យ៉ូប 32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦លោកអេលីហ៊ូវបន្ទោសមិត្តសម្លាញ់របស់លោកយ៉ូប 1 ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។ 2 នៅខណៈនោះ អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស ក្នុងពូជពង្សរ៉ាមក៏មានកំហឹង គឺគាត់ខឹងនឹងយ៉ូប ដោយព្រោះលោករាប់ខ្លួនជាសុចរិតនៅចំពោះព្រះ។ 3 អេលីហ៊ូវខឹងនឹងសម្លាញ់របស់លោកយ៉ូបទាំងបីនាក់នោះដែរ ព្រោះគេរកឆ្លើយតបមិនបាន ទោះជាគេពោលថាលោកយ៉ូបមានកំហុសក៏ដោយ។ 4 ឯអេលីហ៊ូវ គាត់បានរង់ចាំឱកាសនិយាយជាមួយយ៉ូប ព្រោះគេសុទ្ធតែចាស់ៗជាងខ្លួន។ 5 ដូច្នេះ អេលីហ៊ូវឃើញថា អ្នកទាំងបីនោះរកឆ្លើយមិនបាន នោះគាត់ក៏មានកំហឹង។ 6 អេលីហ៊ូវ ជាកូនបារ៉ាគាល សាសន៍ប៊ូស គាត់ឆ្លើយឡើងថា៖ «ខ្ញុំនៅក្មេង ហើយអ្នករាល់គ្នាមានអាយុច្រើន ហេតុនោះបានជាខ្ញុំខ្លាច មិនហ៊ានបញ្ចេញគំនិតខ្ញុំ 7 ខ្ញុំបាននឹកថា គប្បីឲ្យចាស់ៗនិយាយ ហើយគួរឲ្យអ្នកដែលមានអាយុច្រើន បង្រៀនពីប្រាជ្ញា 8 ប៉ុន្តែ មនុស្សលោកសុទ្ធតែមាន វិញ្ញាណសណ្ឋិតនៅ ហើយខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ព្រះចេស្តា ក៏ឲ្យមានយោបល់ 9 មិនមែនមនុស្សចាស់ៗ សុទ្ធតែមានប្រាជ្ញា ឬមនុស្សអាយុច្រើនសុទ្ធតែយល់ សេចក្ដីដែលត្រឹមត្រូវនោះឡើយ 10 ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។ 11 មើល៍ ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មាន របស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរក សេចក្ដីដែលត្រូវនិយាយ 12 ខ្ញុំបានប្រុងស្តាប់អ្នករាល់គ្នាឲ្យយល់ដែរ តែគ្មានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បានអធិប្បាយផ្ចាញ់យ៉ូប ឬឆ្លើយតបនឹងសម្ដីលោកសោះ។ 13 ប៉ុន្តែ កុំឲ្យថាយើងបានរកប្រាជ្ញាឃើញ ហើយនោះឡើយ ដ្បិតព្រះនឹងឈ្នះលោកបាន ឯមនុស្សឈ្នះមិនបានទេ 14 លោកមិនបានពោលពាក្យមកចំលើខ្ញុំទេ ហើយខ្ញុំក៏មិនឆ្លើយតបតាមពាក្យ របស់អ្នករាល់គ្នាដែរ 15 ដូច្នេះ អ្នកទាំងបីនោះក៏គាំងនៅ ឥតមានឆ្លើយទៀតឡើយ គេរកផ្លូវនឹងនិយាយមិនបានផង។ 16 តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី? 17 ទេ ចំណែកខ្ញុំ ខ្ញុំចង់ឆ្លើយដែរ ខ្ញុំនឹងបញ្ចេញគំនិតរបស់ខ្ញុំ។ 18 ដ្បិតខ្ញុំមានសេចក្ដីជាច្រើន ឯវិញ្ញាណដែលសណ្ឋិតនៅនឹងខ្ញុំ ក៏បណ្ដាលខ្ញុំ។ 19 ចិត្តខ្ញុំប្រៀបដូចជាស្រាទំពាំងបាយជូរ ដែលឥតមានផ្លូវឲ្យខ្យល់ចេញ ដូចជាថង់ស្បែកថ្មីដែលរៀបនឹងធ្លាយហើយ។ 20 ខ្ញុំនឹងនិយាយចេញ ដើម្បីឲ្យបានធូរចិត្ត ខ្ញុំនឹងបើកបបូរមាត់ឆ្លើយតប 21 សូមកុំឲ្យខ្ញុំយល់ដល់មុខអ្នកណា ឬលើកមុខអ្នកណាដោយពាក្យបញ្ចើចឡើយ។ 22 ដ្បិតខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើយ៉ាងនោះ ព្រះដែលបង្កើតខ្ញុំ ព្រះអង្គនឹងដកយកខ្ញុំចេញទៅភ្លាម។ |
© 2016 United Bible Societies
Bible Society in Cambodia