ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 19

ចម្លើយ​របស់​លោក​យ៉ូប៖ ខ្ញុំ​ដឹង​ថា​ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​នៅ

1 ពេល​នោះ លោក​យ៉ូប​ឆ្លើយ​ថា៖

2 «តើ​អ្នក​រាល់​គ្នា​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​ខ្ញុំ ហើយ​ជាន់​ឈ្លី‌ខ្ញុំ​ដោយ​ពាក្យ​សម្ដី ដល់​កាល​ណា​ទៀត?

3 មាន​ដប់​ដង​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ តើ​អ្នក​រាល់​គ្នា​មិន​ខ្មាស​ទេឬ ដែល​ធ្វើ​បាប​ខ្ញុំ?

4 ប្រសិន‌បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន កំហុស​នោះ​នៅ​ជាប់​តែ​ខ្លួន​ខ្ញុំ​ទេ។

5 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់តម្កើង​ខ្លួន ដោយ​ធ្វើ​ទាស់​នឹង​ខ្ញុំ ហើយ​ជជែក​យក​ខុស​ត្រូវ ពី​សេចក្ដី​អាម៉ាស់​ខ្មាស​របស់​ខ្ញុំ

6 ត្រូវ​ដឹង​ថា គឺ​ព្រះ​ដែល​បាន​ផ្តួល​ខ្ញុំ ហើយ​បាន​ព័ទ្ធ​ខ្ញុំ​ជុំ‌វិញ​ដោយ​មង​របស់​ព្រះ‌អង្គ។

7 ទោះ​បើ​ពេល​ដែល​ខ្ញុំ​ស្រែក​ថា "គេ​ធ្វើ​បាប​ខ្ញុំ​ហើយ" គ្មាន​អ្នកឆ្លើយ​សោះ ខ្ញុំ​ស្រែក​យ៉ាង​ខ្លាំង តែ​គ្មាន​អ្នក​រក​យុត្តិ‌ធម៌ឲ្យ​ខ្ញុំ​ឡើយ។

8 ព្រះ‌អង្គ​បាន​ធ្វើ​របង​រាំង​ផ្លូវ​ខ្ញុំ មិន​ឲ្យ​ទៅ​ណា​បាន ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​ច្រក​របស់​ខ្ញុំ​ប្រែជា​ងងឹត។

9 ព្រះ‌អង្គ​បាន​ដោះ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ចេញ ព្រម​ទាំង​ចាប់​យក​មកុដ​ចេញ​ពី​ក្បាល​ខ្ញុំ​ផង។

10 ព្រះ‌អង្គ​បាន​បំផ្លាញ​ខ្ញុំ​គ្រប់​ទិស ហើយ​ខ្ញុំ​កំពុង​តែ​វិនាស​ទៅ ឯ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ព្រះ‌អង្គ​បាន​រំលើង ដូច​ជា​ដើម​ឈើ

11 ព្រះ‌អង្គ​បាន​បង្កាត់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ​ទាស់​នឹង​ខ្ញុំ ក៏​រាប់​ខ្ញុំ ទុក​ដូច​ជា​សត្រូវ​នឹង​ព្រះ‌អង្គ។

12 ពល​ទ័ព​របស់​ព្រះ‌អង្គ​ចូល​មក​ព្រមៗ​គ្នា ហើយ​លើក​ផ្លូវ​ឡើង​មក​ទាស់​នឹង​ខ្ញុំ ក៏​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​ទី​លំនៅ​របស់​ខ្ញុំ​ដែរ។

13 ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។

14 ញាតិ​សន្តាន​ខ្ញុំ​បាន​ទុក​ខ្ញុំ​ចោល ហើយ​មិត្ត​សម្លាញ់​ដែល​ជិត‌ស្និទ្ធ ក៏​ភ្លេច​ខ្ញុំ​អស់​ហើយ

15 ភ្ញៀវ​នៅ​ក្នុង​ផ្ទះ​ខ្ញុំបានភ្លេច​ខ្ញុំហើយ ពួក​ស្រីបម្រើ​ក៏​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ ខ្ញុំ​ដូច​ជា​អ្នក​ដែល​គេ​មិន​ធ្លាប់​ស្គាល់។

16 ខ្ញុំ​ហៅ​អ្នក​បម្រើ​ខ្ញុំ តែ​វា​មិន​ឆ្លើយ​សោះ ទោះ​បើ​ខ្ញុំ​សូម​អង្វរ​យ៉ាង​ណា​ក៏​ដោយ។

17 ខ្យល់​មាត់​របស់​ខ្ញុំ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ប្រពន្ធ​ខ្ញុំ ហើយ​សេចក្ដី​អង្វរ​របស់​ខ្ញុំ​ជា​ទី​ខ្ពើម​ដល់​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ​ដែរ។

18 ទោះ​ទាំង​កូន​ក្មេង​ក៏​មើល‌ងាយ​ដល់​ខ្ញុំ បើ​កាល​ណា​ខ្ញុំ​ក្រោក​ឡើង នោះ​វា​និយាយ​បង្កាច់​ខ្ញុំ។

19 ពួក​មិត្ត​សម្លាញ់​ជិត‌ស្និទ្ធ​ក៏​ខ្ពើម​ឆ្អើម​ខ្ញុំ ហើយ​ទាំង​ពួក​អ្នក​ដែល​ខ្ញុំ​បាន​ស្រឡាញ់​ថ្នម ក៏​ប្រែ​ជា​ទាស់​នឹង​ខ្ញុំ​វិញ។

20 ខ្ញុំ​នៅ​តែ​ស្បែក និង​ឆ្អឹង ហើយ​បាន​រស់ ដោយ​សារ​តែ​ស្បែក និង​ធ្មេញ​ប៉ុណ្ណោះ។

21 ឱ​អ្នក​រាល់​គ្នា ជា​សម្លាញ់​ខ្ញុំ​អើយ សូម​អាណិត​ខ្ញុំ សូម​អាណិត​ខ្ញុំ​ផង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​បាន​ពាល់​ខ្ញុំ​ហើយ

22 ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ដេញ​តាម​ខ្ញុំ​ដូច​ជា​ព្រះ​ដែរ ហើយ​មិន​ទាន់​ឆ្អែត​នឹង​សាច់​ខ្ញុំ​ទៀត?

23 ឱ​ប្រសិន‌បើ​ពាក្យ​ខ្ញុំ​បាន​សរសេរ​ចុះ ឱ​បើ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទៅ​អេះ

24 គឺ​បាន​ឆ្លាក់​នៅ​នឹង​ថ្ម​ដោយ​ដែក​ឆ្លាក់ ហើយ​នឹង​សំណ​ទុក​ជា​រៀង​រាប​ត​ទៅ

25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា ព្រះ​ដែល​លោះ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយនៅ​ទី​បំផុត ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី

26 ហើយ​ក្រោយ​ពី​សម្បក​កាយ​ខ្ញុំ​រលាយ​ទៅ នោះ​សាច់​ឈាម​ខ្ញុំ​នឹង​ឃើញ​ព្រះ

27 ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្ញុំ​នឹង​ឃើញ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

28 ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា "ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា" ហើយ​ឃើញ​ថា ដើម​ហេតុ​នោះ​គឺ​មក​ពី​ខ្ញុំ

29 យ៉ាង​នោះ​ត្រូវ​ខ្លាច​ចំពោះ​ដាវ​ហើយ ដ្បិត​សេចក្ដី​ក្តៅ​ក្រហាយ នឹង​នាំ​ឲ្យ​មាន​ទោស​ដោយ​ដាវ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា មាន​សេចក្ដី​យុត្តិ‌ធម៌​ដែរ»។

© 2016 United Bible Societies

Bible Society in Cambodia