កងទ័ពម៉ូអាប់ និងកងទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យទូរអារបស់ស្តេចយ៉ូសាផាត1 ក្រោយមកទៀតជនជាតិម៉ូអាប់ និងជនជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយស្តេចយ៉ូសាផាត។ 2 មានគេមកជម្រាបស្តេចយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ មកវាយស្តេច។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនកេឌី»។ 3 ស្តេចយ៉ូសាផាតភ័យខ្លាចជាខ្លាំង ស្តេចក៏សម្រេចចិត្តទូរអាសួរអុលឡោះតាអាឡា ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ 4 អ្នកស្រុកយូដាជួបជុំគ្នាស្វែងរកអុលឡោះតាអាឡា ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកអុលឡោះតាអាឡា។ 5 ស្តេចយ៉ូសាផាតឈរនៅកណ្តាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងដំណាក់របស់អុលឡោះតាអាឡា ខាងមុខព្រលានថ្មី។ 6 ស្តេចមានប្រសាសន៍ថា៖ «អុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើងខ្ញុំ ទ្រង់នៅសូរ៉កា ទ្រង់គ្រប់គ្រងលើនគរទាំងអស់ នៃប្រជាជាតិនានា។ ទ្រង់ប្រកបដោយអំណាច និងការអស្ចារ្យ គ្មាននរណាអាចតទល់នឹងទ្រង់បានឡើយ! 7 ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានបណ្តេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សអ៊ីព្រហ៊ីម ជាមិត្តរបស់ទ្រង់រហូតតទៅ។ 8 ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយជូននាមរបស់ទ្រង់ ដោយពោលថា 9 “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខដំណាក់នេះ នៅចំពោះទ្រង់ ដ្បិតនាមរបស់ទ្រង់ស្ថិតនៅក្នុងដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូរអាសូមទ្រង់ជួយ។ ពេលនោះសូមទ្រង់ស្តាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។ 10 ឥឡូវនេះជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលទ្រង់ហាមអ៊ីស្រអែលមិនឲ្យឆ្លងកាត់នៅពេលចាកចេញពីស្រុកអេស៊ីប - 11 ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដីដែលទ្រង់ប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។ 12 ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ម្តេចក៏ទ្រង់មិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកទ្រង់ប៉ុណ្ណោះ»។ 13 អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះអុលឡោះតាអាឡា ដោយមានប្រពន្ធកូន និងទារកនៅជាមួយដែរ។ អុលឡោះតាអាឡាប្រទានជ័យជំនះដល់ជនជាតិយូដា14 ពេលនោះរសរបស់អុលឡោះតាអាឡា មកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការីយ៉ា ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។ 15 លោកយ៉ាហាសៀលប្រកាសថា៖ «សូមជម្រាបស្តេចយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្តាប់! អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេច និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើអុលឡោះ។ 16 ស្អែកចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។ 17 អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញអុលឡោះតាអាឡាប្រទានជ័យជំនះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ អុលឡោះតាអាឡានឹងនៅជាមួយអ្នករាល់គ្នា!»។ 18 ស្តេចយ៉ូសាផាតក្រាបចុះ អោនមុខដល់ដី ហើយអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹមក៏នាំគ្នាអោនកាយ ក្រាបថ្វាយបង្គំអុលឡោះតាអាឡាដែរ។ 19 ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយបន្លឺសំឡេងយ៉ាងរំពង។ 20 ប្រជាជនក្រោកឡើងតាំងពីព្រលឹម ចេញដំណើរឆ្ពោះទៅវាលរហោស្ថានត្កូអា។ មុនពេលចេញដំណើរស្តេចយ៉ូសាផាតក្រោកឈរឡើង ហើយនិយាយថា៖ «អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ ចូរស្តាប់យើង! ចូរទុកចិត្តទាំងស្រុងលើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានកម្លាំង! ចូរទុកចិត្តលើណាពីរបស់ទ្រង់ នោះអ្នករាល់គ្នានឹងមានជោគជ័យ!»។ 21 បន្ទាប់មកស្តេចពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើងអុលឡោះតាអាឡាថា «ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។ 22 ក្នុងពេលដែលពួកគេបន្លឺសំឡេងចំរៀងសរសើរតម្កើង អុលឡោះតាអាឡាបានធ្វើឲ្យកើតវឹកវរនៅក្នុងជួរទ័ពរបស់ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ និងអ្នកស្រុកភ្នំសៀរ ធ្វើឲ្យពួកគេវាយគ្នាឯង។ 23 មុនដំបូង កងទ័ពអាំម៉ូនព្រួតគ្នាជាមួយកងទ័ពម៉ូអាប់ វាយកំទេច និងបំផ្លាញអ្នកស្រុកភ្នំសៀរឲ្យវិនាសសូន្យ រួចហើយពួកគេកាប់សម្លាប់គ្នាឯង។ 24 ពេលជនជាតិយូដាទៅដល់កន្លែង ដែលសម្រាប់ពិនិត្យមើលវាលរហោស្ថាន ពួកគេក្រឡេកមើលទៅទីតាំងទ័ពរបស់ខ្មាំងសត្រូវ ឃើញមានសុទ្ធតែសាកសពនៅពាសពេញដី ឥតមាននរណាម្នាក់រួចជីវិតឡើយ។ 25 ស្តេចយ៉ូសាផាត និងប្រជាជនរបស់ស្តេច នាំគ្នារឹបអូសយកអ្វីៗទាំងប៉ុន្មានដែលមាននៅទីនោះ។ គេឃើញមានហ្វូងសត្វ សម្លៀកបំពាក់ ព្រមទាំងវត្ថុដ៏មានតម្លៃជាច្រើនដែលនៅជាប់នឹងសាកសព។ ដោយជយភ័ណ្ឌទាំងនោះមានច្រើនពេក ទោះបីគេចំណាយពេលអស់បីថ្ងៃ ក៏នៅតែប្រមូលមិនអស់ដែរ។ 26 នៅថ្ងៃទីបួន ពួកគេជួបជុំគ្នានៅជ្រលងភ្នំបេរ៉ាកា ហើយអរគុណអុលឡោះតាអាឡា។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំបេរ៉ាកា រហូតដល់សព្វថ្ងៃ។ 27 អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល វិលមកក្រុងយេរូសាឡឹមវិញយ៉ាងសប្បាយ ដោយមានស្តេចយ៉ូសាផាតនាំមុខពួកគេ។ អុលឡោះតាអាឡាប្រទានអំណរដ៏លើសលប់ដល់ពួកគេ ដោយធ្វើឲ្យខ្មាំងសត្រូវបរាជ័យ។ 28 ពួកគេចូលទៅក្នុងក្រុងយេរូសាឡឹម តាមចង្វាក់ឃឹម ពិណ និងត្រែ រហូតដល់ដំណាក់របស់អុលឡោះតាអាឡា។ 29 ពេលនគរឯទៀតៗទាំងអស់ឮដំណឹងថា អុលឡោះតាអាឡាបានវាយប្រហារខ្មាំងសត្រូវរបស់ជនជាតិអ៊ីស្រអែល ពួកគេភ័យខ្លាចជាខ្លាំង។ 30 រាជ្យរបស់ស្តេចយ៉ូសាផាតបានសុខក្សេមក្សាន្ត ដ្បិតអុលឡោះប្រទានឲ្យស្តេចមានសន្តិភាព នៅគ្រប់ទិសទី។ ចុងរជ្ជកាលរបស់ស្តេចយ៉ូសាផាត31 ស្តេចយ៉ូសាផាតឡើងគ្រងរាជ្យលើស្រុកយូដា ក្នុងពេលដែលស្តេចមានអាយុសាមសិបប្រាំឆ្នាំ ហើយសោយរាជ្យបានម្ភៃប្រាំឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថាអស៊ូបា ជាកូនរបស់លោកស៊ីលហ៊ី។ 32 ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាឪពុក ដោយឥតងាករេឡើយ។ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ជាទីគាប់ចិត្តអុលឡោះតាអាឡា។ 33 ប៉ុន្តែ ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជនពុំជំពាក់ចិត្តទាំងស្រុង លើអុលឡោះជាម្ចាស់នៃបុព្វបុរសខ្លួនឡើយ។ 34 កិច្ចការផ្សេងៗទៀតរបស់ស្តេចយ៉ូសាផាត តាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកយេហ៊ូវ ជាកូនរបស់លោកហាណានី ដែលគេបញ្ចូលទៅក្នុងក្រាំងរបស់ស្តេចស្រុកអ៊ីស្រអែល។ 35 មួយវិញទៀត ស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា បានរួមសហការជាមួយស្តេចអហាស៊ីយ៉ា ស្តេចស្រុកអ៊ីស្រអែល ជាស្តេចប្រព្រឹត្តអំពើអាក្រក់។ 36 ស្តេចទាំងពីរឲ្យគេសង់សំពៅ សម្រាប់ដើរផ្លូវឆ្ងាយ គេសង់សំពៅទាំងនោះនៅក្រុងអេស៊ាន-គេប៊ើរ។ 37 ពេលនោះណាពីអេលាស៊ើរ ជាកូនរបស់លោកដូដាវ៉ា អ្នកស្រុកម៉ារីសា ថ្លែងបន្ទូលរបស់អុលឡោះទាស់នឹងស្តេចយ៉ូសាផាត ដូចតទៅ៖ «ដោយស្តេចរួមសហការជាមួយស្តេចអហាស៊ីយ៉ា នោះអុលឡោះតាអាឡានឹងរំលាយអ្វីៗ ដែលស្តេចបានធ្វើជាមិនខាន!»។ សំពៅទាំងនោះក៏ត្រូវបាក់បែក មិនអាចចេញដំណើរទៅបានឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies