ទំនាយពីការដាក់ទោសស្រុកអេធីយ៉ូពី1 វេទនាដល់ស្រុកដែលបាំងដោយស្លាប ជាស្រុកនៅត្រើយខាងនាយទន្លេស្រុកអេធីយ៉ូពី 2 ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។ 3 ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើងនោះចូរស្តាប់ដែរ។ 4 ព្រះយេហូវ៉ាបានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ «យើងនឹងនៅតែស្ងៀម ហើយពិចារណាមើលពីទីលំនៅរបស់យើង ដូចជារស្មីត្រចះចាំងមកនៅពេលព្រឹក ហើយដូចជាពពក ជាសន្សើមនៅពេលក្តៅ កំពុងរដូវប្រមូលផល»។ 5 ដ្បិតកាលមុនរដូវប្រមូលផល កាលផ្កាបានរោយរុះ ហើយក្តឹបទំពាំងបាយជូរកំពុងតែធំឡើងដរាបដល់ទុំ ព្រះអង្គនឹងយកកាំបិតកាត់ទង ហើយកាត់ខ្នែងចេញដែរ។ 6 ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់មួយរដូវរងា។ 7 នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។ |
© 2016 United Bible Societies
Bible Society in Cambodia