ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 51 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 51

ពាក្យ​អធិស្ឋាន​សូម​ការ​លាង​សម្អាត និង​ការ​លើក​លែង​ទោស
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង នៅ​ពេល​ហោរា​ណាថាន់​បាន​មក​គាល់​ស្ដេច ក្រោយ​ពេល​ទ្រង់​បាន​ចូល​ទៅ​ឯ​នាង​បាត‌សេ‌បា។

1 ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។

2 សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង!

3 ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។

4 ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។

5 មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

6 មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​មនុស្ស ហើយ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា នៅ​ក្នុង​ចិត្តដែល​លាក់​កំបាំង។

7 សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។

8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។

9 សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។

10 ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។

11 សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។

12 សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។

13 នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ។

14 ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

15 ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។

16 ដ្បិតព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញ‌បូជា​ទេ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​ថ្វាយ​តង្វាយ​ដុត នោះ​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។

17 យញ្ញបូជា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ គឺ​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​មើល‌ងាយ​ចិត្ត​ខ្ទេច‌ខ្ទាំ និង​ចិត្តសោក​ស្ដាយ​ឡើយ។

18 ៙ សូម​ព្រះ‌អង្គ​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ​ផង

19 ពេល​នោះ ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញបូជា​ដែល​ថ្វាយ​ដោយ​វិញ្ញាណ​ត្រឹម​ត្រូវ ព្រម​ទាំង​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា របស់​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia