ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 78 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 78

ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ និង​អំពើ​អកតញ្ញូ​របស់​អ៊ីស្រា‌អែល
សេចក្ដី​បង្រៀន​របស់​អេសាភ។

1 ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ!

2 ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពី​ចាស់​បុរាណ

3 ជា​សេចក្ដី​ដែល​យើង​ធ្លាប់​បាន​ឮ និង​ធ្លាប់​បាន​ដឹង ជា​សេចក្ដី​ដែល​ដូនតា​យើង​បាន​ប្រាប់។

4 យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌យេហូវ៉ា អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

5 ៙ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​រៀង​ទៅ

6 ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅ របស់​គេ​តទៅ​ទៀត

7 សម្រាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​វិញ

8 ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។

9 ៙ ឯ​កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។

10 គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ​ទេ គឺ​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។

11 គេ​បាន​ភ្លេច​កិច្ច​ការ​របស់​ព្រះ‌អង្គ ភ្លេច​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។

12 ព្រះ‌អង្គ​បាន​ធ្វើ​ការ​ចម្លែក នៅ​នឹង​ភ្នែក​បុព្វ‌បុរស​របស់​គេ នៅ​ស្រុក​អេស៊ីព្ទ នៅ​វាល​សូអាន។

13 ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។

14 នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​ពពក ហើយ​រាល់​យប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។

15 ព្រះ‌អង្គ​បាន​បំបែក​ថ្ម​នៅ​ទី​រហោ‌ស្ថាន ហើយ​ប្រទាន​ឲ្យ​គេ​មាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ប្រភព​ទឹក​ផុស​ចេញ​មក។

16 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។

17 ៙ ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ ដោយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត នៅ​ទី​រហោ‌ស្ថាន។

18 គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។

19 គេ​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ថា «តើ​ព្រះ​អាច​ផ្គត់​ផ្គង់​អាហារ​ឲ្យ​យើង​បរិ‌ភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ?

20 ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»។

21 ហេតុនេះ កាល​ព្រះ‌យេហូវ៉ា​ឮ ព្រះ‌អង្គ​ក្រេវ​ក្រោធ​ជា​ខ្លាំង ក៏​មាន​ភ្លើង​ឆួល​ឡើង​ទាស់​នឹង​ពួក​យ៉ាកុប សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទាស់​នឹង​ពួក​អ៊ីស្រា‌អែល

22 ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។

23 ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ‌អង្គ​បាន​បង្គាប់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ព្រះ‌អង្គ​បាន​បើក​ទ្វារ​ស្ថាន‌សួគ៌

24 ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ ។

25 គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។

26 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។

27 ព្រះ​អង្គ​ទម្លាក់​សាច់​មក​លើ​គេ ដូច​ធូលី​ធ្លាក់​ពីលើ​មេឃ គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូចគ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។

28 ព្រះ‌អង្គ​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ ធ្លាក់​ចំ​កណ្ដាល​ជំរំ​របស់​គេ ជុំ‌វិញ​កន្លែង​ដែល​គេស្នាក់​នៅ។

29 ហើយ​គេ​ក៏​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ តាម​បំណង​ដែល​គេ​ចង់​បាន។

30 ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ

31 សេចក្ដី​ក្រោធ​របស់​ព្រះក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រមទាំង​បំបាក់​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ផង​ដែរ។

32 ៙ ទោះ​បើ​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល គេ​មិន​បាន​ជឿ​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ។

33 ដូច្នេះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គេ កន្លង​បាត់ទៅ បាន​ដូច​ជា​មួយ​ដង្ហើម ហើយ​ឆ្នាំ​របស់​គេ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។

34 កាល​ព្រះ‌អង្គ​ប្រហារ​ពួក‌គេ ទើប​គេ​ស្វែង​រក​ព្រះ‌អង្គ គេ​ប្រែ​ចិត្ត ហើយ​នាំគ្នា​ស្វែង​រក​ព្រះ យ៉ាង​អស់​ពី​ចិត្ត។

