១ សាំយូអែល 11 - អាល់គីតាបស្តេចសូលវាយឈ្នះជនជាតិអាំម៉ូន 1 ស្តេចណាហាស ជាជនជាតិអាំម៉ូន បានលើកទ័ពមកឡោមព័ទ្ធក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ។ អ្នកក្រុងយ៉ាបេសទាំងអស់ជម្រាបស្តេចណាហាសថា៖ «សូមចុះសន្ធិសញ្ញាជាមួយយើងខ្ញុំមក យើងខ្ញុំសុខចិត្តបម្រើស្តេចហើយ»។ 2 ស្តេចណាហាស ជាជនជាតិអាំម៉ូនមានប្រសាសន៍ឆ្លើយថា៖ «យើងចុះសន្ធិសញ្ញាជាមួយអ្នករាល់គ្នាបាន ទាល់តែអ្នករាល់គ្នាយល់ព្រមនឹងល័ក្ខខ័ណ្ឌនេះ គឺឲ្យយើងខ្វេះភ្នែកស្តាំរបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឲ្យប្រជាជនអ៊ីស្រអែលទាំងមូលត្រូវអាម៉ាស់»។ 3 អស់លោកអះលីជំអះនៅក្រុងយ៉ាបេសបានអង្វរថា៖ «សូមស្តេចពន្យារពេលឲ្យយើងខ្ញុំប្រាំពីរថ្ងៃសិន យើងខ្ញុំនឹងចាត់អ្នកនាំសារទៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រអែល។ បើសិនជាគ្មាននរណាម្នាក់មកជួយយើងខ្ញុំទេនោះ យើងខ្ញុំនឹងប្រគល់ខ្លួនជូនស្តេច»។ 4 អ្នកនាំសារទាំងនោះទៅដល់ភូមិគីបៀរ ជាភូមិដែលស្តេចសូលរស់នៅ ហើយរៀបរាប់សេចក្តីទាំងនោះឲ្យប្រជាជនស្តាប់ ប្រជាជនទាំងមូលក៏នាំគ្នាស្រែកទ្រហោយំ។ 5 គាប់ជួនពេលនោះ ស្តេចសូលវិលត្រឡប់មកពីចម្ការវិញ ដើរពីក្រោយគោ ស្តេចសួរគេថា៖ «តើមានរឿងអ្វីបានជាប្រជាជនយំដូច្នេះ?»។ គេក៏រៀបរាប់សេចក្តីទាំងប៉ុន្មាន ដែលអ្នកស្រុកយ៉ាបេសនិយាយប្រាប់។ 6 កាលស្តេចឮពាក្យទាំងនោះ រសរបស់អុលឡោះមកសណ្ឋិតលើស្តេច ហើយស្តេចខឹងយ៉ាងខ្លាំង។ 7 ស្តេចសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រអែល តាមរយៈពួកអ្នកនាំសារដោយផ្តាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ អុលឡោះតាអាឡាបណ្តាលឲ្យប្រជាជនភ័យខ្លាច ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។ 8 ស្តេចសូលត្រួតពលនៅក្រុងបេសេក ហើយឃើញមានទ័ពអ៊ីស្រអែលទាំងអស់ចំនួន ៣០០ ០០០នាក់ និងទ័ពយូដាមានចំនួន ៣០ ០០០នាក់។ 9 គេប្រាប់ទៅអ្នកនាំសារដែលនាំដំណឹងមកនោះថា៖ «ចូរទៅប្រាប់អ្នកក្រុងយ៉ាបេសនៅស្រុកកាឡាដថា ស្អែកពេលថ្ងៃរះពេញកំដៅ យើងនឹងរំដោះអ្នករាល់គ្នា»។ អ្នកនាំសារយកដំណឹងនេះទៅប្រាប់អ្នកក្រុងយ៉ាបេស ធ្វើឲ្យពួកគេមានអំណរសប្បាយយ៉ាងខ្លាំង។ 10 អ្នកក្រុងយ៉ាបេសពោលទៅកាន់ជនជាតិអាំម៉ូនថា៖ «ស្អែកយើងខ្ញុំនឹងចេញមកប្រគល់ខ្លួនជូនពួកអ្នកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមពួកអ្នកយល់ឃើញចុះ»។ 11 ស្អែកឡើង ស្តេចសូលរៀបចំទ័ពជាបីកង រួចសំរុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកំដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។ 12 ពេលនោះ ប្រជាជនអ៊ីស្រអែលជម្រាបសាំយូអែលថា៖ «បើនរណាហ៊ានពោលថា ស្តេចសូលមិនត្រូវសោយរាជ្យលើពួកយើងទេនោះ សូមប្រគល់ពួកគេមក យើងខ្ញុំនឹងយកទៅសម្លាប់ចោល»។ 13 ប៉ុន្តែ ស្តេចសូលបានបញ្ជាថា៖ «ថ្ងៃនេះមិនត្រូវសម្លាប់នរណាម្នាក់ឡើយ ព្រោះជាថ្ងៃដែលអុលឡោះតាអាឡាសង្គ្រោះជនជាតិអ៊ីស្រអែល»។ 14 សាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «មក៍ យើងនាំគ្នាទៅគីលកាល់ ដើម្បីប្រកាសតែងតាំងស្តេចសាជាថ្មី»។ 15 ប្រជាជនទាំងមូលនាំគ្នាទៅគីលកាល់ នៅទីនោះ គេបានតែងតាំងសូល ជាស្តេច នៅចំពោះអុលឡោះតាអាឡា រួចធ្វើគូរបានមេត្រីភាពជូនអុលឡោះតាអាឡា។ ស្តេចសូល និងប្រជាជនអ៊ីស្រអែលទាំងអស់ នាំគ្នាធ្វើបុណ្យយ៉ាងអធិកអធម។ |
© 2014 United Bible Societies, UK.
United Bible Societies