ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


លូកា 22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
លូកា 22

ការ​ឃុប‌ឃិត​ធ្វើ​ឃាត​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.១-៥ , ១៤-១៦ ម៉ាកុស ១៤.១-២ , ១០-១១ យ៉ូហាន ១១.៤៥-៥៣)

1 ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ដែល​ហៅ​ថា​បុណ្យ​រំលង នោះ​ជិត​មក​ដល់​ហើយ។

2 ពួក​សង្គ្រាជ និង​ពួក​អាចារ្យ រក​វិធី​យ៉ាង​ណា​ដើម្បី​ធ្វើ​គុត​ព្រះយេស៊ូវ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។

3 ពេល​នោះ អារក្ស​សាតាំង​បាន​ចូល​យូដាស ដែល​ហៅ​ថា អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ។

4 គាត់​ចេញ​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​សង្គ្រាជ និង​ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ ពី​របៀប​ដែល​គាត់​នឹង​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។

5 គេ​ក៏​ត្រេក‌អរ​ណាស់ ហើយ​សន្យា​នឹង​ឲ្យ​ប្រាក់​ដល់​គាត់។

6 យូដាស​យល់​ព្រម ហើយ​រក​ឱកាស​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ ពេលណា​គ្មាន​បណ្តា‌ជននៅ​ក្បែរ។

ព្រះ‌យេស៊ូវ​ឲ្យ​គេ​រៀបចំ​ធ្វើ​បុណ្យ​រំលង
(ម៉ាថាយ ២៦.១៧-២៥ ម៉ាកុស ១៤.១២-២១ យ៉ូហាន ១៣.២១-៣០ )

7 ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​ដំបែ​ក៏​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង។

8 ដូច្នេះ ព្រះយេស៊ូវ​បាន​ចាត់​ពេត្រុស និង​យ៉ូហាន​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​បុណ្យ​រំលង​សម្រាប់​ពួក​យើង​បរិ‌ភោគ»។

9 តែ​គេ​ទូល​សួរ​ថា៖ «តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​យើង​ខ្ញុំ​រៀបចំ​នៅ​កន្លែង​ណា?»

10 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សូម​ស្តាប់! កាល​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​នឹង​ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​លី​ក្អម​ទឹក ចូរ​តាម​អ្នក​នោះ​ទៅ​ក្នុង​ផ្ទះ​ណា​ដែល​គាត់​ចូល

11 ហើយ​និយាយ​នឹង​ម្ចាស់​ផ្ទះ​នោះ​ថា "លោក​គ្រូ​មាន​ប្រសាសន៍​សួរ​មក​អ្នក​ថា ‘តើ​បន្ទប់​ដែល​ខ្ញុំ​នឹង​ទទួល​ទាន​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ឯ​ណា?’"

12 នោះ​គាត់​នឹង​បង្ហាញ​បន្ទប់​មួយ​ធំ​នៅ​ខាង​លើ ដែល​មាន​គ្រប់​ប្រដាប់‌ប្រដា។ ចូរ​រៀបចំ​នៅ​ទី​នោះ​ចុះ»។

13 គេ​ក៏​ទៅ បាន​ឃើញ​ដូច​ព្រះ‌អង្គ​បាន​ប្រាប់​មែន ហើយ​គេ​ក៏​រៀបចំ​បុណ្យ​រំលង។

ពិធី​លៀង​ព្រះ‌អម្ចាស់
(ម៉ាថាយ ២៦.២៦-៣០ ម៉ាកុស ១៤.២២-២៦ ១ កូរិនថូស ១១.២៣-២៥ )

14 លុះ​ដល់​ពេល​ហើយ ព្រះយេស៊ូវ​ក៏​គង់​នៅ​តុ​ជា​មួយ​ពួក​សាវក។

15 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។

16 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​អាហារ​បុណ្យ​នេះ​ទៀត​ទេ រហូត​ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។

17 ព្រះ‌អង្គ​បាន​យក​ពែង​មួយ​មក​កាន់ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ពិសា​ចុះ

18 ដ្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ព្រះរាជ្យ​របស់​ព្រះ​មក​ដល់»។

19 បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។

20 ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។

21 មួយ​ទៀត មើល៍! អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​ខ្ញុំ​ដែរ។

22 កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​កំណត់​ទុក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ»។

23 ពេល​នោះ គេ​ចាប់​ផ្តើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។

អ្នក​ធំ​ត្រូវ​បម្រើ​អ្នក​តូច

24 ពេល​នោះ មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។

25 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ តែងត្រួត​ត្រា​លើ​ប្រជារាស្ត្រ ហើយ​ពួក​អ្នក​មាន​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។

26 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ។

27 តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ? តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ? ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ។

28 អ្នក​រាល់​គ្នា​ជា​ពួក​ដែល​នៅ​ជាប់​ជា​មួយ​ខ្ញុំ នៅ​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក។

29 ខ្ញុំ​ប្រគល់​ព្រះរាជ្យ​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដូច​ព្រះ‌វរបិតា​ខ្ញុំ​បាន​ប្រគល់​មក​ខ្ញុំ​ដែរ

30 ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិ‌ភោគ​នៅ​តុ​ខ្ញុំ ក្នុងព្រះ​រាជ្យ​របស់​ខ្ញុំ ហើយ​ឲ្យ​បាន​អង្គុយ​លើ​បល្ល័ង្ក ជំនុំ‌ជម្រះ​កុល​សម្ព័ន្ធ​ទាំង​ដប់​ពីរ​នៃ​សាសន៍​អ៊ីស្រា‌អែល»។

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​អំពី​លោក​ពេត្រុស​ប្រ‌កែក​មិន​ស្គាល់​ព្រះ‌អង្គ
(ម៉ាថាយ ២៦.៣១-៣៥ ម៉ាកុស ១៤.២៧-៣១ យ៉ូហាន ១៣.៣៦-៣៨)

31 ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ស៊ីម៉ូន ស៊ីម៉ូន​អើយ មើល៍! សាតាំង​ទាម​ទារ​ចង់​បាន​អ្នក​រាល់​គ្នា ដើម្បី​រែង​អ្នក​រាល់​គ្នា ដូច​ជា​រែង​អង្ករ។

32 ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក ដើម្បីកុំ​ឲ្យ​ជំនឿ​របស់​អ្នក​វិនាស​បាត់​ឡើយ។ កាល​ណា​អ្នក​បាន​ប្រែ​ចិត្ត​វិល​មក​វិញ ចូរ​ចម្រើន​កម្លាំង​ឲ្យ​បង‌ប្អូន​អ្នក​បាន​ខ្ជាប់‌ខ្ជួន​ផង»។

33 គាត់​ទូលព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ប្រុង​ប្រៀប​ជា​ស្រេច នឹង​ទៅ​ជា​មួយ​ព្រះ‌អង្គ ទោះ​បើ​ជាប់​គុក ឬ​ដល់​ស្លាប់​ក្តី»។

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ពេត្រុស​អើយ ខ្ញុំ​ប្រាប់​អ្នក​ថា នៅ​ថ្ងៃ​នេះ មាន់​មិន​រងាវ​ឡើយ ទាល់​តែ​អ្នក​បាន​ប្រ‌កែក​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»។

35 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។

36 ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ អ្នក​ណា​ដែល​មាន​កាបូប មាន​យាម ត្រូវ​តែ​យក​ទៅ​កុំ​ខាន ហើយ​អ្នក​ណា​ដែល​គ្មាន​ដាវ ត្រូវ​លក់​អាវ​របស់​ខ្លួន ហើយ​ទិញ​ដាវ​មួយ​មក។

37 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បទ​គម្ពីរ​ដែល​ចែង​ទុក​មក​ថា "គេ​បាន​រាប់​ព្រះ‌អង្គ​ជា​ពួក​ទទឹង​ច្បាប់" នោះ​ត្រូវ​តែ​បាន​សម្រេច​ក្នុង​ខ្ញុំ ដ្បិត​គ្រប់​សេចក្តី​ដែល​ចែង​ទុក​អំពី​ខ្ញុំ ត្រូវ​តែ​បាន​សម្រេច»។

38 ពួក​គេ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! មើល៍ នៅ​ទី​នេះ​មាន​ដាវ​ពីរ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​ល្មម​ហើយ»។

ព្រះ‌យេស៊ូវ​អធិស្ឋាន​នៅ​លើ​ភ្នំ​ដើម​អូលីវ
(ម៉ាថាយ ២៦.៣៦-៤៦ ម៉ាកុស ១៤.៣២-៤២ )

39 ព្រះ‌អង្គ​យាង​ចេញ​ទៅ​ក្រៅ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​តាម​ទៅ​ដែរ។

40 ពេល​ដល់​កន្លែង​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អធិស្ឋាន​ទៅ ដើម្បី​កុំ​អ្នក​រាល់​គ្នា​ចាញ់​សេចក្តី​ល្បួង»។

41 បន្ទាប់មក ព្រះ‌អង្គ​យាង​ចេញ​ពី​គេ​ទៅ ចម្ងាយ​ប្រហែល​ជា​គេ​ចោល​ថ្ម​មួយ​ទំហឹង​ដៃ ក៏​លុត​ព្រះ‌ជង្ឃ​ក្រាប​ចុះ​អធិស្ឋាន​ថា៖

42 «ឱ​ព្រះ‌វរបិតា​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ សូម​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។

43 ពេល​នោះ មាន​ទេវតា​លេច​មក​ពី​ស្ថាន‌សួគ៌ ឲ្យ​ព្រះ‌អង្គ​ឃើញ ហើយ​ចម្រើន​កម្លាំង​ថ្វាយ​ព្រះ‌អង្គ។

44 ដោយ​ព្រះ‌អង្គ​កើត​ទុក្ខ​ជា​ខ្លាំង ព្រះ‌អង្គ​ក៏​អធិស្ឋាន​ទទូច​រឹត​តែ​ខ្លាំង​ឡើង ហើយ​ញើស​របស់​ព្រះ‌អង្គ​ក៏​ត្រឡប់​ដូច​ជា​ដំណក់​ឈាម​ធំៗ​ស្រក់​ចុះ​លើ​ដី។

45 ពេល​ព្រះ‌អង្គ​ក្រោក​ពី​ទី​អធិស្ឋាន វិល​ទៅ​រក​ពួក​សិស្ស​វិញ ក៏​ឃើញ​គេ​ដេក​លក់​ដោយ​ព្រួយ​ចិត្ត។

46 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ចាញ់​ការ​ល្បួង»។

គេ​ចាប់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៤៧-៥៦ ម៉ាកុស ១៤.៤៣-៥០ យ៉ូហាន ១៨.៣-១១ )

47 កំពុង​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​ឃើញ​មាន​មនុស្ស​ទាំង​ហ្វូង​មក ហើយ​អ្នក​ដែល​មាន​ឈ្មោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ជា​អ្នក​នាំ​មុខ​គេ។ គាត់​ចូល​មក​ជិតព្រះយេស៊ូវ ដើម្បី​ថើប​ព្រះ‌អង្គ

48 តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ អ្នក​បញ្ជូន​កូន​មនុស្ស​ទៅ ដោយ​ថើប​មួយ​ខ្សឺត​ដូច្នេះ​ឬ?»

49 ពេល​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​ព្រះ‌អង្គ ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​មក​ដូច្នេះ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​យក​ដាវ​កាប់​គេ​ឬ?»

50 មាន​សិស្ស​ម្នាក់​ក្នុង​ពួក​គេ បាន​កាប់​បាវ​បម្រើ​សម្តេច​សង្ឃ​ដាច់​ស្លឹក​ត្រចៀក​ខាង​ស្តាំ។

51 ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឈប់​ប៉ុណ្ណឹង​ចុះ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​អ្នក​នោះ​ឲ្យ​ជា​វិញ។

52 បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សង្គ្រាជ ពួក​មេ‌ទ័ព​រក្សា​ព្រះ‌វិហារ និង​ពួក​ចាស់​ទុំ​ដែល​មក​ចាប់​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចេញ​មក​ទាំង​កាន់​ដាវ កាន់​ដំបង ដូច​ជា​មក​ចាប់​ចោរ​ឬ?

53 ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌វិហារ​រាល់​ថ្ងៃ អ្នក​រាល់​គ្នា​មិន​បាន​លូក​ដៃ​មក​ចាប់​ខ្ញុំ​សោះ ប៉ុន្តែ នេះ​ជា​ពេល​វេលា​របស់​អ្នក​រាល់​គ្នា​ហើយ និង​ជា​អំណាច​នៃ​សេចក្តី​ងងឹត​ផង!»។

លោក​ពេត្រុស​ប្រ‌កែក​មិន​ស្គាល់​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៥៧-៥៨ , ៦៩-៧៥ ម៉ាកុស ១៤.៥៣-៥៤ , ៦៦-៧២ យ៉ូហាន ១៨.១២-១៨, ២៥-២៧)

54 គេ​ក៏​ចាប់​ព្រះ‌អង្គ​នាំ​ទៅ​ដល់​ដំណាក់​សម្តេច​សង្ឃ ឯ​ពេត្រុស គាត់​ដើរ​តាម​ពី​ចម្ងាយ​ដែរ។

55 ពេល​គេ​បាន​បង្កាត់​ភ្លើង​នៅ​កណ្តាល​ទី‌លាន អង្គុយ​ជា​មួយ​គ្នា នោះ​ពេត្រុស​ក៏​អង្គុយ​ជា​មួយ​គេ​ដែរ។

56 មាន​ស្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​ជិត​ភ្លើង ក៏​សម្លឹង​មើល ហើយ​និយាយ​ថា៖ «អ្នក​នេះ​ក៏​នៅ​ជា​មួយ​គាត់​នោះ​ដែរ»។

57 ប៉ុន្តែ គាត់​ប្រ‌កែក​ថា៖ «នាង​អើយ ខ្ញុំ​មិន​ស្គាល់​គាត់​ទេ»។

58 បន្តិច​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​និយាយ​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស​ពួក​នោះ​ដែរ»។ តែ​ពេត្រុស​ឆ្លើយ​ថា៖ «អ្នក​អើយ មិន​មែន​ខ្ញុំ​ទេ»។

59 ប្រហែល​ជា​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​ថា៖ «អ្នក​នេះ​ប្រាកដ​ជា​បាន​នៅ​ជា​មួយ​អ្នក​នោះ​ដែរ ដ្បិត​ជា​សាសន៍​កាលីឡេ​ដូច​គ្នា»។

60 ពេត្រុស​ប្រ‌កែក​ថា៖ «អ្នក​អើយ ខ្ញុំ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ទេ» កាល​គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​ស្រាប់​តែ​មាន់​រងាវ​ឡើង។

61 ព្រះ‌អម្ចាស់​បែរ​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មុន​ដែល​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។

62 គាត់​ចេញ​ទៅ​ក្រៅ ហើយ​យំ​យ៉ាង​ក្តុក‌ក្តួល។

គេ​វាយ​ដំ ជេរ​ប្រមាថ​ព្រះ‌យេស៊ូវ
(ម៉ាថាយ ២៦.៦៧-៦៨ ម៉ាកុស ១៤.៦៥ )

63 ឯ​ពួក​អ្នក​ដែល​យាម​ព្រះ‌យេស៊ូវ គេ​ចាប់​ផ្តើម​ចំអក និង​វាយ​តប់​ព្រះ‌អង្គ

64 ហើយ​ខ្ទប់​ព្រះ‌នេត្រ ទះ​កំផ្លៀង​ព្រះ‌អង្គ ដោយ​ទូល​ថា៖ «ចូរ​ទាយ​មើល តើ​អ្នក​ណា​វាយ​ឯង?»។

65 គេ​ជេរ​ប្រមាថ​ព្រះ‌អង្គដោយ​ពាក្យ​ជា​ច្រើន​ថែម​ទៀត។

ព្រះ‌យេស៊ូវ​នៅ​មុខ​ក្រុម​ប្រឹក្សា
(ម៉ាថាយ ២៦.៥៩-៦៦ ម៉ាកុស ១៤.៥៥-៦៤ យ៉ូហាន ១៨.១៩-២៤ )

66 ដល់​ព្រឹក​ឡើង ពួក​ចាស់​ទុំ​លើ​ប្រជា‌ជន ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ក៏​ប្រជុំ​គ្នា គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​ក្រុម​ប្រឹក្សា​របស់​គេ សួរ​ថា៖

67 «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក​មើល៍» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជម្រាប​អស់​លោក​ទាំង​អស់​គ្នា ក៏​អស់​លោក​មិន​ជឿ​ខ្ញុំ​ដែរ

68 ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។

69 ប៉ុន្តែ អំណឹះ​ត​ទៅ កូន​មនុស្ស​នឹង​អង្គុយ​ខាង​ស្តាំ​ព្រះ‌ចេស្តា​នៃ​ព្រះ»

70 នោះ​ទាំង​អស់​គ្នា​សួរ​ថា៖ «ដូច្នេះ អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ដូច្នោះ គឺ​ខ្ញុំ​នេះ​ហើយ»។

71 គេ​ក៏​និយាយ​ថា៖ «តើ​ចាំ​បាច់​ត្រូវ​ការ​បន្ទាល់​អ្វី​ទៀត? ព្រោះ​យើង​បាន​ឮ​ផ្ទាល់​ចេញ​ពី​មាត់​របស់​វា​ហើយ!»។

© 2016 United Bible Societies

Bible Society in Cambodia