លោកនេហេមាធ្វើដំណើរទៅទីក្រុងយេរូសាឡិម1 នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។ 2 ដូច្នេះ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ «អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។ 3 ខ្ញុំទូលស្តេចថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀមក្រំម្ដេចបាន បើទីក្រុងជាកន្លែងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅតែបាក់បែក ហើយទ្វារក្រុងក៏ត្រូវភ្លើងឆេះអស់ទៅហើយដូច្នេះ?» 4 ពេលនោះ ស្ដេចមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វី?» ដូច្នេះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានសួគ៌។ 5 រួចខ្ញុំទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ នោះសូមព្រះករុណាចាត់ទូលបង្គំឲ្យទៅស្រុកយូដា គឺទៅទីក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ ដើម្បីឲ្យទូលបង្គំបានសង់ទីក្រុងនោះឡើងវិញផង»។ 6 ស្ដេចមានរាជឱង្ការមកខ្ញុំ ទាំងមានអគ្គមហេសីគង់នៅក្បែរផងថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មាន ហើយពេលណាទើបលោកត្រឡប់មកវិញ?» ដូច្នេះ កាលខ្ញុំបានកំណត់ពេលថ្វាយស្ដេចរួចហើយ ស្ដេចក៏សព្វព្រះហឫទ័យចាត់ខ្ញុំឲ្យទៅ។ 7 មួយទៀត ខ្ញុំបានទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំ យកទៅជូនអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ដើម្បីឲ្យលោកទាំងនោះអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរឆ្លងកាត់ រហូតដល់ស្រុកយូដា 8 និងរាជសារមួយច្បាប់ជូនលោកអេសាភ ជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យលោកផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ។ 9 បន្ទាប់មក ខ្ញុំបានទៅជួបអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយជូនរាជសាររបស់ស្ដេចដល់ពួកលោក។ គ្រានោះ ស្ដេចបានចាត់ពួកមេទ័ព និងពលសេះ ឲ្យទៅជាមួយខ្ញុំដែរ។ 10 ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន បានឮដំណឹងនេះ ពួកគេមិនសប្បាយចិត្តសោះ ព្រោះមានមនុស្សម្នាក់មករកផលប្រយោជន៍ឲ្យពួកកូនចៅអ៊ីស្រាអែល។ លោកនេហេមាពិនិត្យមើលកំផែងក្រុង11 ដូច្នេះ ខ្ញុំបានមកដល់ក្រុងយេរូសាឡិម ហើយនៅទីនោះរយៈពេលបីថ្ងៃ។ 12 បន្ទាប់មក ខ្ញុំក្រោកឡើងនៅពេលយប់ ហើយមានអ្នកខ្លះនៅជាមួយខ្ញុំ តែខ្ញុំមិនបានប្រាប់អ្នកណាម្នាក់ឲ្យដឹងពីអ្វីដែលព្រះនៃខ្ញុំ បានដាក់ក្នុងចិត្តខ្ញុំឲ្យធ្វើសម្រាប់ក្រុងយេរូសាឡិមឡើយ។ គ្មានសត្វណានៅជាមួយខ្ញុំឡើយ មានតែសត្វមួយដែលខ្ញុំជិះប៉ុណ្ណោះ។ 13 ខ្ញុំបានចេញទៅទាំងយប់ តាមទ្វារជ្រលងភ្នំ តម្រង់ទៅអណ្តូងនាគ និងទ្វារសំរាម រួចខ្ញុំបានពិនិត្យមើលកំផែងក្រុងយេរូសាឡិមដែលបាក់បែក និងទ្វារក្រុងដែលត្រូវភ្លើងឆេះ។ 14 បន្ទាប់មក ខ្ញុំបន្តដំណើរទៅដល់ទ្វារក្បាលទឹក និងស្រះហ្លួង តែគ្មានផ្លូវឲ្យសត្វដែលខ្ញុំជិះដើរទៅបានឡើយ។ 15 ដូច្នេះ ខ្ញុំក៏ឡើងទៅតាមជ្រោះទាំងយប់ ហើយពិនិត្យមើលកំផែង រួចខ្ញុំត្រឡប់ក្រោយ ចូលតាមទ្វារជ្រលងភ្នំ ហើយក៏វិលមកវិញ។ 16 ឯពួកអ្នកគ្រប់គ្រងទីក្រុងពុំបានដឹងថាខ្ញុំទៅណា ឬបានធ្វើអ្វីទេ ខ្ញុំមិនបានប្រាប់ពួកយូដា ពួកសង្ឃ ឬពួកអភិជន ពួកអ្នកគ្រប់គ្រង ឬពួកអ្នកឯទៀត ដែលត្រូវបំពេញកិច្ចការនោះឡើយ។ ការសម្រេចចិត្តសង់កំផែងក្រុងយេរូសាឡិមឡើងវិញ17 បន្ទាប់មក ខ្ញុំនិយាយទៅពួកគេថា៖ «អ្នករាល់គ្នាឃើញសណ្ឋានអាក្រក់របស់ពួកយើងស្រាប់ហើយថា ក្រុងយេរូសាឡិមនៅតែបែកបាក់ ហើយទ្វារក្រុងត្រូវភ្លើងឆេះអស់។ ដូច្នេះ ចូរនាំគ្នាមក យើងសង់កំផែងក្រុងយេរូសាឡិមឡើងវិញ ដើម្បីកុំឲ្យមានគេត្មះតិះដៀលយើងទៀត»។ 18 រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ 19 ប៉ុន្ដែ កាលសានបាឡាត ជាអ្នកស្រុកហូរ៉ូណែម និងថូប៊ីយ៉ា ជាមន្ត្រីសាសន៍អាំម៉ូន ហើយកេសែម ជាសាសន៍អារ៉ាប់ បានឮដំណឹងនេះ គេនាំគ្នាសើចចំអក ហើយមើលងាយយើងថា៖ «តើអ្នករាល់គ្នាកំពុងធ្វើកិច្ចការស្អីហ្នឹង? តើអ្នករាល់គ្នាបះបោរប្រឆាំងនឹងស្តេចឬ?» 20 ខ្ញុំក៏ឆ្លើយទៅគេថា៖ «ព្រះនៃស្ថានសួគ៌នឹងជួយពួកយើងឲ្យចម្រុងចម្រើន ហើយពួកយើងជាអ្នកបម្រើព្រះអង្គ នឹងក្រោកឡើង ហើយនាំគ្នាសង់ តែអ្នករាល់គ្នាវិញ គ្មានចំណែក គ្មានសិទ្ធិ ឬគុណបំណាច់អ្វីនៅក្រុងយេរូសាឡិមឡើយ»។ |
© 2016 United Bible Societies
Bible Society in Cambodia