35 ពួកគេ​នឹក​ចាំ​ថា ព្រះ​ជា​ថ្ម​ដា​របស់​ពួក‌គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​របស់​គេ។

36 ក៏​ប៉ុន្ដែ គេ​បាន​លើក​បញ្ចើច​ព្រះ‌អង្គ ដោយ​មាត់​របស់​គេ អណ្ដាត​របស់​គេបាន​កុហក​ព្រះ‌អង្គ។

37 ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ដែរ។

38 រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ ព្រះ‌អង្គ​ទប់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។

39 ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។

40 ប៉ុន្មាន​ដង​ហើយ​ដែល​គេ​បះ‌បោរ​នឹង​ព្រះ‌អង្គ នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ នៅ​ទី​ហួត​ហែង!

41 គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។

42 គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ ឬ​ពី​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​គេ​ពី​ខ្មាំង​សត្រូវ

43 កាល​ព្រះ‌អង្គ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គ​នៅ​ស្រុក​អេស៊ីព្ទ និង​ការ​អស្ចារ្យ​នៅ​ទី​វាល​សូអាន​ឡើយ។

44 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែក​របស់​គេ​ទៅ​ជា​ឈាម ហើយ​គេ​មិន​អាច​ផឹក​ពី​ទឹក​នោះ​បាន​ឡើយ។

45 ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។

46 ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។

47 ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ របស់​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​របស់​គេ​ដោយ​សន្សើម​កក។

48 ព្រះ‌អង្គ​បាន​ប្រគល់​ហ្វូង​គោ​របស់​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ត្រូវ​រន្ទះ​បាញ់។

49 ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់ និង​សេចក្ដី​វេទនា រួម​ទាំង​ពល​ទេវតា​មក​បំផ្លាញ​គេទៀត​ផង។

50 ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។

51 ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​គេ។

52 ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​នាំប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។

53 ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុខ​សាន្ត មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​វិញ។

54 ព្រះ‌អង្គ​បាន​នាំ​គេ​ទៅ​កាន់​ទឹក​ដី​បរិសុទ្ធ របស់​ព្រះ‌អង្គ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អង្គ​បាន​ឈ្នះ។

55 ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។

56 ៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ

57 គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។

58 គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

59 កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។

60 ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរ ជា​រោង​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស

61 ហើយ​ប្រគល់​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ជា​ឈ្លើយ គឺ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ ។

62 ព្រះ‌អង្គ​បាន​ប្រគល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ទៅ​ឲ្យ​ដាវ ហើយ​ព្រះ‌អង្គ​ក្រោធ​នឹង​មត៌ក របស់​ព្រះ‌អង្គ។

63 ភ្លើង​បាន​ឆេះ​បំផ្លាញ​ពួក​កំលោះ​របស់​គេ ឯ​ស្ត្រី​ក្រមុំ​របស់​គេ គ្មាន​អ្នក​ណា​ដណ្តឹង​ឡើយ។

64 ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ឡើយ។

65 ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ។

66 ព្រះ‌អង្គ​វាយ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​អាម៉ាស់​អស់​កល្ប​ជានិច្ច។

67 ៙ ព្រះ‌អង្គ​មិន​រវី​រវល់​នឹង​រោង​ឧបោសថ របស់​ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអិម​ដែរ

68 តែ​ព្រះ‌អង្គ​បាន​រើស​កុល‌សម្ព័ន្ធ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ព្រះ‌អង្គ​ស្រឡាញ់។

69 ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។

70 ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​បាន​យក​លោក​ចេញ​ពី​ក្រោល​ចៀម

71 ព្រះ‌អង្គ​បាន​យក​លោក ចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មត៌ក​របស់​ព្រះ‌អង្គ។

72 លោក​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយ​ដៃ​ដ៏​ប៉ិន​ប្រសប់។

© 2016 United Bible Societies

Bible Society in Cambodia