ពាក្យបណ្តាំរបស់ណាពីទត1 នេះជាពាក្យបណ្តាំចុងក្រោយបង្អស់ របស់ស្តេចទត។ នេះជាបន្ទូលរបស់អុលឡោះ ថ្លែងដោយស្តេចទត ជាកូនរបស់លោកអ៊ីសាយ ជាមនុស្សដែលអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតលើកតម្កើង ជាស្តេចដែលអុលឡោះជាម្ចាស់របស់ណាពីយ៉ាកកូប បានតែងតាំង ជាស្តេចដែល ប្រជាជនអ៊ីស្រអែលតែងតែច្រៀងសរសើរ។ 2 រសរបស់អុលឡោះតាអាឡាមានបន្ទូល តាមរយៈខ្ញុំ អុលឡោះដាក់បន្ទូលរបស់ទ្រង់នៅលើអណ្តាតខ្ញុំ។ 3 អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់ 4 ស្តេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។ 5 អុលឡោះក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះទ្រង់បានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលបានឡើយ។ មានតែទ្រង់ទេដែលប្រទានជ័យជំនះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។ 6 រីឯមនុស្សពាលវិញ ប្រៀបបាននឹងបន្លា ដែលគេបោះចោល គឺមិនដែលមាននរណាយកដៃពាល់ឡើយ។ 7 ជនដែលចង់ពាល់វា ត្រូវតែកាន់ទំពក់ដែក ឬដងលំពែង ហើយប្រមូលដុតនៅនឹងកន្លែងនោះទៅ។ ទាហានដ៏អង់អាចរបស់ណាពីទត8 នេះជាបញ្ជីរាយនាមទាហានដ៏អង់អាចរបស់ស្តេចទត: យ៉ូសែប-បាសេបែត ជាកូនរបស់លោកតាកម៉ូនី និងជាប្រមុខលើមេបញ្ជាការទាំងបីនាក់។ គឺលោកហើយដែលបានសម្លាប់ខ្មាំងអស់ប្រាំបីរយនាក់ក្នុងពេលតែមួយ។ 9 បន្ទាប់មក គឺលោកអេឡាសារ ជាកូនរបស់លោកដូដូ និងជាចៅរបស់លោកអហូអា។ លោកជានាយទាហានម្នាក់ ក្នុងចំណោមនាយទាហានដ៏អង់អាចទាំងបី ដែលនៅជាប់នឹងស្តេចទត ក្នុងគ្រាដែលជនជាតិភីលីស្ទីនលើកទ័ពមកច្បាំង ហើយកងទ័ពអ៊ីស្រអែលដកថយ។ 10 ពេលនោះ មានតែលោកអេឡាសារទេដែលនៅរឹងប៉ឹង និងសម្លាប់ពួកភីលីស្ទីនជាច្រើន រហូតទាល់តែរោយដៃ ហើយម្រាមដៃរបស់លោកក្តាប់ជាប់នឹងដងដាវ។ នៅថ្ងៃនោះ អុលឡោះតាអាឡាប្រោសប្រទានជ័យជំនះយ៉ាងធំធេងដល់ជនជាតិអ៊ីស្រអែល រីឯកងទ័ពវិលមករកគាត់វិញ គ្រាន់តែប្រមូលយកជយភ័ណ្ឌប៉ុណ្ណោះ។ 11 បន្ទាប់មកទៀត គឺលោកសាំម៉ា ជាកូនរបស់លោកអកេ ពីអំបូរហារ៉ាវី។ នៅគ្រាដែលកងទ័ពភីលីស្ទីនប្រមូលផ្តុំគ្នានៅភូមិលេហ៊ី ត្រង់ចម្ការមួយ ដែលមានពេញដោយសណ្តែក។ ទាហានអ៊ីស្រអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន។ 12 ប៉ុន្តែ លោកសាំម៉ាឈរនៅកណ្តាលចម្ការ ហើយវាយជនជាតិភីលីស្ទីន ដណ្តើមយកចម្ការនោះមកវិញ។ អុលឡោះតាអាឡាប្រោសប្រទានជ័យជំនះដ៏ធំធេង។ 13 ថ្ងៃមួយនៅរដូវចម្រូត នាយទាហានបីនាក់ក្នុងចំណោមនាយទាហានទាំងសាមសិបនាក់ នាំគ្នាចូលជួបស្តេចទតក្នុងល្អាងភ្នំអាឌូឡាម ព្រោះទាហានភីលីស្ទីនបានបោះទ័ព នៅជ្រលងភ្នំរេផែម។ 14 ពេលនោះ ស្តេចទតនៅក្នុងជំរកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។ 15 ស្តេចទតស្រេកទឹក គាត់ក៏សួរថា៖ «តើនរណាអាចដងទឹកពីអណ្តូងនៅមាត់ទ្វារភូមិបេថ្លេហិម មកឲ្យយើង?»។ 16 ពេលនោះ ទាហានដ៏អង់អាចទាំងបីនាក់នាំគ្នាសំរុកចូលទៅក្នុងទីតាំងទ័ពពួកភីលីស្ទីន ហើយដងទឹកពីអណ្តូង នៅមាត់ទ្វារភូមិបេថ្លេហិម យកមកជូនស្តេចទត។ ប៉ុន្តែ គាត់មិនព្រមពិសាទេ គាត់យកទឹកនោះទៅច្រួចលើដី ជូនអុលឡោះតាអាឡា។ 17 ទតមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាអើយ! ខ្ញុំគ្មានសិទ្ធិនឹងទទួលទានទឹកនេះទេ ដ្បិតទឹកនេះដូចជាឈាមរបស់ទាហានដែលបានប្រថុយជីវិត ដើម្បីទៅដងយកមក»។ ដូច្នេះ ទតមិនព្រមពិសាទឹកនោះទេ។ នេះហើយជាស្នាដៃ ដែលទាហានអង់អាចទាំងបីនាក់បានប្រព្រឹត្ត។ 18 លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាកូនរបស់អ្នកស្រីសេរូយ៉ា ជាប្រមុខនៃមេទ័ពទាំងបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងក្រុមមេទ័ពទាំងបី។ 19 ក្នុងចំណោមមេទ័ពទាំងបី គាត់ទទួលកិត្តិយសខ្លាំងជាងគេ គាត់ជាប្រមុខលើមេទ័ពទាំងបី តែគាត់ពុំរាប់បញ្ចូលក្នុងក្រុមមេទ័ពបីនាក់នោះឡើយ។ 20 លោកបេណាយ៉ា អ្នកស្រុកកាបសៀល ជាកូនរបស់លោកយេហូយ៉ាដា និងជាចៅរបស់ទាហានដ៏អង់អាចម្នាក់។ គាត់បានបញ្ចេញស្នាដៃយ៉ាងច្រើន គឺគាត់នេះហើយដែលបានវាយពួកក្លាហានពីរនាក់ពីស្រុកម៉ូអាប់ ព្រមទាំងចុះទៅក្នុងរណ្តៅដើម្បីសម្លាប់សត្វសិង្ហមួយ នៅថ្ងៃធ្លាក់ទឹកកក។ 21 គាត់ក៏បានសម្លាប់ជនជាតិអេស៊ីបម្នាក់ ដែលមានរូបរាងធំសម្បើម ប្រដាប់ដោយលំពែង។ គាត់ទៅប្រយុទ្ធនឹងគេដោយមានតែដំបងប៉ុណ្ណោះ គាត់ដណ្តើមយកលំពែងពីដៃអ្នកនោះបាន ហើយចាក់សម្លាប់គេនឹងលំពែងនោះទៅ។ 22 នេះហើយជាស្នាដៃរបស់លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីក្នុងក្រុមទាំងបីនាក់។ 23 ក្នុងចំណោមមេបញ្ជាការទាំងសាមសិបនាក់ គាត់ទទួលកិត្តិយសច្រើនជាងគេ តែគាត់ពុំរាប់បញ្ចូលក្នុងមេទ័ពទាំងបីនាក់នោះឡើយ។ ស្តេចទតបានតែងតាំងគាត់ជាមេបញ្ជាការកងអង្គរក្ស។ 24 ក្នុងក្រុមទាំងសាមសិបនាក់ មានលោកអេសាអែល ជាប្អូនរបស់លោកយ៉ូអាប់ លោកអែលហាណានជាកូនរបស់លោកដូដូ អ្នកភូមិបេថ្លេហិម 25 លោកសាំម៉ា ជាអ្នកស្រុកហារ៉ូដ លោកអេលីកា ជាអ្នកស្រុកហារ៉ូដ 26 លោកហេលេស ជាអ្នកស្រុកប៉ាលធី លោកអ៊ីរ៉ា អ្នកក្រុងត្កូអា ជាកូនរបស់លោកអ៊ីកកែស 27 លោកអបៀស៊ើរ អ្នកស្រុកអាណាថោត លោកមប៊ូណាយ អ្នកស្រុកហ៊ូសាយ 28 លោកសាលម៉ូន អ្នកស្រុកអហូអា លោកម៉ាហារ៉ៃ អ្នកស្រុកពីនថូផា 29 លោកហេលែប ជាកូនរបស់លោកបាណា អ្នកស្រុកពីថូផា លោកអ៊ីតតាយ ជាកូនរបស់លោករីបាយ ជាអ្នកស្រុកគីបៀរ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន 30 លោកបេណាយ៉ា អ្នកស្រុកពីរ៉ាថូន លោកហ៊ីតដាយ អ្នកស្រុកណាហាលេ-កាអាស 31 លោកអាប៊ី-អាល់បូន អ្នកស្រុកអើរ៉ាបា លោកអាស្មាវែត អ្នកស្រុកបាហូរីម 32 លោកអេលីយ៉ាបា អ្នកស្រុកស្អាឡាប៊ីន លោកយ៉ាសេន លោកយ៉ូណាថាន 33 លោកសាំម៉ា អ្នកស្រុកហារ៉ារី លោកអហ៊ីយ៉ាម ជាកូនរបស់លោកសារ៉ើរ អ្នកស្រុកហារ៉ារី 34 លោកអេលីផាលេត ជាកូនរបស់លោកអហាសបៃ និងជាពូជពង្សរបស់ពួកម៉ាកាធី លោកអេលីយ៉ាម ជាកូនរបស់លោកអហ៊ីថូផែល អ្នកស្រុកគីឡោ 35 លោកហេស្រាយ អ្នកស្រុកកើមែល លោកបារ៉ាយ អ្នកស្រុកអារ៉ាប់ 36 លោកយីកាល ជាកូនរបស់ណាថាន អ្នកស្រុកសូបា លោកបានី អ្នកស្រុកកាដ 37 លោកសេឡេក ជាជនជាតិអាំម៉ូន លោកណាហារ៉ា អ្នកស្រុកបៀរ៉ុត ដែលជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា 38 លោកអ៊ីរ៉ា អ្នកស្រុកយេធើរ លោកការេប អ្នកស្រុកយេធើរ 39 លោកអ៊ូរី ជាជនជាតិហេត។ សរុបទាំងអស់ មានសាមសិបប្រាំពីរនាក់។ |
© 2014 United Bible Societies, UK.
United Bible Societies