1 កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាមជាកូន បានឡើងស្នងរាជ្យ។ ស្តេចយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា2 ស្តេចយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្តេចអសារា យេហ៊ីអែល សាការី អសារា មីកែល និងសេផាធា ហើយទាំងអស់គ្នា សុទ្ធតែជាបុត្ររបស់ស្តេចយ៉ូសាផាត ស្តេចអ៊ីស្រអែល។ 3 ស្តេចយ៉ូសាផាតជាឪពុក បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើន ឲ្យកូនឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹងមាំ ក្នុងស្រុកយូដាឲ្យកូនទាំងនោះកាន់កាប់ទៀតផង តែស្តេចប្រគល់រាជសម្បត្តិឲ្យស្តេចយ៉ូរ៉ាម ព្រោះជាកូនច្បង។ 4 កាលស្តេចយ៉ូរ៉ាមឡើងស្នងរាជ្យឪពុក និងពង្រឹងអំណាចបានហើយ ស្តេចសម្លាប់អនុជទាំងអស់ ដោយមុខដាវ ព្រមទាំងសម្លាប់មេដឹកនាំមួយចំនួនរបស់ជនជាតិអ៊ីស្រអែលទៀតផង។ 5 នៅពេលឡើងសោយរាជ្យ ស្តេចយ៉ូរ៉ាមមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ 6 ស្តេចដើរតាមមាគ៌ារបស់ស្តេចទាំងឡាយនៅស្រុកអ៊ីស្រអែល និងប្រព្រឹត្តដូចរាជវង្សរបស់ស្តេចអហាប់ដែរ ព្រោះស្តេចបានរៀបការជាមួយបុត្រីរបស់ស្តេចអហាប់ ហើយស្តេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា។ 7 ប៉ុន្តែ អុលឡោះតាអាឡាមិនគាប់ចិត្តនឹងលុបបំបាត់រាជវង្សរបស់ស្តេចទតទេ ព្រោះយល់ដល់សម្ពន្ធមេត្រី ដែលទ្រង់ចងជាមួយស្តេចទត ហើយទ្រង់ក៏បានសន្យាថានឹងប្រោសប្រទានឲ្យពូជពង្សរបស់ស្តេចទត ឡើងសោយរាជ្យរហូតតទៅ។ 8 ក្នុងរជ្ជកាលស្តេចយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្តេចមួយនាក់ ឲ្យឡើងគ្រងរាជ្យលើពួកគេ។ 9 ពេលនោះស្តេចយ៉ូរ៉ាមចេញទៅ ដោយមានពួកមេទ័ព និងរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្តេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្តេចក៏ក្រោកឡើងនៅពេលយប់ ហើយវាយបើកផ្លូវ។ 10 តាំងពីពេលនោះមក ជនជាតិអេដុម បានរំដោះខ្លួនពីការត្រួតត្រារបស់ជនជាតិយូដា រហូតមកដល់សព្វថ្ងៃ។ នៅគ្រានោះ ក្រុងលីបណាក៏បះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ស្តេចយ៉ូរ៉ាមដែរ ព្រោះស្តេចបានបោះបង់ចោលអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ខ្លួន។ 11 ស្តេចយ៉ូរ៉ាមបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ លើភ្នំទាំងឡាយក្នុងស្រុកយូដា។ ស្តេចជំរុញអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកឲ្យគោរពព្រះក្លែងក្លាយ។ 12 ស្តេចបានទទួលលិខិតមួយច្បាប់ពីណាពីអេលីយ៉េស ដែលមានសេចក្តីដូចតទៅ “អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទត ជាអយ្យកោរបស់ស្តេចមានបន្ទូលថា ស្តេចពុំបានដើរតាមមាគ៌ារបស់ស្តេចយ៉ូសាផាត ជាឪពុករបស់អ្នកទេ ហើយស្តេចក៏មិនដើរតាមមាគ៌ារបស់ស្តេចអេសា ជាស្តេចស្រុកយូដាដែរ។ 13 ផ្ទុយទៅវិញ អ្នកដើរតាមផ្លូវរបស់ស្តេចទាំងឡាយនៃស្រុកអ៊ីស្រអែល អ្នកទាក់ទាញអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ឲ្យគោរពព្រះក្លែងក្លាយ ដូចរាជវង្សរបស់ស្តេចអហាប់បានប្រព្រឹត្ត ហើយអ្នកបានសម្លាប់ប្អូនបង្កើតរបស់អ្នក ដែលសុទ្ធតែជាមនុស្សប្រសើរជាងអ្នកដែរ។ 14 ហេតុនេះអុលឡោះតាអាឡានឹងប្រហារប្រជារាស្ត្រ ព្រមទាំងកូន ភរិយា និងទ្រព្យសម្បត្តិរបស់អ្នក ដោយគ្រោះកាចដ៏សាហាវ។ 15 រីឯអ្នកវិញ អុលឡោះនឹងធ្វើឲ្យអ្នកមានជំងឺជាទម្ងន់ គឺអ្នកនឹងមានរោគពោះវៀន ដែលបណ្តាលឲ្យអ្នកឈឺចាប់កាន់តែខ្លាំងឡើងៗ ជារៀងរាល់ថ្ងៃ រហូតដល់ពោះវៀនធ្លាយចេញមក”។ 16 អុលឡោះតាអាឡាបានជំរុញជនជាតិភីលីស្ទីន និងជនជាតិអារ៉ាប់ ដែលរស់នៅក្បែរជនជាតិអេត្យូពី ឲ្យមានគំនិតប្រឆាំងនឹងស្តេចយ៉ូរ៉ាម។ 17 អ្នកទាំងនោះ លើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់កូន និងប្រពន្ធរបស់ស្តេច នាំយកទៅជាមួយផង គឺនៅសល់តែសម្តេចអហាស៊ីយ៉ាមួយនាក់គត់ ដែលក្មេងជាងគេ។ 18 បន្ទាប់មក អុលឡោះតាអាឡាប្រហារស្តេចដោយជំងឺពោះវៀន ដែលពុំអាចព្យាបាលឲ្យជាបានឡើយ។ 19 ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្តេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្តេចស្លាប់ ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីជូនភ្លើងចំពោះស្តេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្តេចឡើយ។ 20 ស្តេចយ៉ូរ៉ាមឡើងសោយរាជ្យ នៅពេលមានអាយុសាមសិបពីរឆ្នាំ។ ស្តេចសោយរាជ្យបានប្រាំបីឆ្នាំនៅក្រុងយេរូសាឡឹម។ ពេលស្តេចស្លាប់ គ្មាននរណាសោកស្តាយទេ។ គេបញ្ចុះសពនៅបុរីស្តេចទត តែមិនតម្កល់នៅក្នុងផ្នូរដែលគេបម្រុងទុកសម្រាប់ស្តេចឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies