ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 109 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 109

ពាក្យ​អធិស្ឋាន​សូម​យុត្តិ‌ធម៌ និងការ​សង​សឹក
ទំនុក​របស់​ព្រះបាទ​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ​ដែល​ទូល‌បង្គំ​សរសើរ​តម្កើង​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ!

2 ដ្បិត​មាត់​របស់​មនុស្ស​អាក្រក់ និង​មាត់​របស់​មនុស្ស​បោក​បញ្ឆោត បាន​ហា​ឡើង​ទាស់​នឹង​ទូល‌បង្គំ​ហើយ គេ​និយាយ​ទាស់​នឹង​ទូល‌បង្គំ ដោយ​អណ្ដាត​ភូត​ភរ។

3 គេ​បាន​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ជុំ‌វិញ ដោយ​ពាក្យ​សម្អប់ ក៏​តយុទ្ធ​នឹង​ទូល‌បង្គំ ដោយ​ឥត​ហេតុ។

4 គេ​ចោទ​ប្រកាន់​ទូល‌បង្គំ ស្នងនឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​អធិស្ឋាន​ជានិច្ច។

5 គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​ទូល‌បង្គំ ស្នង​នឹង​អំពើ​ល្អ ហើយ​មាន​សេចក្ដី​សម្អប់ ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ។

6 ៙ គេ​ពោល​ថា៖ «សូម​តាំង​មនុស្ស​អាក្រក់​ម្នាក់ ឲ្យ​ប្រឆាំង​ទាស់​នឹង​វា សូម​ឲ្យ​អ្នក​ចោទ​ប្រកាន់​ម្នាក់ ឈរ​នៅ​ខាង​ស្តាំ​វា។

7 កាល​ណា​វា​ត្រូវ​ជំនុំ‌ជម្រះ សូម​ឲ្យ​វា​ជាប់​មាន​ទោស សូម​ឲ្យ​ពាក្យ​អធិស្ឋាន​របស់​វា រាប់​ជា​អំពើ​បាប​វិញ។

8 សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​រួញ​ខ្លី សូម​ឲ្យមាន​ម្នាក់​ទៀត​យក​តំណែង​របស់​វា!

9 សូម​ឲ្យ​កូន​ចៅ​របស់​វា​កំព្រា​ឪពុក ហើយ​ឲ្យ​ប្រពន្ធ​របស់​វា​ក្លាយ​ជា​ស្រ្ដី​មេម៉ាយ!

10 សូម​ឲ្យ​កូន​ចៅ​របស់​វា​ក្លាយ​ជា​មនុស្ស អាវា‌សែ​ដើរ​សុំ​ទាន ហើយ​ស្វែង​រក​អាហារ ឆ្ងាយ​ពី​ទីលំនៅ​ដែល​រលំ​បាក់​បែក!

11 សូម​ឲ្យ​ម្ចាស់​បំណុល​រឹប​អូស​អ្វីៗ ទាំង​អស់​ដែល​វា​មាន សូម​ឲ្យ​អ្នក​ក្រៅ​មក​ប្លន់​យក​ផល នៃ​ការ​នឿយ​លំបាក​របស់​វា​ទៅ!

12 សូម​កុំ​ឲ្យ​មាន​អ្នក​ណា​អាណិត​មេត្តា​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​មាន​អ្នក​ណា​អាសូរ ដល់​កូន​កំព្រា​របស់​វា​ដែរ!

13 សូម​ឲ្យ​ពូជ‌ពង្ស​របស់​វា​ត្រូវ​កាត់​ចេញ សូម​លុប​បំបាត់​ឈ្មោះ​របស់​វា ចេញ​ពី​មនុស្ស​ជំនាន់​ក្រោយ។

14 សូម​ព្រះ‌យេហូវ៉ា​នឹក​ចាំពី អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​វា ហើយ​សូម​កុំ​លុប​អំពើ​បាប របស់​ម្តាយ​វា​ចេញ​ឡើយ!

15 សូម​ឲ្យ​សេចក្ដី​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌និច្ច ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​ផ្តាច់​គេ​ចេញ​ពី​ផែន​ដី កុំ​ឲ្យ​អ្នក​ណា​នឹក​នា​ដល់​គេ​ឡើយ!

16 ដ្បិត​វា​មិន​បាន​នឹក​ចាំ​នឹង​សម្ដែង សេចក្ដី​មេត្តា‌ករុណា​ទេ គឺ​បាន​ដេញ​តាម​សម្លាប់​មនុស្ស​ក្រី​ក្រ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រម​ទាំង​មនុស្ស​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំទៀត​ផង។

17 វា​ចូល​ចិត្ត​ជេរ​ប្រទេច សូម​ឲ្យ​បណ្ដាសា​ធ្លាក់​លើ​វាចុះ! វា​មិន​ចូល​ចិត្ត​នឹង​ការ​ឲ្យ​ពរ​ទេ សូម​ឲ្យ​ការ​ជូន​ពរ​ស្ថិត​នៅ​ឆ្ងាយ​ពី​វា!

18 វា​បាន​ប្រដាប់​ខ្លួន​ដោយ​ការ​ជេរ​ប្រទេច ដូច​ជា​ពាក់​អាវ សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ ចូល​ទៅ​ក្នុង​ខ្លួន​វា​ដូច​ជា​ទឹក ហើយ​ចូល​ទៅ​ក្នុង​ឆ្អឹង​វា​ដូច​ជា​ប្រេង!

19 សូម​ឲ្យ​ការ​ជេ​ប្រទេច​នោះ បាន​ដូច​ជា​សម្លៀក‌បំពាក់ ដែល​ហ៊ុម​ព័ទ្ធនៅ​ជុំ​វិញ​ខ្លួន​វា ហើយ​ដូច​ជា​ខ្សែ​ក្រវាត់ ដែល​រឹត​នៅ​ចង្កេះ​វា​ជា‌និច្ច»។

20 ៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ!

21 ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ទូល‌បង្គំ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ​ផង!

22 ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ក្រីក្រ ហើយ​ទុគ៌ត ឯ​ចិត្ត​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ក៏​មាន​របួស​ដែរ។

23 ទូល‌បង្គំ​ទៅ​បាត់ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច ទូល‌បង្គំ​ត្រូវ​គេ​រលាស់​ចេញ ដូច​ជា​រលាស់​កណ្តូប

24 ក្បាល​ជង្គង់​ទូល‌បង្គំ​ញ័រ ដោយ​សារ​តម​អាហារ ហើយ​រូបកាយ​ទូល‌បង្គំ​សល់​តែ​ស្បែក និង​ឆ្អឹង។

25 ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ‌ដៀល​ដល់​គេ កាល​ណា​គេ​ឃើញ​ទូល‌បង្គំ គេ​គ្រវី​ក្បាល។

26 ៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ជួយ​ទូល‌បង្គំ​ផង! សូម​សង្គ្រោះ​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

27 សូម​ឲ្យ​គេ​បាន​ដឹង​ថា នេះ​ជា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការ​នេះ!

28 ទុក​ឲ្យ​គេ​ជេរ​ប្រទេច​ចុះ តែ​ព្រះ‌អង្គ​វិញ​នឹង​ប្រទាន​ពរ! កាល​ណា​គេ​ងើប​ឡើង គេ​នឹង​ត្រូវ​ខ្មាស តែ​ឯ​អ្នក​បម្រើ​ព្រះ‌អង្គ​វិញ នឹង​អរ​សប្បាយ។

29 សូម​ឲ្យ​ពួក​អ្នក​ចោទ​ប្រកាន់​ទូល‌បង្គំ ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​អាប់‌យស សូម​ឲ្យ​គេ​ឃ្លុំ​ខ្លួន​ដោយ​សេចក្ដី​អាម៉ាស់ ដូច​ជា​ពាក់​អាវ!

30 មាត់​ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃ‌លែង ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​កណ្ដាល​បណ្ដា​ជន​ទាំង‌ឡាយ។

31 ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គេ។

© 2016 United Bible Societies

Bible Society in Cambodia