២ សាំយូអែល 2 - អាល់គីតាបប្រជាជនស្រុកយូដាតែងតាំងទត ជាស្តេចនៅក្រុងហេប្រូន 1 ក្រោយព្រឹត្តិការណ៍ទាំងនោះ ទតទូរអាសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំគួរទៅក្រុងណាមួយ ក្នុងស្រុកយូដាឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ!»។ ទតទូរអាសួរថា៖ «ខ្ញុំត្រូវទៅក្រុងណាដែរ?»។ អុលឡោះតាអាឡាឆ្លើយថា៖ «ក្រុងហេប្រូន»។ 2 ទតក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។ 3 ទតបាននាំអស់អ្នកដែលនៅជាមួយគាត់ និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំនៅក្នុងភូមិនានា ជុំវិញក្រុងហេប្រូន។ 4 ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយតែងតាំងទត ជាស្ដេចរបស់ជនជាតិយូដា។ មានគេនាំដំណឹងមកជម្រាបស្តេចទតថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ បាននាំគ្នាបញ្ចុះសពស្តេចសូល។ 5 ស្តេចទតក៏ចាត់អ្នកនាំសារឲ្យទៅប្រាប់អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាសំដែងភក្តីភាពចំពោះស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នា ដោយបានបញ្ចុះសពគាត់។ 6 ឥឡូវនេះ សូមអុលឡោះតាអាឡាសំដែងចិត្តសប្បុរស និងចិត្តស្មោះស្ម័គ្រចំពោះអ្នករាល់គ្នាវិញ។ ដោយសារអ្នករាល់គ្នាធ្វើដូច្នេះ ខ្ញុំក៏នឹងប្រព្រឹត្តល្អចំពោះអ្នករាល់គ្នាដែរ។ 7 ចូរមានកម្លាំង និងមានចិត្តក្លាហានឡើង! ស្តេចសូល ជាចៅហ្វាយរបស់អ្នករាល់គ្នាបានស្លាប់ផុតទៅហើយ។ ចំណែកខ្ញុំវិញ អ្នកស្រុកយូដាបានតែងតាំងខ្ញុំ ជាស្តេចគ្រប់គ្រងលើពួកគេ»។ លោកអប៊ីនើរតែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចស្រុកអ៊ីស្រអែល 8 លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។ 9 នៅទីនោះ លោកអប៊ីនើរ តែងតាំងសម្តេចអ៊ីសបូសែត ជាស្តេចគ្រប់គ្រងលើស្រុកកាឡាដ ស្រុកអេស៊ើរ ស្រុកយេសរាល ស្រុកអេប្រាអ៊ីម ស្រុកពុនយ៉ាមីនពោល គឺស្រុកអ៊ីស្រអែលទាំងមូល។ 10 ពេលស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល គាត់មានអាយុសែសិបឆ្នាំ ហើយសោយរាជ្យបានពីរឆ្នាំ។ មានតែស្រុកយូដាប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេចទត។ 11 ស្តេចទតសោយរាជ្យលើជនជាតិយូដា អស់រយៈពេលប្រាំពីរឆ្នាំកន្លះ នៅក្រុងហេប្រូន។ សង្គ្រាមរវាងយូដា និងអ៊ីស្រអែល នៅគីបៀន 12 លោកអប៊ីនើរជាកូនរបស់លោកនើរ និងជាអ្នកបម្រើរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល បានចាកចេញពីក្រុងម៉ាហាណែម ឆ្ពោះទៅក្រុងគីបៀន។ 13 លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកបម្រើរបស់ស្តេចទតក៏ចេញទៅច្បាំងដែរ។ កងទ័ពទាំងពីរបានមកជួបគ្នានៅត្រង់បឹងគីបៀន ហើយបោះទ័ពទល់មុខគ្នានៅមាត់បឹង។ 14 លោកអប៊ីនើរនិយាយទៅកាន់លោកយ៉ូអាប់ថា៖ «ចូរឲ្យពួកយុវជនក្រោកឡើង ប្រកួតគ្នានៅចំពោះមុខយើងទាំងពីរ!»។ លោកយ៉ូអាប់តបវិញថា៖ «ឲ្យគេក្រោកឡើងប្រកួតគ្នាចុះ!»។ 15 យុវជនទាំងនោះក៏ចេញមកមានចំនួនស្មើគ្នា គឺដប់ពីរនាក់ពីកុលសម្ព័ន្ធពុនយ៉ាមីន ខាងស្តេចអ៊ីសបូសែត ហើយដប់ពីរនាក់ទៀតជាអ្នកបម្រើស្តេចទត។ 16 ពួកគេចាប់ក្បាលគូសត្រូវរបស់ខ្លួន ហើយហូតដាវចាក់ត្រង់ឆ្អឹងជំនីរគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យពួកគេដួលស្លាប់ទាំងអស់គ្នា។ គេបានហៅកន្លែងនៅជិតបឹងគីបៀននោះថា «ហេលកាត-ហាស៊ូរីម»។ 17 ការប្រយុទ្ធមួយយ៉ាងសាហាវ បានផ្ទុះឡើងនៅថ្ងៃនោះ។ លោកអប៊ីនើរ ព្រមទាំងទាហានរបស់លោក វាយចាញ់ទាហានរបស់ស្តេចទត។ 18 កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស 19 លោកដេញតាមលោកអប៊ីនើរយ៉ាងប្រកិត ឥតងាកឆ្វេងឬស្តាំឡើយ។ 20 លោកអប៊ីនើរងាកក្រោយសួរថា៖ «តើអ្នកជាអេសាអែលឬ?»។ លោកអេសាអែលឆ្លើយថា៖ «ខ្ញុំនេះហើយ!»។ 21 លោកអប៊ីនើរនិយាយថា៖ «ចូរដេញតាមក្មេងណាម្នាក់នៅខាងឆ្វេង ឬខាងស្តាំ ហើយចាប់ដោះយកគ្រឿងអាវុធរបស់គេទៅ»។ ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញតាមលោកអប៊ីនើរទេ។ 22 លោកអប៊ីនើរពោលមកកាន់លោកអេសាអែលទៀតថា៖ «ចូរឈប់ដេញតាមខ្ញុំទៅ! ហេតុអ្វីបានជាបង្ខំខ្ញុំឲ្យសម្លាប់អ្នក? ធ្វើដូច្នេះ នៅពេលក្រោយ តើឲ្យខ្ញុំមើលមុខលោកយ៉ូអាប់ ជាបងរបស់អ្នកដូចម្តេចបាន?»។ 23 ប៉ុន្តែ លោកអេសាអែលមិនព្រមឈប់ដេញទេ។ ពេលនោះ លោកអប៊ីនើរក៏បុកលោកអេសាអែលមួយលំពែង ត្រូវត្រង់ពោះធ្លុះដល់ខ្នង។ លោកអេសាអែលដួលស្លាប់នៅនឹងកន្លែង។ អស់អ្នកដែលរត់មកដល់កន្លែងលោកអេសាអែលដួលស្លាប់នោះ ក៏នាំគ្នាឈប់។ 24 ប៉ុន្តែ លោកយ៉ូអាប់ និងលោកអប៊ីសាយនៅតែដេញតាមលោកអប៊ីនើរ ហើយទៅដល់ជំរាលភ្នំអាំម៉ា ដែលស្ថិតនៅទល់មុខនឹងគីយ៉ា តាមផ្លូវទៅវាលរហោស្ថានគីបៀន នៅពេលថ្ងៃលិច។ 25 ពលទាហានពុនយ៉ាមីនប្រមូលគ្នា មកនៅពីក្រោយលោកអប៊ីនើរ។ គេផ្តុំគ្នាជាក្រុម ហើយឈប់នៅលើកំពូលភ្នំ។ 26 លោកអប៊ីនើរស្រែកសួរលោកយ៉ូអាប់ថា៖ «តើយើងនៅតែច្បាំងគ្នារហូតឬ? តើអ្នកមិនយល់ថា ការនេះត្រូវបញ្ចប់ដោយជូរចត់ទេឬ? តើនៅរង់ចាំដល់ពេលណា ទើបបញ្ជាទាហានឲ្យឈប់ដេញតាមបងប្អូនរបស់ខ្លួនទៀត?»។ 27 លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះដែលនៅអស់កល្បជានិច្ចថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។ 28 លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រអែល និងលែងប្រយុទ្ធគ្នាទៀត។ 29 លោកអប៊ីនើរ និងពលទាហានរបស់លោកនាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។ 30 កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ស្តេចទត ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។ 31 ប៉ុន្តែ ទាហានរបស់ស្តេចទតបានសម្លាប់ទាហានរបស់ពួកពុនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ 32 គេបាននាំយកសពលោកអេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកគាត់ នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់គាត់ នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។ |
© 2014 United Bible Societies, UK.
United Bible Societies