Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 32 - អាល់គីតាប


ស្តេច​សាន‌ហេ‌រីប​ឈ្លាន​ពាន​អាណា‌ចក្រ​យូដា

1 ក្រោយ​ពេល​ដែល​ស្តេច​ហេសេ‌គា​សំដែង​ភក្តី‌ភាព ចំពោះ​អុលឡោះ​នោះ​មក ស្តេច​សាន‌ហេ‌រីប​ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​លើក​ទ័ព​មក​លុក​លុយ​ស្រុក​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​នានា​ដែល​មាន​កំពែង​រឹង‌មាំ ព្រម​ទាំង​បញ្ជា​ឲ្យ​កង‌ទ័ព​វាយ​សំរុក​ក្រុង​ទាំង​នោះ​ទៀត​ផង។

2 កាល​ស្តេច​ហេសេ‌គា ឃើញ​ស្តេច​សាន‌ហេ‌រីប លើក​ទ័ព​មក​បម្រុង​នឹង​វាយ​លុក​ក្រុង​យេរូ‌សាឡឹម

3 ស្តេច​ក៏​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ‌ទ័ព និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​គាត់ ដើម្បី​សម្រេច​បិទ​ប្រភព​ទឹក​ដែល​នៅ​ខាង​ក្រៅ​ទី‌ក្រុង។ ពួក​គេ​គាំ​ទ្រ​ស្តេច

4 ហើយ​ប្រមូល​ប្រជា‌ជន​ជា​ច្រើន​មក​ជួប‌ជុំ​គ្នា រួច​បិទ​ប្រភព​ទឹក​ទាំង​អស់ ព្រម​ទាំង​ទប់​ប្រឡាយ​ដែល​បង្ហូរ​ទឹក​នៅ​តំបន់​នោះ​ផង។ ពួក​គេ​គិត​គ្នា​ថា៖ «ពេល​ពួក​អាស្ស៊ី‌រី​មក​ដល់ គេ​មុខ​ជា​ខ្វះ​ទឹក​ពុំ‌ខាន»។

5 ស្តេច​ហេសេ‌គា​ពង្រឹង​ទី‌ក្រុង ដោយ​ជួស​ជុល​កំពែង​ត្រង់​កន្លែង​ដែល​បាក់​បែក ស្តេច​លើក​ប៉ម​កំពែង​ឲ្យ​កាន់​តែ​ខ្ពស់ ព្រម​ទាំង​សង់​កំពែង​មួយ​ជាន់​ទៀត​ពី​ខាង​ក្រៅ ហើយ​ជួស​ជុល​ប៉ម​មីឡូ​នៅ​បុរី​ស្តេច​ទត។ ស្តេច​ក៏​រក​បាន​អាវុធ និង​ខែល​មួយ​ចំនួន​ធំ​ដែរ។

6 ស្តេច​ចាត់​តាំង​មេ‌ទ័ព​ឲ្យ​ធ្វើ​ជា​មេ​បញ្ជា‌ការ​លើ​ប្រជា‌ជន ហើយ​ស្តេច​ហៅ​ពួក​គេ​ឲ្យ​ប្រជុំ​គ្នា នៅ​ព្រលាន​ជិត​ទ្វារ​ក្រុង​រួច​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ពួក​គេ​ថា៖

7 «ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។

8 ខាង​ស្តេច​ស្រុក​អាស្ស៊ី‌រី មាន​តែ​កម្លាំង​មនុស្ស​លោក​ប៉ុណ្ណោះ រីឯ​ខាង​យើង​វិញ យើង​មានអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ទ្រង់​នឹង​ជួយ​គាំ​ទ្រ​យើង​នៅ​ពេល​ប្រយុទ្ធ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ទុក​ចិត្ត​លើ​ពាក្យ​សំដី​របស់​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា។


ការ​គំរាម​កំហែង​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​មក​លើ​ក្រុង​យេរូ‌សាឡឹម

9 បន្ទាប់​មក​ស្តេច​សាន‌ហេ‌រីប ស្តេច​ស្រុក​អាស្ស៊ី‌រី ចាត់​អ្នក​បម្រើ​ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ក្នុង​ពេល​ដែល​ស្តេច​នៅ​ក្បែរ​ក្រុង​ឡាគីស ជា​មួយ​កង‌ទ័ព​ទាំង​អស់។ ស្តេច​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ជួប​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រកាស​ដូច​ត​ទៅ៖

10 «ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​មាន​ប្រសាសន៍​ថា “តើ​អ្នក​រាល់​គ្នា​មាន​អ្វី​ជា​បង្អែក​បាន​ជា​ទ្រាំ​លំបាក នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​បែប​នេះ?”។

11 ស្តេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក គឺ​ស្តេច​ប្រាប់​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង នឹង​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី​មិន​ខាន”។

12 ស្តេច​ហេសេ‌គា​ហ្នឹង​ហើយ ដែល​បាន​បំផ្លាញ​ទី‌សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​កំទេច​អាសនៈ​របស់អុលឡោះ‌តាអាឡា រួច​បង្គាប់​ឲ្យ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​គោរព​ថ្វាយ‌បង្គំ​អាសនៈ​តែ​មួយ ហើយ​ដុត​គ្រឿង​ក្រអូប តែ​លើ​អាសនៈ​មួយ​នោះ!

13 អ្នក​រាល់​គ្នា​ដឹង​ទេ​ឬ​ថា តើ​យើង និង​ដូន‌តា​របស់​យើង​ប្រព្រឹត្ត​បែប​ណា ចំពោះ​ជាតិ​សាសន៍​ដទៃ​ទៀត​លើ​ផែនដី​នេះ? តើ​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​ឬ​ទេ?

14 ក្នុង​ចំណោម​ព្រះ​របស់​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ដូន‌តា​របស់​យើង​បំផ្លាញ ជូន​ផ្តាច់​ដល់​ព្រះ​របស់​យើង​នោះ គ្មាន​ព្រះ​ណា​មួយ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ឡើយ។ រីឯ​ព្រះ​របស់​អ្នក​រាល់​គ្នា​ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!

15 ដូច្នេះ​មិន​ត្រូវ​ឲ្យ​ស្តេច​ហេសេ‌គា​បញ្ឆោត​អ្នក​រាល់​គ្នា នៅ​ពេល​នេះ កុំ​ជឿ​សំដី​របស់​ស្តេច​បែប​នេះ​ឡើយ! ដ្បិត​គ្មាន​ព្រះ​របស់​ប្រជា‌ជាតិ​ណា​មួយ ឬ​នគរ​ណា​មួយ អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង ឬ​ដូន‌តា​របស់​យើង​បាន​ឡើយ។ ដូច្នេះ​ព្រះ​ទាំង‌ឡាយ​របស់​អ្នក​រាល់​គ្នា ក៏​ពុំ​អាច​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។

16 អ្នក​បម្រើ​របស់​ស្តេច​សាន‌ហេ‌រីប ចេះ​តែ​នាំ​គ្នា​ពោល​ពាក្យ​ប្រមាថអុលឡោះ‌តាអាឡា​ជា​ម្ចាស់ និង​ប្រមាថ​ស្តេច​ហេសេ‌គា ជា​អ្នក​បម្រើ​របស់​ទ្រង់​បន្ត​ទៅ​ទៀត។


ស្តេច​សាន‌ហេ‌រីប​ប្រមាថ​អុលឡោះ‌តាអាឡា

17 ស្តេច​ស្រុក​អាស្ស៊ី‌រី​សរសេរ​លិខិត​មួយ ដើម្បី​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ក្នុង​លិខិត​នោះ​ស្តេច​ថ្លែង​ថា៖ «ព្រះ​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជាតិ​នានា​នៅ​ផែនដី​នេះ មិន​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ឡើយ។ ដូច្នេះ​ព្រះ​របស់​ស្តេច​ហេសេ‌គា ក៏​ពុំ​អាច​រំដោះ​ប្រជា‌ជន​របស់​ខ្លួន​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។

18 អ្នក​បម្រើ​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី នាំ​គ្នា​ស្រែក​ប្រកាស​យ៉ាង​ខ្លាំងៗ​ជា​ភាសា​យូដា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រជា‌ជន ដែល​ស្ថិត​នៅ​តាម​កំពែង​ក្រុង​យេរូ‌សាឡឹម ព្រឺ​ខ្លាច និង​ភ័យ​តក់‌ស្លុត ដើម្បី​ឲ្យ​ពួក​គេ​ងាយ​ចូល​វាយ​យក​ទី‌ក្រុង។

19 ពួក​គេ​និយាយ​ពី​អុលឡោះ​ជា​ម្ចាស់​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ​សឹង​ជា​ស្នា​ដៃ​របស់​មនុស្ស។


ជន‌ជាតិ​អាស្ស៊ី‌រី​បាក់​ទ័ព ស្តេច​សាន‌ហេ‌រីប​ស្លាប់

20 ស្តេច​ហេសេ‌គា និង​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ុស បាន​ទូរអា‌អង្វរ​អុលឡោះដើម្បី​សូម​ឲ្យ​ទ្រង់​ជួយ។

21 ពេល​នោះ អុលឡោះ‌តាអាឡា​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​នាក់ ឲ្យ​មក​ប្រល័យ​ជីវិត​ទាហាន​ដ៏​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​មេ​បញ្ជា‌ការ និង​ពួក​មេ‌ទ័ព នៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ទាំង​អាម៉ាស់​មុខ។ ស្តេច​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ស្តេច ហើយ​ពេល​នោះ​កូន​បង្កើត​របស់​ស្តេច នាំ​គ្នា​សម្លាប់​ស្តេច​ដោយ​មុខ​ដាវ។

22 អុលឡោះ‌តាអាឡា​បាន​រំដោះ​ស្តេច​ហេសេ‌គា និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ហើយ​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​គ្រប់​ទិស‌ទី។

23 មនុស្ស‌ម្នា​ជា​ច្រើន​នាំ​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​យក​របស់​ផ្សេង​ទៀត​មក​ជូន​ស្តេច​ហេសេ‌គា ជា​ស្តេច​ស្រុក​យូដា​ដែរ ដ្បិត​ចាប់​ពី​ពេល​នោះ​មក ប្រជា‌ជាតិ​ទាំង​អស់​គោរព​រាប់​អាន​ស្តេច​គ្រប់ៗ​គ្នា។


ចុង​រជ្ជ‌កាល​ស្តេច​ហេសេ‌គា

24 នៅ​គ្រា​នោះ​ស្តេច​ហេសេ‌គា​ឈឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ស្តេច​បាន​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ហើយអុលឡោះ‌តាអាឡា​តប​មក​វិញ ដោយ​ប្រទាន​ទី​សំគាល់​ដ៏​អស្ចារ្យ​មួយ។

25 ប៉ុន្តែ ស្តេច​ហេសេ‌គា​ពុំ​បាន​ដឹង​គុណ​អុលឡោះដែល​សំដែង​ចិត្ត​សប្បុរស​ចំពោះ​ស្តេច​ទេ គឺ​ស្តេច​មាន​ចិត្ត​អួត​បំប៉ោង ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង​ទាស់​នឹង​ស្តេច ព្រម​ទាំង​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម។

26 ពេល​នោះ ស្តេច​ហេសេ‌គា​ដឹង​ខ្លួន​ខុស ស្តេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះអុលឡោះ‌តាអាឡា​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ស្តេច​ហេសេ‌គា​នៅ​មាន​អាយុ​ឡើយ។

27 ស្តេច​ហេសេ‌គា​ទទួល​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស​យ៉ាង​ច្រើន។ ស្តេច​បាន​សង់​ឃ្លាំង​សម្រាប់​ទុក​ប្រាក់ មាស ត្បូង​ពេជ្រ គ្រឿង​ក្រអូប ខែល និង​វត្ថុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។

28 ស្តេច​ក៏​សង់​ឃ្លាំង​សម្រាប់​ផ្ទុក​ស្រូវ ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី និង​ប្រេង ព្រម​ទាំង​ក្រោល សម្រាប់​សត្វ​ពាហនៈ​គ្រប់​មុខ និង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម។

29 ស្តេច​បាន​សង់​ក្រុង​ផ្សេងៗ ហើយ​ស្តេច​មាន​ហ្វូង​សត្វ​ជា​ច្រើន គឺ​ហ្វូង​គោ និង​ហ្វូង​ចៀម ដ្បិតអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ស្តេច​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុក‌ស្តម្ភ​បំផុត។

30 ស្តេច​ហេសេ‌គា​ក៏​បាន​ទប់​ប្រភព​ទឹក​គីហូន​ប៉ែក​ខាង​លើ ហើយ​បំបែរ​ផ្លូវ​ទឹក​ចុះ​ទៅ​ខាង​លិច​ក្នុង​បុរី​ស្តេច​ទត។ អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​ហេសេ‌គា​ធ្វើ សុទ្ធ​តែ​បាន​សម្រេច​ទាំង​អស់។

31 ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។

32 កិច្ចការ​ផ្សេងៗ​ទៀត​របស់​ស្តេច​ហេសេ‌គា និង​ភក្តី‌ភាព​របស់​ស្តេច​ចំពោះ​អុលឡោះសុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​និមិត្ត‌ហេតុ​របស់​ណាពី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស ព្រម​ទាំង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា និង​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

33 ពេល​ស្តេច​ហេសេ‌គា​ស្លាប់ គេ​បាន​បញ្ចុះ​សព​ស្តេច​ត្រង់​កន្លែង​ដែល​ខ្ពស់​ជាង​គេ ក្នុង​ទី​បញ្ចុះ​របស់​រាជ‌វង្ស​ស្តេច​ទត។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​គោរព​ស្តេច នៅ​ពេល​ដែល​ស្តេច​ស្លាប់។ ស្តេច​ម៉ាណា‌សេ​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម