ពាក្យសរសើរតម្កើងដល់ព្រះ ដែលព្រះអង្គមានព្រះហឫទ័យសប្បុរស និងឥទ្ធិឫទ្ធិ1 ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះនាមព្រះយេហូវ៉ា ឱពួកអ្នកបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរនាំគ្នាសរសើរតម្កើង 2 អ្នករាល់គ្នាដែលឈរនៅក្នុងដំណាក់ របស់ព្រះយេហូវ៉ា គឺនៅក្នុងទីព្រះលាននៃព្រះដំណាក់ របស់ព្រះនៃយើងអើយ 3 ចូរសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះយេហូវ៉ាល្អ ចូរច្រៀងថ្វាយព្រះនាមព្រះអង្គ ដ្បិតនេះជាទីដ៏សប្បាយរីករាយ! 4 ដ្បិតព្រះយេហូវ៉ា បានជ្រើសរើសយ៉ាកុប សម្រាប់ព្រះអង្គ គឺអ៊ីស្រាអែល ទុកជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ 5 ៙ ដ្បិតខ្ញុំដឹងថា ព្រះយេហូវ៉ាធំអស្ចារ្យ ហើយថា ព្រះអម្ចាស់របស់យើង ព្រះអង្គខ្ពស់លើសអស់ទាំងព្រះ។ 6 ព្រះយេហូវ៉ាធ្វើការអ្វី ដែលព្រះអង្គសព្វព្រះហឫទ័យ នៅលើមេឃ និងនៅផែនដី នៅក្នុងសមុទ្រ និងអស់ទាំងទីជម្រៅ។ 7 ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។ 8 ៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។ 9 ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។ 10 ព្រះអង្គបានប្រហារជាតិសាសន៍ជាច្រើន ហើយសម្លាប់ពួកស្តេចដ៏ខ្លាំងពូកែ 11 គឺស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងអុក ជាស្តេចស្រុកបាសាន ហើយអស់ទាំងនគរនៅស្រុកកាណាន 12 ព្រះអង្គបានប្រគល់ស្រុករបស់គេទុកជាមត៌ក គឺជាមត៌កដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ 13 ៙ ឱព្រះយេហូវ៉ាអើយ ព្រះនាមរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ព្រះកិត្តិនាមរបស់ព្រះអង្គ ក៏ស្ថិតស្ថេរជាអង្វែងតរៀងទៅ។ 14 ដ្បិតព្រះយេហូវ៉ានឹងវិនិច្ឆ័យ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ហើយមានព្រះហឫទ័យអាណិតអាសូរ ដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។ 15 ៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ 16 រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 17 មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ 18 អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។ 19 ៙ ឱពូជពង្សអ៊ីស្រាអែលអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! ឱពូជពង្សអើរ៉ុនអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! 20 ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! 21 សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ពីក្រុងស៊ីយ៉ូន គឺព្រះអង្គដែលគង់នៅក្រុងយេរូសាឡិម! ហាលេលូយ៉ា ! |
© 2016 United Bible Societies
Bible Society in Cambodia