការពារ​ទី​ក្រុង​នេះ​ផង។

7 នេះ​នឹង​បាន​ទុក​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​អ្នក ថា​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​ការ​នេះ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ

8 គឺ​យើង​នឹង​ធ្វើ​ឲ្យ​ស្រមោល ដែល​បាន​ជ្រេ​ទៅ​នៅ​នាឡិការ ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​វិញ»។ ដូច្នេះ ស្រមោល​ក៏​ថយ​មក​វិញ​ដប់​ចុច តាម​ដែល​បាន​ជ្រេ​ទៅ​ហើយ។

9 នេះ​ជា​ពាក្យ​ដែល​ព្រះបាទ​ហេ‌សេ‌គា ជា​ស្តេច​យូដា បាន​សរសេរ ក្នុង​កាល​ដែល​ទ្រង់​ប្រឈួន ហើយ​បាន​ជា​ឡើង​វិញ។

10 "យើង​បាន​ពោល​ថា យើង​នឹង​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​នៅ​ពាក់​កណ្ដាល​អាយុ​ទេ សំណល់​នៃ​ឆ្នាំ​អាយុ​បាន​បង្អត់​ដល់​យើង​ហើយ។

11 យើង​បាន​ពោល​ថា យើង​នឹង​លែង​ឃើញ​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ​ទៀត យើង​នឹង​ខាន​ឃើញ​មនុស្ស ដែល​នៅ​កណ្ដាល​ពួក​មនុស្ស​លោក​ត​ទៅ។

12 ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ព្រះ‌អង្គ​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​នឹង​ផ្តាច់​ជីវិត​យើង​ទៅ

13 ដរាប​ដល់​ពេល​ព្រឹក យើង​បាន​គិត​ថា ព្រះ‌អង្គ​នឹង​បំបាក់​អស់​ទាំង​ឆ្អឹង​យើង ដូច​ជា​សិង្ហ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​ផ្តាច់​ជីវិត​យើង

14 យើង​បាន​យំ​ចេច‌ចាច​ដូច​ជា​សត្វ​ត្រចៀក‌កាំ ឬ​ដូច​ជា​ក្រសារ ក៏​បាន​ថ្ងូរ​ដូច​ព្រាប​ដែរ ឯ​ភ្នែក​យើង​បាន​ស្រវាំង​ទៅ ដោយ​ងើយ​មើល​ទៅ​លើ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ត្រូវ​សង្កត់‌សង្កិន សូម​ធានា​ឲ្យ​ទូល‌បង្គំ​ផង

15 តើ​ទូល‌បង្គំ​នឹង​ថ្លែង​ដូច​ម្តេច? ដ្បិត​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​ផ្ទាល់​បាន​សម្រេច​ការ​នោះ។ ទូល‌បង្គំ​ដើរ​សន្សឹមៗ​អស់​មួយ​ជីវិត​ទូល‌បង្គំ ដោយ​ព្រោះ​សេចក្ដី​ជូរ​ចត់​នៅ​ក្នុង​ចិត្ត។

16 ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ដោយ​សេចក្ដី​ទាំង​នេះ​ហើយ ដែល​មនុស្ស​រស់​នៅ ហើយ​ជីវិត​នៃ​វិញ្ញាណ​ទូល‌បង្គំ ក៏​នៅ​ទាំង​មូល​ក្នុង​សេចក្ដី​ទាំង​នេះ ដូច្នេះ សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា ហើយ​ឲ្យ​ទូល‌បង្គំ​បាន​រស់​វិញ។

17 ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ព្រះ‌អង្គ​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក​រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ព្រះ‌អង្គ​ហើយ។

18 ពី​ព្រោះ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ឈោង​ដៃ​រក​ព្រះ‌អង្គ​មិន​បាន ហើយ​សេចក្ដី​ស្លាប់​ក៏​នឹង​អួត​សរសើរ​ព្រះ‌អង្គ​មិន​បាន​ដែរ ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ នឹង​សង្ឃឹម​ដល់​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​មិន​បាន​ឡើយ។

19 ឯ​មនុស្ស​រស់​គឺ​ជា​មនុស្ស​រស់​ហើយ ដែល​នឹង​សរសើរ​ដល់​ព្រះ‌អង្គ ដូច​ជា​ទូល‌បង្គំ​នៅ​ថ្ងៃ​នេះ​ដែរ ឪពុក​នឹង​បន្ត​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ​ឲ្យ​កូន​ស្គាល់​ត​ទៅ

20 ព្រះ‌យេហូវ៉ា​សង្គ្រោះ​ទូល‌បង្គំ ហើយ​យើង​ខ្ញុំ​នឹង​ច្រៀង​តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​អស់​មួយ​ជីវិតរបស់​យើង​ខ្ញុំ"។

21 ហោរា​អេសាយ​បាន​ប្រាប់​ថា៖ «ត្រូវ​ឲ្យ​គេ​យក​ផែន​ល្វា​មួយ​មក​បិទ​លើ​បូស នោះ​ទ្រង់​នឹង​បាន​ជា»

22 ហើយ​ព្រះបាទ​ហេ‌សេ‌គា​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន?»។

© 2016 United Bible Societies

Bible Society in Cambodia