ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 31 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 31

ស្តេច​ហេសេ‌គា​រៀប‌ចំ​មុខ‌ងារ​អ៊ីមុាំ​ឡើង​វិញ

1 លុះ​ធ្វើ​ពិធី​បុណ្យ​ចប់​សព្វ​គ្រប់​ហើយ ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​បាន​មក​ចូល​រួម នាំ​គ្នា​ចេញ​ទៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា ហើយ​កំទេច​ស្តូប រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​ទាំង‌ឡាយ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​ទឹក​ដី​អេ‌ប្រា‌អ៊ីម និង​ម៉ាណា‌សេ។ បន្ទាប់​មក​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន តាម​ក្រុង​នានា​វិញ។

2 ស្តេច​ហេសេ‌គា​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ធ្វើ​គូរបាន​ដុត​ទាំង​មូល និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ម៉ាស្ជិទ អ្នក​ចំរៀង​សម្រាប់​លើក​តម្កើង​អុលឡោះ‌តាអាឡា និង​អ្នក​យាម​ទ្វារ​ជំរំ​របស់អុលឡោះ‌តាអាឡា។

3 ស្តេច​បាន​យក​រាជ‌ទ្រព្យ​មួយ​ចំណែក សម្រាប់​បង់​ចំណាយ​ទៅ​លើ​គូរបាន​ដុត ដែល​ត្រូវ​ជូន​នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​បុណ្យ​ដើម​ខែ និង​បុណ្យ​ដ៏​សំខាន់ៗ​ផ្សេង​ទៀត ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា។

4 ស្តេច​បង្គាប់​ប្រជា‌ជន និង​អ្នក​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រគល់​ចំណែក​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ទៅ​ពួក​គេ ធ្វើ​ដូច្នេះ ពួក​គេ​មិន​ខ្វល់​ខ្វាយ​នឹង​អ្វី​ផ្សេង​ទៀត ក្រៅ​ពី​គិត​ដល់​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា។

5 ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទទួល​បញ្ជា​របស់​ស្តេច​ហើយ ពួក​គេ​នាំ​យក​ផល​ដំបូង​នៃ​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ប្រេង ទឹក​ឃ្មុំ និង​ផល​ដំណាំ​ផ្សេងៗ​ទៀត​យ៉ាង​ច្រើន​បរិបូណ៌ ហើយ​ពួក​គេ​ក៏​នាំ​យក​មួយ​ភាគ​ដប់​នៃ​អ្វីៗ​ដែល​ខ្លួន​មាន មក​ជូន​យ៉ាង​បរិបូណ៌​ដែរ។

6 កូន​ចៅ​អ៊ីស្រ‌អែល និង​កូន​ចៅ​យូដា​ដែល​រស់​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​យូដា បាន​នាំ​គោ និង​ចៀម​មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់ ហើយ​គេ​ក៏​យក​អ្វីៗ​ទាំង​អស់ ដែល​ញែក​ជា​សក្ការៈ​ជូន​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន មក​ជូន​ជា​ជំនូន​មួយ​ភាគ​ដប់​ដែរ។ គេ​ដាក់​ជំនូន​ទាំង​នោះ​ជា​ច្រើន​គំនរ។

7 គេ​បាន​ចាប់​ផ្តើម​ប្រមូល​ជំនូន​មក​ដាក់​ជា​គំនរ ចាប់​ពី​ខែ​ទី​បី រហូត​ដល់​ខែ​ទី​ប្រាំ​ពីរ។

8 ស្តេច​ហេសេ‌គា និង​ពួក​មន្ត្រី​មក​មើល​គំនរ​ជំនូន​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​គុណអុលឡោះ‌តាអាឡា និង​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

9 ស្តេច​ហេសេ‌គា​សាក​សួរ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ស្តី​អំពី​គំនរ​ជំនូន​ទាំង​នោះ។

10 មូស្ទី​អសា‌រា​ពី​អំបូរ​សាដុក​ជម្រាប​ស្តេច​ថា៖ «ចាប់​ពី​ពេល​ប្រជា‌ជន​នាំ​ជំនូន​ដែល​គេ​បាន​ញែក​ទុក មក​ដាក់​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា នោះ​យើង​មាន​អាហារ​បរិភោគ​យ៉ាង​បរិបូណ៌ ថែម​ទាំង​នៅ​សេស‌សល់​ជា​ច្រើន​ឥត​គណនា​ផង ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ទ្រង់។ អ្វីៗ​ដែល​គរ​នៅ​ទី​នេះ សុទ្ធ​តែ​ជា​របស់​ដែល​យើង​មាន​លើស​ពី​សេចក្តី​ត្រូវ​ការ»។

11 ស្តេច​ហេសេ‌គា​បង្គាប់​ឲ្យ​គេ​រៀប‌ចំ​បន្ទប់ នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពេល​រៀប‌ចំ​រួច​ស្រេច​ហើយ

12 គេ​ក៏​នាំ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក និង​ជំនូន​មួយ​ភាគ​ដប់ ព្រម​ទាំង​ជំនូន​ដ៏​សក្ការៈ​ផ្សេង​ទៀត យក​មក​ទុក​ក្នុង​បន្ទប់​នោះ​ជា​ប្រក្រ‌តី។ លោក​កូណា‌នា​ជា​ក្រុម​លេវី មាន​ភារកិច្ច​មើល​ខុស​ត្រូវ​លើ​ជំនូន​ទាំង​នោះ ដោយ​មាន​លោក​ស៊ី‌ម៉ៃ ជា​ប្អូន​របស់​គាត់ ជា​អ្នក​ជំនួយ​ការ។

13 ស្តេច​ហេសេ‌គា និង​មូស្ទី​អសា‌រា ដែល​ទទួល​ខុស​ត្រូវ​លើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះបាន​តែង‌តាំង​លោក​យេហ៊ី‌អែល លោក​អសា‌ស៊ា លោក​ណា‌ហាត លោក​អេ‌សាអែល លោក​យេរី‌ម៉ុត លោក​យ៉ូសា‌បាដ លោក​អេលាល លោក​យីស‌ម៉ាគា លោក​ម៉ា‌ហាត និង​លោក​បេណា‌យ៉ា​ឲ្យ​ធ្វើ​ការ​នៅ​ក្រោម​បញ្ជា​របស់​លោក​កូណា‌នា និង​លោក​ស៊ី‌ម៉ៃ ជា​ប្អូន។

14 លោក​កូរេ​ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​ជំនូន​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ជូន​អុលឡោះហើយ​គាត់​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ជូនអុលឡោះ‌តាអាឡា និង​ជំនូន​សក្ការៈ​ឯ​ទៀតៗ​ដែរ។

15 គាត់​មាន​សហ‌ការី នៅ​តាម​ក្រុង​នានា​របស់​អ៊ីមុាំ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់ ដល់​អ៊ីមុាំ​ទាំង​តូច​ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហ‌ការី​ទាំង​នោះ មាន​លោក​អេដែន លោក​មីន‌យ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា។

16 ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។

17 គេ​ជំរឿន​អ៊ីមុាំ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី​គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម​តាម​ជាន់​ថ្នាក់​របស់​ខ្លួន។

18 អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

19 ចំណែក​ឯ​អ៊ីមុាំ​ជា​ពូជ‌ពង្ស​របស់​ហារូន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​អ៊ីមុាំ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។

20 ស្តេច​ហេសេ‌គា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្តេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត​ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច។

21 គ្រប់​កិច្ចការ​ដែល​ស្តេច​ធ្វើ គឺ​ការ​ចាត់​ចែង​ឲ្យ​មាន​ពិធី​គោរព​បម្រើ​អុលឡោះ​ក្នុង​ដំណាក់​ក្តី ការ​គោរព​ហ៊ូកុំ និង​បទ​បញ្ជា​របស់​អុលឡោះ​ក្តី ស្តេច​ធ្វើ​ដោយ​ចិត្ត​ស្វែង​រក​ទ្រង់ ហើយ​ស្តេច​ក៏​ធ្វើ​យ៉ាង​អស់​ពី​ចិត្ត រហូត​ដល់​សម្រេច​បាន​ជោគ​ជ័យ។

© 2014 United Bible Societies, UK.

United Bible Societies