ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 1 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 1

រាជ្យ​របស់​ទត ណាពី​ទត​ទទួល​ដំណឹង​អំពី​ការ​ស្លាប់​របស់​ស្តេច​សូល

1 កាល​ស្តេច​សូល​ស្លាប់​ទៅ ទត​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគ‌ឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។

2 នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ស្តេច​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​ទត​ហើយ គាត់​ក្រាប​គោរព។

3 ទត​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រ‌អែល»។

4 ទត​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ជា​កូន ក៏​ស្លាប់​ដែរ»។

5 ទត​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់?»។

6 យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីល‌បោ​ដែរ។ ខ្ញុំ​បាន​ឃើញ​ស្តេច​សូល​ច្រត់​នៅ​លើ​លំពែង​របស់​គាត់ ហើយ​មាន​រទេះ​ចំបាំង និង​ទ័ព​សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។

7 ស្តេច​ងាក​មក​ឃើញ​ខ្ញុំ ហើយ​ហៅ​ខ្ញុំ។ ខ្ញុំ​ឆ្លើយ​ថា “បាទ​លោក!”។

8 ស្តេច​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​ជម្រាប​ថា “ខ្ញុំ​ជា​ជន‌ជាតិ​អាម៉ា‌ឡេក”។

9 ពេល​នោះ ស្តេច​បង្គាប់​មក​ខ្ញុំ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្តី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។

10 ខ្ញុំ​ចូល​ទៅ​ជិត ហើយ​សម្លាប់​ស្តេច​ទៅ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ដោយ​ស្តេច​បរា‌ជ័យ​ដូច្នេះ គាត់​មិន​អាច​រស់​ត​ទៅ​ទៀត​បាន​ឡើយ។ ខ្ញុំ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្តេច ដែល​ខ្ញុំ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។

11 ទត​ទាញ​សម្លៀក‌បំពាក់​របស់​គាត់​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ក៏​ធ្វើ​ដូច​គាត់​ដែរ។

12 ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំលឹក​ដល់​ស្តេច​សូល សម្តេច​យ៉ូណា‌ថាន​ជា​កូន ព្រម​ទាំង​កង‌ទ័ព​របស់អុលឡោះ‌តាអាឡា និង​ពូជ‌ពង្ស​អ៊ីស្រ‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។

13 បន្ទាប់​មក ទត​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​គាត់​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​កូន​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។

14 ទត​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​សម្លាប់​ស្តេច ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង?»។

15 ទត​ហៅ​ក្មេង​បម្រើ​ម្នាក់​របស់​គាត់​មក​រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បម្រើ​នោះ​ក៏​សម្លាប់​ជន‌ជាតិ​អាម៉ា‌ឡេក។

16 ទត​ពោល​ថា៖ «អ្នក​ស្លាប់​ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សំដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​សម្លាប់​ស្ដេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង»។

ទំនួញ​របស់​ទត

17 ទត​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំលឹក​ដល់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ជា​កូន។

18 គាត់​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។

19 អ៊ីស្រ‌អែល​អើយ! ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ? ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?

20 មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរ ក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលី‌ស្ទីន នាំ​គ្នា​អរ​សប្បាយ ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។

21 ជួរ​ភ្នំ​គីល‌បោ​អើយ! សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង ធ្លាក់​មក​លើ​អ្នក​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្តល់​ភោគ​ផល​ទៀត​ដែរ។ ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច ហើយ​ខែល​របស់​ស្តេច​សូល ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។

22 ធ្នូរ​បស់​សម្តេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយ ហើយ​ដាវ​របស់​ស្តេច​សូល ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។

23 ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​រាប់​អាន ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា ហើយ​ពេល​ស្លាប់ ក៏​ស្លាប់​ជា​មួយ​គ្នា​ដែរ។ ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។

24 ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ! ចូរ​យំ​ស្រណោះ​ស្តេច​សូល​ទៅ ព្រោះ​គាត់​តែង​ប្រទាន​ឲ្យ​ពួក​នាង មាន​សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​ត្រចះ‌ត្រចង់ ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។

25 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់ ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សម្តេច​យ៉ូណា‌ថាន ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?។

26 បង​យ៉ូណា‌ថាន ជា​ទី​ស្រឡាញ់​បំផុត​អើយ ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច​ផ្សា ដោយ‌សារ​បាត់​បង់​រូប​បង សេចក្តី​ស្រឡាញ់​របស់​បង​វិសេស​បំផុត គឺ​ប្រសើរ​លើស​សេចក្តី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។

27 ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច ត្រូវ​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​គ្រឿង​សស្ត្រា‌វុធ ក៏​ត្រូវ​វិនាស​អន្ត‌រាយ​អស់​ដូច្នេះ?

© 2014 United Bible Societies, UK.

United Bible Societies