ហិបនៃសម្ពន្ធមេត្រីមកដល់ក្រុងយេរូសាឡឹម1 ស្តេចទតបានសង់ដំណាក់ជាច្រើននៅបុរីស្តេចទត។ គាត់ក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់អុលឡោះព្រមទាំងដំឡើងជំរំសក្ការៈដើម្បីតម្កល់ហិបនេះផង។ 2 ពេលនោះទតបានបញ្ចាថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់អុលឡោះដ្បិតអុលឡោះតាអាឡាបានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ទ្រង់ និងមើលថែទាំ រហូតតទៅ»។ 3 ស្តេចទតបានប្រមូលផ្តុំជនជាតិអ៊ីស្រអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់អុលឡោះតាអាឡា មកតម្កល់នៅកន្លែងដែលគាត់បានរៀបចំទុក។ 4 ស្តេចទតក៏បានប្រមូលកូនចៅហារូន ព្រមទាំងក្រុមលេវី 5 គឺក្នុងចំណោមកូនចៅលោកកេហាត់មានលោកអ៊ូរាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១២០ នាក់ 6 ក្នុងចំណោមកូនចៅលោកម៉្រារី មានលោកអសាយ៉ា ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២២០ នាក់ 7 ក្នុងចំណោមកូនចៅលោកគើសុន មានលោកយ៉ូអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១៣០ នាក់ 8 ក្នុងចំណោមកូនចៅលោកអេលីសាផាន មានលោកសេម៉ាយ៉ា ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២០០ នាក់ 9 ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០ នាក់ 10 ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។ 11 ស្តេចទតកោះហៅអ៊ីមុាំសាដុក និងអ៊ីមុាំអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ 12 ស្តេចទតមានប្រសាសន៍ទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។ 13 កាលពីលើកមុន អស់លោកមិនបានចូលរួមទេ អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ទ្រង់ឡើយ»។ 14 ក្រុមអ៊ីមុាំ និងក្រុមលេវីនាំគ្នាញែកខ្លួនជាបរិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់អុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ 15 កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់អុលឡោះតាអាឡាលើស្មា ដូចម៉ូសាបានបង្គាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។ 16 ស្តេចទតបានបញ្ជា ទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចំរៀង ឲ្យយកឧបករណ៍ភ្លេងមាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសំដែងនូវអំណរសប្បាយ។ 17 ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថាន ជាកូនរបស់លោកគូសាយ៉ា។ 18 បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់អ្នកទាំងនោះ គឺលោកសាការីយ៉ា លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌ-អេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ 19 ក្រុមចំរៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។ 20 រីឯលោកសាការីយ៉ា លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។ 21 លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដ-អេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចំរៀង។ 22 លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។ 23 លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ 24 អ៊ីមុាំសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់អុលឡោះ។ លោកអូបេដ-អេដុម និងលោកយេហ៊ីយ៉ាក៏ជាឆ្មាំ ដែលឈរនៅជិតហិបដែរ។ 25 បន្ទាប់មក ស្តេចទត ព្រមទាំងពួកអះលីជំអះនៃជនជាតិអ៊ីស្រអែល និងពួកមេទ័ពនាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាពីផ្ទះរបស់លោកអូបេដ-អេដុម យ៉ាងសប្បាយរីករាយ។ 26 អុលឡោះជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ធ្វើជាគូរបាន។ 27 ស្តេចទតពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចំរៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ស្តេចទតពាក់អាវអេផូដធ្វើពីក្រណាត់ទេសឯក។ 28 ប្រជាជនអ៊ីស្រអែលទាំងមូល ដង្ហែហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា ដោយសំរែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។ 29 កាលហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាហែចូលមកដល់បុរីស្តេចទត នាងមីកាលជាបុត្រីរបស់ស្តេចសូលបានអើតតាមបង្អួច ឃើញស្តេចទតលោតកព្ឆោង នាងក៏មានចិត្តមើលងាយស្តេចទត។ |
© 2014 United Bible Societies, UK.
United Bible Societies