ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 33

លោក​អេលីហ៊ូវ​បន្ទោស​លោក​យ៉ូប

1 ដូច្នេះ ឱយ៉ូប​អើយ ខ្ញុំ​សូម​លោក​ស្តាប់ សេចក្ដី​អធិប្បាយ​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ចំពោះ​ពាក្យ​របស់​ខ្ញុំ​ចុះ។

2 មើល៍ ខ្ញុំ​បាន​បើក​មាត់​ហើយ អណ្ដាត​ក៏​បាន​រលាស់​និយាយ​នៅ​ក្នុង​មាត់​ខ្ញុំ។

3 ពាក្យ​សម្ដី​ខ្ញុំ​នឹង​សម្ដែង​ចេញ ជា​សេចក្ដី​ទៀង​ត្រង់ពី​ចិត្ត​ខ្ញុំ ហើយ​បបូរ​មាត់​ខ្ញុំ​នឹង​និយាយ​យ៉ាង​ច្បាស់ ពី​សេចក្ដី​ដែល​ខ្ញុំ​ដឹង។

4 ព្រះ‌វិញ្ញាណ​នៃ​ព្រះ​បាន​បង្កើត​ខ្ញុំ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ប្រោស​ឲ្យ​ខ្ញុំ​មាន​ជីវិត

5 បើ​លោក​អាច​នឹង​ឆ្លើយ​បាន នោះ​សូម​ឆ្លើយ​មក​ចុះ សូម​រៀប​លំដាប់​សេចក្ដី​នៅ​មុខ​ខ្ញុំ រួច​ឈរ​ឡើង។

6 មើល៍ លោក និង​ខ្ញុំ​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ ខ្ញុំ​បាន​កើត​ពី​ដី​មក​ដែរ។

7 ខ្ញុំ​ឥត​មាន​សេចក្ដី​ស្ញែង​ខ្លាច​ណា នាំ​ឲ្យ​លោក​ភ័យ​ទេ ហើយ​អំណាច​ខ្ញុំ​ក៏​នឹង​មិន​សង្កត់​លើ​លោក​ដែរ។

8 ប៉ុន្តែ លោក​បាន​និយាយ​ឲ្យ​ត្រចៀក​ខ្ញុំ​ឮ ហើយ​ខ្ញុំ​បាន​ឮ​ពាក្យ​របស់​លោក​ថា

9 "ខ្ញុំ​ស្អាត ឥត​មាន​មន្ទិល​ឡើយ ខ្ញុំ​គ្មាន​ទោស ក៏​គ្មាន​អំពើ​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ដែរ។

10 មើល៍! ព្រះ​រក​ហេតុ​ទាស់​នឹង​ខ្ញុំ ព្រះ‌អង្គ​រាប់ខ្ញុំ​ដូច​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ

11 ព្រះ‌អង្គ​បាន​ដាក់​ជើង​ខ្ញុំ​ភ្ជាប់​ខ្នោះ ហើយ​ក៏ឃ្លាំ​មើល​ផ្លូវ​របស់ខ្ញុំ"។

12 ដូច្នេះ ខ្ញុំ​សូម​ឆ្លើយ​ប្រាប់​លោក​ថា លោក​មិន​សុចរិត​ទេ ដ្បិត​ព្រះ​ធំ​ជាង​មនុស្ស។

13 ហេតុ​អ្វី​បាន​ជា​លោក​ចោទ​ប្រកាន់​ព្រះ‌អង្គ ដោយ​ពោល​ថា "ព្រះ‌អង្គ​មិនឆ្លើយតប នឹង​ពាក្យ​ណា​មួយ​របស់​មនុស្ស" ដូច្នេះ?

14 តែ​ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​មក​ម្តង ជា​ពីរ​ដង​ផង ឥត​មាន​អ្នក​ណា ស្វែង​រក​ន័យ​សេចក្ដី​ទេ។

15 គឺ​ក្នុង​ពេល​យល់‌សប្តិ ឬ​ក្នុង​ការ​ជាក់​ស្តែង​នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​ដេក​លក់​ស៊ប់​នៅ​ដំណេក

16 នៅ​វេលា​នោះ ព្រះ‌អង្គ​បើក​ត្រចៀក​មនុស្ស ហើយ​ក៏​បោះ​ត្រា​សេចក្ដី​ដែល​ព្រះ‌អង្គ​ប្រដៅ​គេ

17 ដើម្បី​ទាញ​មនុស្ស​ចេញ​ពី​ការ​ដែល​គេ​គិត​ធ្វើ ហើយ​រាំង​រា​គេ​ពី​សេចក្ដី​អំនួត

18 ព្រះ‌អង្គ​ឃាំង​ព្រលឹង​គេ​ឲ្យ​រួច​ពី​ជង្ហុក និង​ជីវិត​គេ​ឲ្យ​រួច​ពី​ការ​វិនាស​ដោយ​ដាវ។

19 គេ​ត្រូវ​វាយ​ផ្ចាល ដោយ​ឈឺ​ចាប់​ដេក​នៅ​ដំណេក ហើយ​អស់​ទាំង​ឆ្អឹង​គេ​ក៏​ឈឺ​ដែរ។

20 ហេតុ​នោះ បាន​ជា​ជីវិត​គេ​ធុំ​អាហារ ហើយ​ព្រលឹង​គេ​ក៏​ខ្ពើម​ចំណី។

21 សាច់​គេ​ក៏​ស្គម​ស្គាំង‌ទៅ ពី​មុន​មើល​មិន​ឃើញ​ឆ្អឹង​សោះ តែ​ឥឡូវឃើញ​សុទ្ធ​តែ​ឆ្អឹង។

22 ព្រលឹង​គេ​ចូល​ទៅ​ជិត​រណ្តៅ​ស្លាប់ ហើយ​ជីវិត​គេ​ក៏​ជិត​ដល់​មេ​បំផ្លាញ​ហើយ។

23 ប្រសិន‌បើ​មាន​ទេវតា​មួយ​អង្គ​នៅ​ជា​មួយ​គេ ដើម្បី​ថ្លែង​ការ គឺ​មួយ​ក្នុង​មួយ​ពាន់ សម្រាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត

24 ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​គេ ដោយ​ព្រះ‌បន្ទូល​ថា "ចូរ​ជួយ​ឲ្យ​រួច កុំ​ឲ្យ​ធ្លាក់​ចុះ​ក្នុង​រណ្តៅ​ឡើយ ដ្បិត​យើង​រក​បាន​ថ្លៃ​លោះ​គេ​ហើយ"។

25 យ៉ាង​នោះ​សាច់​គេ នឹង​ស្រស់​ជាង​សាច់​របស់​កូន​ក្មេង ក៏​នឹង​ប្រែ​ទៅ​ដូច​កាល​នៅ​ក្មេង​វិញ។

26 គេ​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ស្ដាប់​គេ ឲ្យ​គេ​បាន​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ដោយ​អំណរ ហើយ​ព្រះ‌អង្គ​នឹង​ប្រគល់ សេចក្ដី​សុចរិត​ដល់​គេ​វិញ។

27 គេ​នឹង​ច្រៀង​នៅ​មុខ​មនុស្ស ដោយ​ពាក្យ​ថា "ខ្ញុំ​បាន​ធ្វើ​បាប ហើយ​រំលង​នឹង​សេចក្ដី​ត្រឹម​ត្រូវ ជា​ការ​ដែល​ឥត​មាន​ប្រយោជន៍​ដល់​ខ្ញុំ។

28 ព្រះ‌អង្គ​បាន​លោះ​ព្រលឹង​ខ្ញុំ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទេ ជីវិត​ខ្ញុំ​ក៏​នឹង​ឃើញ​ពន្លឺ​ដែរ"។

29 មើល៍! ព្រះ​ធ្វើ​ការ​ទាំង​នេះដល់​មនុស្ស ចំនួន​ពីរ​ដង ហើយ​បី​ដង​ផង

30 ដើម្បី​ទាញ​ព្រលឹង​គេ​ពី​រណ្តៅ​មក​វិញ ប្រយោជន៍​ឲ្យ​គេ​បាន​ភ្លឺ ដោយ​ពន្លឺ​នៃ​មនុស្ស​រស់។

31 ឱ​យ៉ូប​អើយ សូម​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ​សិន សូម​លោក​នៅ​ស្ងៀម នោះ​ខ្ញុំ​នឹង​និយាយ

32 បើ​លោក​មាន​អ្វី​នឹង​ពោល សូម​ឆ្លើយ​តប​មក​ចុះ សូម​ពោល​ចេញ​មក ដ្បិត​ខ្ញុំ​ចង់​កែ​ឲ្យ​លោក​បាន​សុចរិត​វិញ។

33 បើ​គ្មាន​ទេ សូម​ស្តាប់​ខ្ញុំ​ចុះ សូម​លោក​នៅ​ស្ងៀម ខ្ញុំ​នឹង​បង្រៀន​ឲ្យ​លោក​មាន​ប្រាជ្ញា»។

© 2016 United Bible Societies

Bible Society in Cambodia