ព្រះសន្យាចំពោះក្រុងស៊ីយ៉ូន1 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំដូចតទៅ៖ 2 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «យើងប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន យើងប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង។ 3 យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ 4 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នឹងមានមនុស្សចាស់ ទាំងប្រុសទាំងស្រី អង្គុយនៅតាមផ្លូវក្រុងយេរូសាឡិម គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ 5 នៅក្នុងទីក្រុងនឹងមានកូនប្រុស កូនស្រីកំពុងលេងនៅតាមផ្លូវ»។ 6 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «គ្រានោះ បើការនេះមើលទៅប្លែកភ្នែកដល់សំណល់ជនជាតិនេះ តើត្រូវប្លែកភ្នែកដល់យើងដែរឬ?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 7 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។ 8 យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។ 9 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរឯងរាល់គ្នាមានកម្លាំងដៃចុះ សព្វថ្ងៃនេះ ឯងរាល់គ្នាឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបានប្រកាសនៅក្នុងគ្រាចាក់គ្រឹះសង់ព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 10 ដ្បិតមុនគ្រានោះ គ្មានថ្លៃឈ្នួលសម្រាប់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតយើងបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន»។ 11 ប៉ុន្តែ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ឥឡូវនេះ យើងមិនប្រព្រឹត្តចំពោះសំណល់ជនជាតិនេះ ដូចកាលពីមុនទៀតទេ 12 ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ហើយដើមទំពាំងបាយជូរនឹងបង្កើតផល ដីក៏ចម្រើនផល ផ្ទៃមេឃនឹងទម្លាក់សន្សើមមក ហើយយើងនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមត៌ក។ 13 ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។ 14 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ដូចដែលបុព្វបុរសរបស់អ្នកបានបណ្ដាលឲ្យយើងក្រោធ នោះយើងបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តជាយ៉ាងណា 15 សព្វថ្ងៃនេះ យើងគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ 16 នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺគ្រប់គ្នាត្រូវនិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា 17 កុំឲ្យអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតយើងស្អប់អំពើទាំងអស់នេះណាស់» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ ពិធីជប់លៀងយ៉ាងសប្បាយ18 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំ 19 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ពេលតមអាហារក្នុងខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នោះ ជាពេលរីករាយសប្បាយ ហើយជាបុណ្យគគ្រឹកគគ្រេងសម្រាប់ពួកវង្សយូដា។ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខសាន្ត»។ មនុស្សជាច្រើនចូលក្រុងយេរ៉ូសាឡិម20 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មានមនុស្សជាច្រើន និងមនុស្សសាសន៍ផ្សេងៗនៅទីក្រុងជាច្រើននឹងមក 21 ពួកអ្នកនៅស្រុកមួយនឹងទៅស្រុកមួយទៀតបបួលថា "ចូរយើងប្រញាប់ទៅទូលអង្វរព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ហើយខ្ញុំក៏ទៅដែរ"។ 22 ជនជាតិជាច្រើន និងសាសន៍ខ្លាំងពូកែ នឹងមកស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារនៅក្រុងយេរូសាឡិម ដើម្បីទូលអង្វរព្រះអង្គ។ 23 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។ |
© 2016 United Bible Societies
Bible Society in Cambodia