មេដឹកនាំ និងហោរាអាក្រក់1 ខ្ញុំក៏និយាយទៀតថា៖ ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ? 2 អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ 3 អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។ 4 នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។ 5 ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា ដែលនាំឲ្យជនជាតិវង្វេង ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ ក្នុងកាលដែលមានអ្វីទំពារស៊ី តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា ដែលមិនដាក់អ្វីក្នុងមាត់គេ។ 6 ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា ឯងនឹងមិនឃើញនិមិត្តណាទៀត ហើយមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា ដើម្បីមិនឲ្យឯងថ្លែងទំនាយឡើយ ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ។ 7 ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។ 8 តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្តា ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា ព្រមទាំងសេចក្ដីយុត្តិធម៌ និងអំណាច ដើម្បីនឹងថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។ 9 ឱពួកប្រមុខនៃវង្សយ៉ាកុប និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌ ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួល ចូរស្តាប់សេចក្ដីនេះចុះ 10 ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម ហើយក្រុងយេរូសាឡិមដោយសេចក្ដីទុច្ចរិត។ 11 ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់ ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់ ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា "ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។ 12 ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ ដោយព្រោះឯងរាល់គ្នា ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia