Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ របា‌ក្សត្រ 22 - អាល់គីតាប


ស្តេច​អហា‌ស៊ីយ៉ា​សោយ​រាជ្យ​នៅ​ស្រុក​យូដា

1 ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​លើក​សម្តេច​អហា‌ស៊ីយ៉ា ជា​កូន​ពៅ​របស់​ស្តេច​យ៉ូរ៉ាម ឲ្យ​ឡើង​ស្នង​រាជ្យ​ឪពុក ដ្បិត​កូន​បងៗ​ត្រូវ​ជន‌ជាតិ​អារ៉ាប់​សម្លាប់​អស់ នៅ​ពេល​ពួក​គេ​មក​លុក​លុយ​ស្រុក។ ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ស្តេច​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា។

2 ស្តេច​អហា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ​ក្នុង​អាយុ​ម្ភៃ​ឆ្នាំ ស្តេច​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ ម្តាយ​របស់​ស្តេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ស្តេច​អូមរី។

3 ស្តេច​អហា‌ស៊ីយ៉ា​ក៏​បាន​ដើរ​តាម​ផ្លូវ​របស់​រាជ‌វង្ស​ស្តេច​អហាប់​ដែរ ដ្បិត​ម្តាយ​ជួយ​គំនិត​ស្តេច​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់។

4 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​យ៉ាង មិន​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​រាជ‌វង្ស​របស់​ស្តេច​អហាប់​ដែរ ដ្បិត​ក្រោយ​ពេល​ឪពុក​ស្លាប់ រាជ‌វង្ស​របស់​ស្តេច​អហាប់ ជួយ​គំនិត​ស្តេច​អហា‌ស៊ីយ៉ា​ដែល​ជំរុញ​ឲ្យ​ស្តេច​ត្រូវ​វិនាស។

5 ស្តេច​ធ្វើ​តាម​យោបល់​របស់​ពួក​គេ ហើយ​ចូល​ដៃ​ជា​មួយ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​របស់​ស្តេច​អហាប់ ស្តេច​ស្រុក​អ៊ីស្រ‌អែល ចេញ​ទៅ​ច្បាំង​នឹង​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​នៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ ពេល​នោះ​កង‌ទ័ព​ស៊ីរី​វាយ​ស្តេច​យ៉ូរ៉ាម​របួស។

6 ស្តេច​យ៉ូរ៉ាម​ត្រឡប់​មក​ក្រុង​យេស‌រាល​វិញ ដើម្បី​ព្យាបាល​របួស​ដែល​កង‌ទ័ព​ស៊ីរី​បាន​វាយ​នៅ​ក្រុង​រ៉ាម៉ា ក្នុង​ពេល​ស្តេច​ប្រយុទ្ធ​ជា​មួយ​ស្តេច​ហា‌សែល ស្តេច​ស្រុក​ស៊ីរី។ ពេល​នោះ​ស្តេច​អហា‌ស៊ីយ៉ា ជា​បុត្រ​ស្តេច​យ៉ូរ៉ាម ស្តេច​ស្រុក​យូដា ចុះ​ទៅ​ក្រុង​យីស‌រាល សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម ជា​បុត្រ​ស្តេច​អហាប់​ដែល​កំពុង​តែ​ឈឺ​យ៉ាង​ខ្លាំង។

7 ស្តេច​អហា‌ស៊ីយ៉ា​ទៅ​សួរ​សុខ​ទុក្ខ​ស្តេច​យ៉ូរ៉ាម​ដូច្នេះ មក​ពី​អុលឡោះ​គាប់​ចិត្ត​ធ្វើ​ឲ្យ​ស្តេច​អហា‌ស៊ីយ៉ា​វិនាស។ ពេល​ទៅ​ដល់ ស្តេច​អហា‌ស៊ីយ៉ា​ទៅ​ជា​មួយ​ស្តេច​យ៉ូរ៉ាម ដើម្បី​ជួប​នឹង​លោក​យេ‌ហ៊ូវ ជា​កូន​របស់​លោក​នីម‌ស៊ី។ មុន​នោះ អុលឡោះ‌តាអាឡា​បាន​ចាក់​ប្រេង​តែង‌តាំង​លោក​យេ‌ហ៊ូវ​ជា​ស្តេច ដើម្បី​ឲ្យ​គាត់​រំលាយ​រាជ‌វង្ស​ស្តេច​អហាប់។

8 លោក​យេ‌ហ៊ូវ​ធ្វើ​ទោស​រាជ​វង្ស​ស្តេច​អហាប់ ជូន​អុលឡោះហើយ​ពេល​គាត់​ជួប​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ស្តេច​អហា‌ស៊ីយ៉ា ដែល​ជា​អ្នក​បម្រើ​របស់​ស្តេច នោះ​គាត់​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។

9 លោក​យេ‌ហ៊ូវ​ឲ្យ​គេ​តាម​រក​ស្តេច​អហា‌ស៊ីយ៉ា ហើយ​គេ​ចាប់​ស្តេច​បាន​នៅ​ក្រុង​សាម៉ា‌រី ព្រោះ​ស្តេច​ពួន​នៅ​ទី​នោះ។ គេ​នាំ​ស្តេច​ទៅ​ជួប​លោក​យេ‌ហ៊ូវ ហើយ​លោក​ក៏​សម្លាប់​ស្តេច​ទៅ។ បន្ទាប់​មក គេ​ធ្វើ​ពិធី​បញ្ចុះ​សព​ស្តេច ដ្បិត​គេ​គិត​ថា ស្តេច​ត្រូវ​ជា​រាជ​វង្ស​របស់​ស្តេច​យ៉ូសា‌ផាត ដែល​ស្វែង​រកអុលឡោះ‌តាអាឡា​យ៉ាង​អស់​ពី​ចិត្ត។ នៅ​ក្នុង​រាជ​វង្ស​របស់​ស្តេច​អហា‌ស៊ីយ៉ា គ្មាន​នរណា​ម្នាក់​មាន​សមត្ថ‌ភាព​អាច​នឹង​ឡើង​គ្រង​រាជ្យ​បាន​ឡើយ។


នាង​អថា‌លា​ដណ្តើម​អំណាច​នៅ​ក្រុង​យេរូ‌សាឡឹម

10 កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​ស្រុក​យូដា។

11 ពេល​នោះ​ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា​បាន​យក​ស្តេច​យ៉ូអាស ជា​បុត្រា​របស់​ស្តេច​អហា‌ស៊ីយ៉ា ពី​ក្នុង​ចំណោម​បុត្រា​របស់​ស្តេច ដែល​ត្រូវ​គេ​សម្លាប់​នោះ ទៅ​លាក់​ទុក។ នាង​បាន​នាំ​កូន​នោះ ព្រម​ទាំង​មេ​ដោះទៅ​លាក់​នៅ​បន្ទប់​ដេក​មួយ ក្នុង​ម៉ាស្ជិទ​នៅ​ជា​មួយ​ផង។ ម្ចាស់​ក្សត្រីយ៍​យ៉ូសេ‌បា ជា​បុត្រី​របស់​ស្តេច​យ៉ូរ៉ាម និង​ជា​ប្អូន​របស់​ស្តេច​អហា‌ស៊ីយ៉ា ហើយ​ត្រូវ​ជា​ភរិយា​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា បាន​លាក់​រាជ​កុមារ​នោះ មិន​ឲ្យ​នាង​អថា‌លា​ឃើញ ដូច្នេះ​រាជ​កុមារ​ក៏​បាន​រួច​ពី​ស្លាប់។

12 ក្នុង​ពេល​ដែល​នាង​អថា‌លា​គ្រង​រាជ្យ​លើ​ស្រុក រាជ​កុមារ​លាក់​ខ្លួន​ជា​មួយ​គេ ក្នុង​ដំណាក់​របស់​អុលឡោះអស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម