ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យេរេមា 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យេរេមា 6

ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡិម

1 ឱ​ពួក​កូន​ចៅ​បេនយ៉ាមីន​អើយ ចូរ​រត់​ទៅ ចូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​ត្កូអា ត្រូវ​ដុត​ភ្លើង​ទុក​ជា​ទី​សម្គាល់ នៅ​ត្រង់​បេត-ហាកេរែម​ដែរ ពី​ព្រោះ​មាន​សេចក្ដី​អាក្រក់​បាន​ចេញ​ពី​ទិស​ខាង​ជើង ព្រម​ទាំង​ការ​បំផ្លាញ​យ៉ាង​ធំ។

2 ឯ​កូន​ស្រី​ស៊ីយ៉ូន​ដ៏​ល្អ​រុងរឿង​នោះ យើង​នឹង​បំផ្លាញ​ចោល។

3 ពួក​គង្វាល​នឹង​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​ក្រុង​នោះ គេ​នឹង​បោះ​ជំរំ​នៅ​ជុំ‌វិញ គេ​នឹង​ឃ្វាល​ហ្វូង​ចៀម​របស់​គេ តាម​កន្លែង​រៀងៗ​ខ្លួន។

4 ចូរ​ចាត់​ចែង​ច្បាំង​នឹង​ទី​ក្រុង​នេះ​ចុះ ចូរ​រៀបចំ យើង​នឹង​ឡើង​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់ វរ​ហើយ​យើង ពី​ព្រោះ​ថ្ងៃ​ជ្រេ​ហើយ ស្រមោល​ល្ងាច​ក៏​កាន់​តែ​វែង​ទៅ។

5 ចូរ​ក្រោក​ឡើង យើង​នឹង​ឡើង​ទៅ​ទាំង​យប់ យើង​នឹង​បំផ្លាញ​អស់​ទាំង​ដំណាក់​របស់​គេ

6 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​កាប់​ដើម​ឈើ ហើយ​ជីក​ស្នាម​ភ្លោះ ទាស់​នឹង​ក្រុង​យេរូ‌សាឡិម​ទៅ នេះ​ហើយ​ជា​ទី​ក្រុង​ដែល​ត្រូវ​ទោស ដ្បិត​នៅ​កណ្ដាល​នោះ មាន​សុទ្ធ​តែ​ការ​សង្កត់‌សង្កិន។

7 អណ្តូង​ផុស​ទឹក​ចេញ​មក​ជា​យ៉ាង​ណា ទី​ក្រុង​នេះ​ក៏​ផុស​ចេញ​ជា​អំពើ​អាក្រក់​យ៉ាង​នោះ​ដែរ មាន​ឮ​សុទ្ធ​តែ​ការ​ច្រឡោត និង​ការ​បំផ្លាញ ឃើញ​មាន​តែ​ជំងឺ​ឈឺ និង​របួស​នៅ​មុខ​យើង​ជា‌និច្ច។

8 ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។

9 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​អ្នក​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ។

10 តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក ទេ គេ​ស្តាប់​មិន​ឮ មើល៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ។

11 ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើកូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំលោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់​ជរា​ផង។

12 ផ្ទះ​គេ​នឹង​ក្លាយ​ជា​របស់​អ្នក​ដទៃ ព្រម​ទាំង​ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​យើង​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

13 ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។

14 គេ​បាន​មើល​របួស​របស់​ប្រជា‌រាស្ត្រ​យើង ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ។

15 កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។

17 យើង​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​អ្នក​រាល់​គ្នា ឲ្យ​ប្រាប់​ថា៖ ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា៖ យើង​មិន​ព្រម​ស្តាប់​ទេ។

18 ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​សាសន៍ ហើយ​ក្រុម​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​គេ។

19 ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន​ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​យើង​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​យើង នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ។

20 តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន មក​ពី​ស្រុក​សេបា និង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឲ្យ​យើង​ដូច្នេះ? យើង​មិន​ទទួល​តង្វាយ​ដុត​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​អ្នក ក៏​មិន​គាប់​ចិត្ត​ដល់​យើង​ដែរ។

21 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។

22 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ជន​ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​មួយ​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កម្រើក​ឡើង។

23 គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា​ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​តម្រៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​អ្នក​ហើយ។

24 យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។

25 កុំ​ចេញ​ទៅ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំ‌វិញ​ហើយ។

26 ឱ​កូន​ស្រី​នៃ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​មួយ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ព្រោះ​មេ​បំផ្លាញ​នឹង​មក​លើ​យើង​រាល់​គ្នា​ភ្លាម។

27 យើង​បាន​តាំង​អ្នក​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ។

28 គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ គេ​ដើរ​ទៅ​មក ទាំង​មួល​បង្កាច់​មនុស្ស គេ​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា។

29 ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។

30 មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​គេ​ហើយ។

© 2016 United Bible Societies

Bible Society in Cambodia