ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


សេផានា 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
សេផានា 3

អំពើ​អាក្រក់​របស់​ក្រុង​យេរូ‌សាឡិម

1 វេទនា​ដល់​ទី​ក្រុង​បះ​បោរ ហើយ​ស្មោក‌គ្រោក ជា​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គ្នា!

2 គេ​មិន​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ទេ ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ដែរ។ គេ​មិន​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា​សោះ ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​ខ្លួន​ឡើយ។

3 ពួក​មន្ត្រី​នៅ​កណ្ដាល​ក្រុង​នេះ សុទ្ធ​តែ​ជា​សិង្ហ​ដែល​គ្រហឹម ពួក​ចៅ‌ក្រម​របស់​គេ​ជា​ឆ្កែ​ព្រៃ ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ដែល​មិន​ទុក​អ្វី​ឲ្យ​នៅ​រហូត​ដល់​ព្រឹក​ឡើយ។

4 ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា ជា​មនុស្ស​ក្បត់ ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។

5 ប៉ុន្ដែ ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្ដាល​គេ ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ រៀង​រាល់​ព្រឹក ព្រះ‌អង្គ​បង្ហាញ​សេចក្ដី​យុត្តិ‌ធម៌ របស់​ព្រះ‌អង្គ​ឲ្យ​គេ​ឃើញ រាល់​ពេល​ថ្ងៃ​រះ មិន​ដែល​អាក់​ខាន តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ឡើយ។

6 យើង​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នានា​វិនាស​ទៅ កំផែង​ការ​ពារ​របស់​គេ​ត្រូវ​ដួល​រលំ យើង​បាន​ធ្វើ​ឲ្យ​ផ្លូវរបស់​គេ​ខូច‌បង់ កុំ​ឲ្យ​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​ត្រូវ​ទុក​ចោល​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ឡើយ។

7 យើង​គិត​ថា "ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​កោត​ខ្លាច​យើង ឯង​រាល់​គ្នា​នឹង​ទទួល​ការ​ប្រៀន‌ប្រដៅ។ នោះ​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​មិន​ត្រូវ​កាត់​ចេញ តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន តម្រូវឲ្យ​ទាស់​នឹង​ឯង​រាល់​គ្នា​ឡើយ"។ ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រព្រឹត្ត​អស់​ទាំង អំពើ​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង។

ការ​ដាក់​ទោស និងការ​ប្រែ​ចិត្ត​របស់​ជាតិ​សាសន៍

8 ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​រង់‌ចាំ​យើង គឺ​រង់​ចាំ​ថ្ងៃ​ដែល​យើង​ក្រោក​ឡើង​សង្គ្រុប​លើ​គេ។ ដ្បិត​យើង​សម្រេច​នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​ប្រជុំ​អស់​ទាំង​នគរ ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​យើង​ទៅ​លើ​គេ ដ្បិត​ផែន‌ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។

9 ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។

10 ពួក​អ្នក​ថ្វាយ‌បង្គំ​យើង គឺ​កូន​ស្រី​នៃ​ពួក​អ្នក​ដែល​យើង​បាន​កម្ចាត់​កម្ចាយ​ទៅ គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​ទន្លេ ស្រុក​អេធីយ៉ូពី មក​ថ្វាយ​យើង។

11 នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត ជា​ការ​ដែល​អ្នក​បាន​បះ​បោរ ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។

12 ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

13 អស់​អ្នក​ដែល​នៅ​សេស​សល់ក្នុង​ពួក​អ៊ីស្រា‌អែល គេ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​ពាក្យ​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។

ចម្រៀង​នៃ​អំណរ

14 ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​ពី​ចិត្ត​ទៅ!

15 ព្រះ‌យេហូវ៉ា​បាន​លើក​លែង​ទោស​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​បង្វែរ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ។ ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​របស់​អ៊ីស្រា‌អែល គង់​នៅ​កណ្ដាល​អ្នក អ្នក​នឹង​មិន​ខ្លាច​សេចក្ដី​អាក្រក់​ទៀត​ឡើយ។

16 នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។

17 ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។

18 យើង​នឹង​ប្រមូល​អស់​អ្នកក្នុង​ចំណោម ឯង​រាល់​គ្នា​ដែល​ស្តាយ​ស្រណោះ​ថ្ងៃ​បុណ្យ​ដ៏​សំខាន់ ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​រង​ដំណៀល​ទៀត​ឡើយ។

19 មើល៍ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ ឲ្យទៅ​ជា​ទី​សរសើរ ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។

20 នៅ​គ្រា​នោះ យើង​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក នៅ​គ្រា​នោះ យើង​នឹង​ប្រមូល​ផ្ដុំ​ឯង​រាល់​គ្នា ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ឲ្យ​បាន​ជា​ទី​សរសើរ​ក្នុង​ចំណោម អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី នៅ​ពេល​ដែល​យើង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក​ឡើង​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

© 2016 United Bible Societies

Bible Society in Cambodia