ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


និក្ខមនំ 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
និក្ខមនំ 23

ត្រូវ​យុត្តិ‌ធម៌​ក្នុង​គ្រប់​ការ​ទាំង​អស់

1 កុំ​ផ្សព្វ​ផ្សាយ​រឿង​ក្លែង‌ក្លាយ កុំ​ចូល​ដៃ​ជា‌មួយ​មនុស្ស​អាក្រក់ ដើម្បី​ធ្វើ​ជា​បន្ទាល់​ទុច្ចរិត​ឡើយ។

2 កុំ​ទៅ​តាម​មនុស្ស​ភាគ​ច្រើន​ដើម្បី​ប្រព្រឹត្ត​អាក្រក់​ឡើយ ក៏​កុំ​ធ្វើ​បន្ទាល់​ឲ្យ​រឿង​ក្តី​ខាង​មនុស្ស​ភាគ​ច្រើន ដើម្បី​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​សោះ

3 កុំ​យល់​មុខ​អ្នក​ណា​នៅ​ក្នុង​រឿង​ក្ដីឡើយ ទោះ​បី​អ្នក​នោះ​ជា​អ្នក​ក្រ​ក៏​ដោយ។

4 បើ​ប្រទះ​ឃើញ​គោ ឬ​លា​របស់​សត្រូវ​ដែល​វង្វេង នោះ​ត្រូវ​នាំ​វា​ទៅឲ្យ​ម្ចាស់​វា​វិញ។

5 បើ​ឃើញ​លា​របស់​ជន​ដែល​ស្អប់​អ្នក​ទន់​ជង្គង់​ដួល​ដោយ‌សារ​ផ្ទុក​ធ្ងន់ នោះ​ប្រហែល​ជា​អ្នក​ចង់​ធ្វើ​ព្រងើយ​មិន​ចង់​ជួយ តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ឡើយ គឺ​ត្រូវ​ជួយ​គេ​កុំ​ខាន។

6 កុំ​បង្វែរ​យុត្តិ‌ធម៌​ក្នុង​រឿង​ក្តី​របស់​អ្នក​ក្រ​ឡើយ។

7 ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។

8 កុំ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​តែង​ដឹក‌នាំ​មនុស្ស​ភ្លឺ​ឲ្យ​ទៅ​ជា​ខ្វាក់ ហើយ​ក៏​បង្ខូច​ពាក្យ​របស់​មនុស្ស​សុចរិត​ផង។

9 កុំ​សង្កត់‌សង្កិន​អ្នក​ប្រទេស​ក្រៅ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ស្គាល់​ចិត្ត​របស់​អ្នក​ប្រទេស​ក្រៅ​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​អ្នក​ប្រទេស​ក្រៅ នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

ឆ្នាំ​សប្ប័ទ និង​ថ្ងៃ​សប្ប័ទ

10 ក្នុង​រវាង​ប្រាំមួយ​ឆ្នាំ អ្នក​ត្រូវ​សាប‌ព្រោះ​លើ​ដី​របស់​អ្នក ហើយ​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​ចុះ

11 តែ​ដល់​ឆ្នាំ​ទី​ប្រាំពីរ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​បន្សល់​ផល​ដំណាំ​នៅ​ទី​នោះ​ចុះ ដើម្បី​ឲ្យ​មនុស្ស​ទ័ល‌ក្រ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក​បាន​បរិភោគ​ផង ហើយ​អ្វី​ដែល​នៅ​សេស​សល់ នោះ​សត្វ​នៅ​វាល​បាន​ស៊ី។ ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ចម្ការ​អូលីវ​របស់​អ្នក ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ។

12 ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។

13 ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។

បុណ្យ​ប្រចាំ​ឆ្នាំ

14 ក្នុង​មួយ​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​សម្រាប់​យើង​បី​ដង

15 ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។

16 ត្រូវ​ធ្វើ​បុណ្យ​ចម្រូត គឺ​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ច្រូត​កាត់​ផល​ដំបូង​ពី​ការ​នឿយ​ហត់​របស់​អ្នក ពី​ការ​ដែល​អ្នក​សាប‌ព្រោះ​នៅ​ស្រែ​ចម្ការ។ ចុង​ឆ្នាំ ត្រូវ​ធ្វើ​បុណ្យ​ប្រមូល​ផល គឺ​នៅ​ពេល​អ្នក​ប្រមូល​ផល​ពី​ការ​នឿយ​ហត់​របស់​អ្នក​ពី​ស្រែ​ចម្ការ​រួច​រាល់​អស់។

17 ក្នុង​មួយ​ឆ្នាំ ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​ចំនួន​បី​ដង។

18 មិន​ត្រូវ​យក​ឈាម​យញ្ញ‌បូជា​របស់​យើង​ថ្វាយ​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ក៏​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដែរ។

19 ឯ​ចំណែក​មុន​បង្អស់​នៃ​ផល​ដំបូង​ដែល​កើត​ពី​ដី​របស់​អ្នក ត្រូវ​យក​មក​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ​ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

ព្រះ‌បន្ទូល​សន្យា​អំ​ពី​ជ័យជម្នះ​នៅ​ស្រុក​កាណាន

20 មើល៍ យើង​ចាត់​ទេវតា​មួយ​រូប​ឲ្យ​នាំ​មុខ​អ្នក ដើម្បី​ការ​ពារ​អ្នក​តាម​ផ្លូវ និង​នាំ​អ្នក​ទៅ​ដល់​ទី​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក​ឲ្យ។

21 ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​បង្គាប់​តាម​លោក កុំ​ប្រឆាំង​នឹង​លោក​ឡើយ ដ្បិត​លោក​នឹង​មិន​អត់​ទោស​អំពើ​រំលង​របស់​អ្នក​រាល់​គ្នា​ទេ ព្រោះ​លោក​មាន​នាម​របស់​យើង។

22 ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្តាប់​បង្គាប់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​យើង​ប្រាប់​ទាំង​ប៉ុន្មាន នោះ​យើង​នឹង​ធ្វើ​ជា​សត្រូវ​ប្រឆាំង​នឹង​ពួក​សត្រូវ​របស់​អ្នក ហើយ​ជា​បច្ចា‌មិត្ត​ប្រឆាំង​នឹង​បច្ចា‌មិត្ត​របស់​អ្នក។

23 ដ្បិត​ទេវតា​របស់​យើង​នឹង​ទៅ​មុន​អ្នក ហើយ​នាំ​អ្នក​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ

24 អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។

25 អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

26 នៅ​ក្នុង​ស្រុក​របស់​អ្នក​នឹង​គ្មាន​ស្ត្រី​រលូត​កូន ឬ​ស្ត្រី​អារ​ឡើយ យើង​នឹង​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។

27 យើង​នឹង​ចាត់​សេចក្ដី​ស្ញែង‌ខ្លាច​របស់​យើង​ទៅ​មុន​អ្នក ហើយ​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​អស់​ដែល​អ្នក​ទៅ​ដល់ យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​រត់​បាក់​ទ័ព​នៅ​មុខ​អ្នក។

28 យើង​នឹង​ចាត់​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក ដែល​វា​នឹង​បណ្តេញ​សាសន៍​ហេវី សាសន៍​កាណាន និង​សាសន៍​ហេត ចេញ​ពី​មុខ​របស់​អ្នក។

29 យើង​នឹង​មិន​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​តែ​ម្តង​ទេ ក្រែង​ស្រុក​នោះ​នឹង​ត្រឡប់​ទៅ​ជា​ស្ងាត់ ហើយកើត​មាន​សត្វ​ព្រៃ​ច្រើន​ឡើង​ធ្វើ​បាប​ដល់​អ្នក។

30 យើង​នឹង​បណ្តេញ​គេ​ពី​មុខ​អ្នក​ទៅ​បន្តិច​ម្តងៗ រហូត​ទាល់​តែ​អ្នក​មាន​គ្នា​ច្រើន ល្មម​នឹង​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក​បាន។

31 យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ចាប់​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​ភីលី‌ស្ទីន ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​អ៊ើប្រាត ដ្បិត​យើង​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ត្រូវ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

32 មិន​ត្រូវ​តាំង​សញ្ញា​ជា‌មួយ​គេ ឬ​ជា‌មួយ​ព្រះ​របស់​គេ​ឡើយ។

33 មិន​ត្រូវ​ឲ្យ​គេ​រស់​នៅ​ក្នុង​ស្រុក​របស់​អ្នក​ឡើយ ក្រែង​គេ​នាំ​ឲ្យ​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង ដ្បិត​បើ​អ្នក​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ នោះ​អ្នក​នឹង​ធ្លាក់ទៅ​ក្នុង​អន្ទាក់​របស់​គេ​ជា​មិន​ខាន»។

© 2016 United Bible Societies

Bible Society in Cambodia