អេសាយ 39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន 1 នៅគ្រានោះ ម្រដាក់-បាឡាដាន ជាបុត្រនៃបាឡាដាន ស្តេចស្រុកបាប៊ីឡូន ក៏ផ្ញើសំបុត្រ និងតង្វាយមកថ្វាយព្រះបាទហេសេគា ដោយឮថា ទ្រង់បានប្រឈួន ហើយបានជាវិញ។ 2 ព្រះបាទហេសេគាក៏មានអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។ 3 នោះហោរាអេសាយមកគាល់ព្រះបាទហេសេគា ទូលសួរថា៖ «អ្នកទាំងនោះបាននិយាយអ្វីខ្លះ គេមកពីណាដែលមកគាល់ទ្រង់នេះ?» ហេសេគាតបថា៖ «គេមកពីប្រទេសឆ្ងាយណាស់ គឺពីស្រុកបាប៊ីឡូន»។ 4 រួចលោកទូលសួរទៀតថា៖ «គេបានឃើញអ្វីខ្លះនៅក្នុងព្រះរាជវាំង»។ ព្រះបាទហេសេគាឆ្លើយថា៖ «គេបានឃើញរបស់ទាំងអស់ដែលនៅក្នុងដំណាក់យើងហើយ ក្នុងព្រះរាជទ្រព្យយើងទាំងប៉ុន្មាន គ្មានអ្វីដែលយើងមិនបានបង្ហាញដល់គេនោះឡើយ»។ 5 ដូច្នេះ ហោរាអេសាយទូលដល់ព្រះបាទហេសេគាថា៖ «សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសិន 6 មើល៍! នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសទ្រង់បានសន្សំទុក ដរាបដល់សព្វថ្ងៃនេះ នាំទៅឯក្រុងបាប៊ីឡូន ឥតទុកឲ្យមានសល់អ្វីឡើយ នេះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 7 ឯពួកបុត្រាទាំងប៉ុន្មានដែលកើតពីទ្រង់មក នោះគេនឹងនាំទៅធ្វើជាមនុស្សកំរៀវនៅក្នុងដំណាក់នៃស្តេចស្រុកបាប៊ីឡូន»។ 8 ព្រះបាទហេសេគាមានរាជឱង្ការទៅហោរាអេសាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានរាជឱអង្ការទៀតថា៖ គឺពីព្រោះនៅក្នុងជីវិតយើង នឹងមានសេចក្ដីសុខ និងសេចក្ដីពិត»។ |
© 2016 United Bible Societies
Bible Society in Cambodia