Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ការ​ជំនុំ​ជម្រះ​មក​លើ​មនុស្ស​ទុច្ចរិត
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង នៅ​គ្រា​ដែល​ដូអេក ជា​សាសន៍​អេដុម មក​ទូល​ស្តេច​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​អ័ហ៊ី‌ម៉ាឡេក។

1 ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ? ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

2 អណ្ដាត​អ្នក​បង្កើត​ជា​សេចក្ដីវិនាស អ្នកប្រសប់​ខាង​បោកបញ្ឆោត ប្រៀប​ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត។

3 អ្នក​ស្រឡាញ់​ការ​អាក្រក់ ជាង​ការ​ល្អ ហើយ​ចូល​ចិត្ត​ភូត‌ភរ ជាង​និយាយ​ការ​ពិត។ –បង្អង់

4 ៙ ឱ​អណ្ដាត​បោក​បញ្ឆោត​អើយ អ្នក​ស្រឡាញ់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស។

5 ប៉ុន្តែ ព្រះ​នឹង​បំផ្លាញ​អ្នក​រហូត​តទៅ ព្រះ‌អង្គ​នឹង​ចាប់​យក​អ្នក​ទៅ ហើយ​កន្ត្រាក់​អ្នក​ចេញ​ពី​ជំរំ ព្រះ‌អង្គ​នឹង​ដក​អ្នក​ចេញ​ពីទឹក​ដី របស់​មនុស្ស​រស់​នេះ។ –បង្អង់

6 ៙ មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​សើច​ចំអក​អ្នកប្រព្រឹត្ត​អំពើ​អាក្រក់​នោះ ដោយ​ពាក្យ​ថា

7 «មើល៍ នេះ​នែ៎​អ្នក​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដ៏​ស្ដុក​ស្ដម​របស់ខ្លួន ហើយ​ស្មាន​ថា​ខ្លួន​ខ្លាំង​ពូកែ ដោយ​អំពើ​អាក្រក់!»។

8 ឯ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី នៅ​ក្នុង​ដំណាក់​របស់​ព្រះ ខ្ញុំ​ទុក​ចិត្ត​នឹង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ​ជា​រៀង​រហូត​តទៅ។

9 ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជានិច្ច ដោយ​ព្រោះ​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស នៅ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម