1 សាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចគាត់ឱបលោកសូល ទាំងនិយាយថា៖ «អុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងអ្នក ឲ្យដឹកនាំប្រជាជនផ្ទាល់របស់ទ្រង់។ 2 នៅថ្ងៃនេះ ពេលអ្នកចាកចេញពីខ្ញុំទៅ អ្នកនឹងជួបបុរសពីរនាក់ ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីពុនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងប្រាប់អ្នកថា “លាញីដែលអ្នកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់អ្នកឈប់គិតពីរឿងលា តែព្រួយបារម្ភពីអ្នកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើឲ្យខ្ញុំធ្វើដូចម្តេច?”។ 3 ពេលអ្នកបន្តដំណើរទៅមុខបន្តិច អ្នកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ អ្នកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់អុលឡោះនៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំបុ័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។ 4 ពួកគេនឹងនាំគ្នាមកជម្រាបសួរអ្នក ហើយជូននំបុ័ងពីរដុំមកអ្នក។ អ្នកនឹងទទួលយកនំបុ័ងនោះពីដៃរបស់ពួកគេ។ 5 បន្ទាប់មក អ្នកទៅដល់គីបា-អេឡូអ៊ីម។ 6 រសរបស់អុលឡោះតាអាឡានឹងមកសណ្ឋិតលើអ្នក អ្នកក៏ថ្លែងបន្ទូលរបស់អុលឡោះជាមួយអ្នកទាំងនោះដែរ ហើយអ្នកនឹងប្រែក្លាយទៅជាបុគ្គលម្នាក់ខុសពីមុន។ 7 កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។ 8 បន្ទាប់មក អ្នកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបអ្នកនៅទីនោះដែរ ដើម្បីធ្វើគូរបានដុត និងធ្វើគូរបានមេត្រីភាព។ អ្នកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះខ្ញុំនឹងប្រាប់អ្នក អំពីកិច្ចការដែលអ្នកត្រូវធ្វើ»។ 9 ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ អុលឡោះផ្លាស់ប្តូរចិត្តគំនិតគាត់ ហើយទីសំគាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។ 10 កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។ 11 អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញគាត់ថ្លែងបន្ទូលរបស់អុលឡោះជាមួយពួកណាពី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមណាពីដែរតើ!»។ 12 មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើនរណាជាឪពុករបស់ពួកនេះ?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមណាពីដែរតើ!»។ 13 កាលលោកសូលឈប់ថ្លែងបន្ទូលរបស់អុលឡោះ គាត់អញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។ 14 ឪពុកមារបស់លោកសូលសួរគាត់ និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបសាំយូអែល»។ 15 ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ សាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។ 16 លោកសូលតបទៅឪពុកមាវិញថា៖ «គាត់បញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីការគ្រងរាជ្យ ដែលសាំយូអែលមានប្រសាសន៍នោះឡើយ។ ប្រជាជនអ៊ីស្រអែលតែងតាំងលោកសូលជាស្តេច17 សាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។ 18 គាត់និយាយទៅកាន់ប្រជាជនអ៊ីស្រអែលថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “អ៊ីស្រអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្តាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ 19 ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលម្ចាស់របស់អ្នករាល់គ្នា គឺម្ចាស់ដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូរអាថា “សូមតែងតាំងស្តេចម្នាក់ឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាតាមកុលសម្ព័ន្ធ តាមអំបូរ ឥឡូវនេះចុះ»។ 20 សាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រអែលទាំងអស់ឲ្យចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធពុនយ៉ាមីន។ 21 បន្ទាប់មក គាត់ឲ្យកុលសម្ព័ន្ធពុនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកគាត់ តែរកពុំឃើញទេ។ 22 គេក៏ចូលទៅសួរអុលឡោះតាអាឡាទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «នុះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។ 23 គេរត់ទៅរកសូល នាំគាត់ចេញពីទីនោះមក គាត់ក៏ឈរនៅកណ្តាលចំណោមប្រជាជន។ គាត់មានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់គាត់ប៉ុណ្ណោះ។ 24 សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលអុលឡោះតាអាឡាជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចគាត់ទេ»។ ប្រជាជនទាំងអស់ ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ស្តេច!»។ 25 សាំយូអែលប្រកាសប្រាប់ឲ្យប្រជាជនដឹងអំពីសិទ្ធិរបស់ស្តេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុក នៅចំពោះអុលឡោះតាអាឡា។ បន្ទាប់មក សាំយូអែលប្រាប់ឲ្យប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។ 26 ស្តេចសូលត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលអុលឡោះបានបណ្តាលចិត្ត ហែរហមទៅជាមួយផង។ 27 ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយស្តេចសូល ហើយមិនបាននាំយកអ្វីមកឲ្យស្តេចទេ តែស្តេចមិនរវីរវល់នឹងគេឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies