ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យ៉ូប 14

1 មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា‌និច្ច

2 គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

3 តើ​ព្រះ‌អង្គ​បើក​ព្រះ‌នេត្រ​ទត​មក​លើ​មនុស្ស បែប​យ៉ាង​ទូល‌បង្គំ​នេះ និង​កោះ​នាំ​ទូល‌បង្គំ​ទៅ​ជា​គូ​ក្តី​នឹង​ព្រះ‌អង្គ​ឬ?

4 តើ​អ្នក​ណា​អាច​នឹង​ដក​យក​របស់​ស្អាត ចេញ​ពី​របស់​ស្មោក‌គ្រោក​បាន? គ្មាន​អ្នក​ណា​ធ្វើ​បាន​ឡើយ។

5 បើ​ថ្ងៃ​អាយុ​របស់​មនុស្ស​នោះ​បាន​កំណត់​ស្រេច ហើយ​ចំនួន​ខែ​នៃ​ជីវិត​របស់​គេ បាន​កត់​នៅ​នឹង​ព្រះ‌អង្គ បើ​ព្រះ‌អង្គ​បាន​តម្រូវ​ព្រំ​ខណ្ខ​របស់​គេ មិន​ឲ្យ​គេ​រំលង​ហួស​ឡើយ

6 សូម​បែរ​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ​ទៅ ដើម្បី​ឲ្យ​គេ​បាន​រីក​រាយ​នឹង​ថ្ងៃ​របស់​ខ្លួន ដូច​ជាកូន​ឈ្នួល​ផង។

7 ដ្បិត​បើ​ដើម​ឈើ​ត្រូវ​កាប់​រំលំ​ទៅ នោះ​មាន​សង្ឃឹម​ថា​នឹង​ពន្លក​ឡើង​ទៀត ហើយ​ថា​នឹង​មិន​ខាន​មាន​មែក​ខ្ចី​ទៀត​ឡើយ។

8 ហើយ​ទោះ​បើ​ឫស​ក្រៀម​ទៅ ហើយ​គល់​ងាប់​នៅ​ក្នុង​ដី

9 គង់​តែ​នឹង​ប៉ិច​ឡើង ដោយ​ធុំ​ក្លិន​ទឹក ព្រម​ទាំង​បែក​មែក​ដូច​ជា​ដើម​ថ្មី​វិញ។

10 ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក​រលួយ​ទៅ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ តើ​គេ​នៅ​ឯ​ណា?

11 ដូច​ជា​ទឹក​បឹង​ដែល​ស្រក ហើយ​ទឹក​ទន្លេ​ក៏​ហូរ​ទៅ ហើយ​រីង​ស្ងួត​យ៉ាង​ណា

12 មនុស្ស​ក៏​ដេក ហើយមិន​ក្រោក​ឡើង​យ៉ាង​នោះ​ដែរ រហូត​ដល់​ផ្ទៃ​មេឃ​សូន្យ​បាត់​ទៅ គេ​ដេក​លក់​មិន​ភ្ញាក់ឡើង​វិញឡើយ។

13 ឱ​បើ​ព្រះ‌អង្គ​លាក់​ទូល‌បង្គំ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទុក​ទូល‌បង្គំ​នៅ​ទី​ស្ងាត់​កំបាំង​ដរាប​ដល់ សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​កន្លង​បាត់​ទៅ ហើយ​តម្រូវ​ឲ្យ​មាន​ពេល​កំណត់​ដល់​ទូល‌បង្គំ ហើយ​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង។

14 បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត រស់​ឡើង​វិញ​ម្ដង​ទៀត​ឬ? បើ​មាន ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ បាន​រអិល​ចេញ​ទៅ។

15 ព្រះ‌អង្គ​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ព្រះ‌អង្គ​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ ដល់​ស្នា​ដៃ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

16 ដ្បិត​យ៉ាង​នោះ ព្រះ‌អង្គ​នឹង​មិន​រាប់ អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំ​ទេ ហើយ​ក៏​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប របស់​ទូល‌បង្គំ​ដែរ។

17 អំពើ​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ព្រះ‌អង្គ​បិទ​ភ្ជាប់​អំពើ​អាក្រក់ របស់​ទូល‌បង្គំ​ផង។

18 ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ

19 ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចម្រោះ​ដី គឺ​យ៉ាង​នោះ​ដែល​ព្រះ‌អង្គ​បំផ្លាញ សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទៅ

20 ព្រះ‌អង្គ​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ព្រះ‌អង្គ​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កម្ចាត់​គេ​ទៅ។

21 កូន​ចៅ​របស់​គេ​មាន​កិត្តិ‌យស តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សម្គាល់​ដឹង​អ្វី​សោះ។

22 គេ​ដឹង​តែឈឺចាប់លើ​ខ្លួន​គេ ហើយ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​តែ​ក្នុង​ចិត្ត​ខ្លួន​ឯង»។

© 2016 United Bible Societies

Bible Society in Cambodia