ការគោរព ការបន្ទាបខ្លួន និងការសប្បាយរីករាយ1 ចូររក្សាជើងរបស់អ្នក ពេលអ្នកចូលទៅក្នុងដំណាក់របស់ព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ វិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ព្រោះគេមិនដឹងថាគេប្រព្រឹត្តអំពើអាក្រក់ទេ។ 2 កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។ 3 ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសម្ដីច្រើនដែរ 4 កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។ 5 ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ។ 6 កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីក្រោធ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើឬ? 7 ដ្បិតកាលណាមានយល់សប្តិច្រើន ហើយពាក្យសម្ដីចេះតែមានច្រើន នោះជាការឥតប្រយោជន៍ តែត្រូវឲ្យកោតខ្លាចព្រះវិញ។ 8 ប្រសិនបើជាឯងឃើញគេសង្កត់សង្កិនមនុស្សទាល់ក្រ ឬពួកច្រឡោតកំពុងតែបង្វែរសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណា កុំឲ្យឆ្ងល់ពីការនោះឡើយ ដ្បិតមានអ្នកមួយដែលខ្ពស់ជាង គេត្រួតមើលអ្នកធំនោះ ហើយក៏មានអ្នកដែលខ្ពស់ជាងគេទៅទៀតផង។ 9 ប៉ុន្តែ ផលកើតពីដី នោះសម្រាប់គ្រប់គ្នា ទោះទាំងស្តេចក៏បានស្បៀងអាហារពីចម្ការមកដែរ។ 10 អ្នកណាដែលស្រឡាញ់ប្រាក់ នឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តទ្រព្យដ៏បរិបូរ ក៏មិនស្កប់ចិត្តដោយផលចម្រើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍។ 11 កាលណារបស់ទ្រព្យបានចម្រើនឡើង ពួកអ្នកដែលស៊ីទ្រព្យនោះ ក៏មានគ្នាច្រើនឡើងដែរ ដូច្នេះ តើមានប្រយោជន៍អ្វីដល់ម្ចាស់ទ្រព្យសម្បត្តិនោះ លុះត្រាតែបានឃើញដោយភ្នែក? 12 ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។ 13 មានការអាក្រក់យ៉ាងធ្ងន់មួយមុខ ដែលយើងបានឃើញនៅក្រោមថ្ងៃ គឺមានទ្រព្យសម្បត្តិដែលម្ចាស់រក្សាទុកដរាបដល់កើតអន្តរាយដល់ខ្លួន 14 ហើយទ្រព្យសម្បត្តិនោះរមែងបាត់ទៅ ដោយគ្រោះអាក្រក់ណាមួយ បើអ្នកនោះបានបង្កើតកូនប្រុសម្នាក់ គ្មានសល់អ្វីនៅដៃវាទេ។ 15 អ្នកនោះសម្រាលចេញពីផ្ទៃម្តាយមកយ៉ាងណា ក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ។ 16 នេះជាការអាក្រក់យ៉ាងធ្ងន់ដែរ គឺដែលកើតមកយ៉ាងណា នោះត្រូវទៅវិញយ៉ាងនោះឯង ការដែលបានធ្វើដោយនឿយហត់ ជាអសារឥតការដូច្នេះ តើមានប្រយោជន៍អ្វីដល់ខ្លួន? 17 គ្រប់មួយជីវិត ត្រូវរោយរៀវទៅក្នុងសេចក្ដីងងឹត ក៏កើតមានទុក្ខព្រួយច្រើន ព្រមទាំងមានជំងឺបៀតបៀន និងក្រហល់ក្រហាយចិត្តផង។ 18 នេះហើយជាការដែលយើងបានគិតឃើញថាល្អ ហើយគួរសម គឺឲ្យមនុស្សបានស៊ី ហើយផឹក ព្រមទាំងមានចិត្តរីករាយក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ ដរាបដល់អស់មួយជីវិត ដែលព្រះបានប្រទានមកខ្លួន ដ្បិតនោះហើយជាចំណែករបស់ខ្លួន។ 19 អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងឲ្យមានអំណាច និងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ។ 20 ដ្បិតអ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ព្រោះព្រះផ្សាយអំណរមកក្នុងចិត្តហើយ។ |
© 2016 United Bible Societies
Bible Society in Cambodia