ពិធីតមអាហារ1 នៅឆ្នាំទីបួន ក្នុងរាជ្យស្តេចដារីយុស នៅថ្ងៃទីបួន ខែទីប្រាំបួន ត្រូវនឹងខែមិគ្គសិរ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី 2 គ្រានោះ ពួកអ្នកនៅបេត-អែលបានចាត់សារេស៊ើរ និងរេគេម-មែលេក ព្រមទាំងពួកមនុស្សមួយក្រុមមកទូលអង្វរព្រះយេហូវ៉ា 3 ហើយសួរពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងសួរពួកហោរាថា៖ «តើយើងខ្ញុំត្រូវយំ ហើយតមអាហារនៅខែទីប្រាំ ដូចជាយើងធ្លាប់ធ្វើជាយូរឆ្នាំមកហើយឬ?» 4 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ 5 ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? 6 ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ? 7 តើនេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ តាមរយៈពួកហោរា នៅពេលដែលមានមនុស្សរស់នៅយ៉ាងសុខដុម នៅក្នុងក្រុងយេរូសាឡិម ទីក្រុងនៅជុំវិញ តំបន់ណេកិប និងស្រុកទំនាបទេឬ? ទណ្ឌកម្មចំពោះអ្នកដែលបដិសេធបំណងរបស់ព្រះ8 ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី 9 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក 10 កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។ 11 ប៉ុន្តែ ពួកគេមិនស្តាប់តាមសោះ គេក៏ងាកមុខចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮ។ 12 ពួកគេតាំងចិត្តរឹងដូចជាថ្ម មិនតាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណមកប្រាប់ តាមរយៈពួកហោរាកាលពីជំនាន់មុននោះឡើយ។ ហេតុនោះហើយបានជាព្រះយេហូវ៉ានៃពួកពលបរិវារក្រោធជាខ្លាំង។ 13 ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា 14 គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។ |
© 2016 United Bible Societies
Bible Society in Cambodia