ទំនុកតម្កើង 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦សេចក្ដីអធិស្ឋានសូមការប្រោសឲ្យជាពីជំងឺ ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែប្រាំបី។ 1 ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ! 2 ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។ 3 ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត? 4 ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ 5 ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន? 6 ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។ 7 ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ 8 អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។ 9 ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទទួលពាក្យ ដែលខ្ញុំអធិស្ឋានហើយ។ 10 ខ្មាំងសត្រូវរបស់ខ្ញុំទាំងប៉ុន្មាន នឹងត្រូវអៀនខ្មាស ហើយភ័យរន្ធត់ជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាមមួយរំពេច។ |
© 2016 United Bible Societies
Bible Society in Cambodia