ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 7

ការអធិស្ឋាន​សុំជំនួយប្រឆាំងនឹងពួកបៀតបៀន
បទ​ទំនួញ​របស់​ស្តេច​ដាវីឌ ដែល​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា អំពី​រឿងម្នាក់​ឈ្មោះ​គុស ជា​ពូជ‌ពង្ស​បេនយ៉ាមីន។

1 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​យក​ព្រះ‌អង្គ​ជា​ទី​ជ្រក​កោន សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ដេញ​តាម​ទូល‌បង្គំ​ផង

2 ក្រែង​គេ​ហែកព្រលឹង​ទូល‌បង្គំ ដូច​ជា​សិង្ហ ហើយ​ហែក​ឲ្យ​ខ្ទេច‌ខ្ទី គ្មាន​អ្នក​ណា​រំដោះ​បាន​ឡើយ។

3 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូល‌បង្គំ

4 ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ការ​អាក្រក់ ស្នង​នឹង​មិត្ត​សម្លាញ់​ទូល‌បង្គំ ឬ​បាន​រឹបអូស​យក​ទ្រព្យ​ពី​សត្រូវ របស់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ

5 នោះ​សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​តាម ព្រលឹង​ទូល‌បង្គំ ហើយ​ទាន់​ចុះ សូម​ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ទូល‌បង្គំ​នៅ​នឹង​ដី ហើយយក​កិត្តិ​យស​ទូល‌បង្គំ ទម្លាក់​ក្នុង​ធូលី​ដី​ចុះ។ -បង្អង់

6 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​ងើប​ឡើង ទាស់​នឹង​អំពើ​ឃោរ‌ឃៅ របស់​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំផង ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​តើន​ឡើង ព្រះ‌អង្គ​បាន​តែង​តាំង​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ។

7 សូម​ឲ្យ​ក្រុម​ជំនុំ​នៃ​សាសន៍​ទាំង‌ឡាយ មកជួប​ជុំ​គ្នានៅ​ជុំ‌វិញ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​គ្រប់‌គ្រង​គេ​ពី​លើ​ទី​ខ្ពស់។

8 ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។

9 ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!

10 ខែល​របស់​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ ដែល​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់។

11 ព្រះ‌អង្គ​ជា​ចៅ‌ក្រម​សុចរិត ហើយ​ជា​ព្រះ​ដែល​ខ្ញាល់ នឹង​មនុស្ស​ទុច្ចរិត​រាល់​ថ្ងៃ។

12 បើ​អ្នក​ណា​មិន​ប្រែ​ចិត្ត ព្រះ‌អង្គ​នឹង​សំលៀង​ដាវ ព្រះ‌អង្គ​យឹត​ដំឡើង​ធ្នូ​ជា​ស្រេច

13 ព្រះ‌អង្គ​រៀបចំ​អាវុធ​ទុក​ប្រហារ​គេ​រួច​ហើយ ព្រម​ទាំង​ធ្វើ​ព្រួញ​ភ្លើង​ទុក​សម្រាប់​បាញ់​ផង។

14 មើល៍! គេ​ឈឺ​នឹង​សម្រាល​អំពើ​ទុច្ចរិត​របស់​គេ ក៏​មាន​ផ្ទៃ​ពោះ​ជា​សេចក្ដី​អាក្រក់ ហើយ​សម្រាល​ចេញ​ជា​សេចក្ដី​ភូតភរ។

15 គេ​បាន​ជីក​ធ្វើ​រណ្តៅ ហើយ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ដែល​គេ​ធ្វើ​នោះ

16 អំពើ​អាក្រក់​របស់​គេ នឹង​ត្រឡប់​មក​លើ​ក្បាល​គេ​វិញ ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ ក៏​នឹង​ធ្លាក់​មក​លើ​ក្រយៅ​ក្បាល​គេ​វិញ​ដែរ។

17 ខ្ញុំ​នឹងអរ​ព្រះ​គុណ​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​សុចរិត ហើយ​ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌នាម ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។

© 2016 United Bible Societies

Bible Society in Cambodia