ពាក្យអធិស្ឋានសូមឲ្យព្រះជំនុំជម្រះទំនុករបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។ តាមបទ «សូមកុំបំផ្លាញ»។ 1 អ្នករាល់គ្នាជាព្រះអើយ តើអ្នករាល់គ្នាពិតជាសម្រេច សេចក្ដីដែលត្រឹមត្រូវឬទេ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យពួកកូនមនុស្ស ដោយទៀតត្រង់ឬទេ? 2 ទេ! ក្នុងចិត្តអ្នករាល់គ្នាបង្កើតរឿងអយុត្តិធម៌ ដៃអ្នករាល់គ្នាប្រព្រឹត្តអំពើឃោរឃៅ នៅលើផែនដី។ 3 មនុស្សអាក្រក់វង្វេងតាំងពីក្នុងផ្ទៃម្តាយ គេវង្វេងតាំងពីកំណើត ហើយពោលពាក្យភូតភរ។ 4 គេមានពិស ដូចជាពិសពស់វែក ដូចជាពស់វែកតម្លង់ដែលខ្ទប់ត្រចៀក 5 ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។ 6 ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ! 7 សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។ 8 សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។ 9 មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង សូមព្រះអង្គផាត់យកគេ ទាំងក្មេងទាំងចាស់ចេញទៅ! 10 មនុស្សសុចរិតនឹងត្រេកអរ ដោយឃើញសេចក្ដីសងសឹក គេនឹងលាងជើងក្នុងឈាមរបស់មនុស្សអាក្រក់។ 11 មនុស្សនឹងពោលថា ប្រាកដជាមានរង្វាន់ សម្រាប់មនុស្សសុចរិតមែន ប្រាកដជាមានព្រះមួយព្រះអង្គ ដែលជំនុំជម្រះនៅលើផែនដីមែន។ |
© 2016 United Bible Societies
Bible Society in Cambodia