ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ កូរិន‌ថូស 11 - អាល់គីតាប អាល់គីតាប
១ កូរិន‌ថូស 11

1 សូម​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​អាល់ម៉ា‌ហ្សៀស​ដែរ។

ឥរិយា‌បថ​អូម៉ាត់‌អ៊ីសា នៅ​ពេល​ថ្វាយ‌បង្គំ​អុលឡោះ

2 ខ្ញុំ​សូម​សរសើរ​បង​ប្អូន ដោយ​បង​ប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​ប្រតិបត្ដិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បង​ប្អូន។

3 ក៏​ប៉ុន្ដែ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា អាល់ម៉ា‌ហ្សៀស​នាំ​មុខ បុរស​គ្រប់​គ្នា បុរស​នាំ​មុខ​ស្ដ្រី ហើយ​អុលឡោះ​នាំ​មុខ​អាល់ម៉ា‌ហ្សៀស។

4 បុរស​ណា​ទូរអា​ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​អាល់ម៉ា‌ហ្សៀស។

5 ផ្ទុយ​ទៅ​វិញ​ស្ដ្រី​ណា​ទូរអា ឬ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ដ្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។

6 បើ​ស្ដ្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្ដែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្ដ្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។

7 ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង អុលឡោះ និង​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់​ឲ្យ​គេ​ឃើញ។ រីឯ​ស្ដ្រី​វិញ នាង​សំដែង​សិរី‌រុង‌រឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ

8 ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ដ្រី​ឡើយ គឺ​ស្ដ្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស

9 ហើយ​អុលឡោះ​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ដ្រី​ទេ គឺ​ទ្រង់​បង្កើត​ស្ដ្រី​សម្រាប់​បុរស​វិញ។

10 ហេតុ​នេះ​ដោយ​យោគ​យល់​ដល់​ពួក​ម៉ាឡា‌អ៊ីកាត់ ស្ដ្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ​ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។

11 ក៏​ប៉ុន្ដែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់​ស្ដ្រី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ដ្រី​ជា​ចាំ​បាច់​ដែរ។

12 អុលឡោះ​បាន​យក​ស្ដ្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ដ្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។

13 សូម​បង​ប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ដ្រីៗ​ទូរអា​ទៅ​កាន់​អុលឡោះ ដោយ​មិន​ទទូរ​ស្បៃ​សម ឬ​មិន​សម?

14 សូម្បី​តែ​ធម្មជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់

15 ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុង‌រឿង​របស់​ស្ដ្រី។ តាម​ពិត​អុលឡោះ​ប្រទាន​ឲ្យ​ស្ដ្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។

16 ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា​យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំអះ​របស់​អុលឡោះ​ក៏​មិន​ដែល​មាន​ដែរ។

អំពី​ពិធី​ជប់​លៀង​របស់​អ៊ីសា‌ជាអម្ចាស់

17 ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​បាន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បង​ប្អូន ពុំ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ចំរើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់​ថយ​ទៅៗ

18 ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បង​ប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុម‌ជំអះ នោះ​បង​ប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។

19 ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បង​ប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ដ​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។

20 ពេល​បង​ប្អូន​ប្រជុំ​គ្នា បង​ប្អូន​មិន​បរិភោគ​ពិធី​ជប់​លៀង​របស់​អ៊ីសា‌ជាអម្ចាស់​ទេ

21 ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។

22 តើ​បង​ប្អូន​គ្មាន​ផ្ទះ​សម្បែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បង​ប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំអះ​របស់​អុលឡោះ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស?។ តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បង​ប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បង​ប្អូន​ឬ? ទេ​ខ្ញុំ​ពុំ​អាច​សរសើរ​បង​ប្អូន​ក្នុង​រឿងនេះ​បាន​ទេ!

23 រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បង​ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​អ៊ីសា‌ជាអម្ចាស់​មក​ថា នៅ​យប់​ដែល​អ៊ីសា‌ជាអម្ចាស់​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង គាត់​យក​នំបុ័ង​មក​កាន់

24 គាត់​អរ​គុណ​អុលឡោះ ហើយ​កាច់​នំបុ័ង​នោះ ទាំង​និយាយ​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​លះបង់​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។

25 លុះ​ជប់​លៀង​រួច​ហើយ គាត់​ធ្វើ​តាម​បែប​ដដែល គាត់​យក​ពែង​មក​កាន់ ទាំង​បាន​និយាយ​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ចង​ឡើង ដោយ​ឈាម​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។

26 រៀង​រាល់​ពេល​ដែល​បង​ប្អូន​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នេះ បង​ប្អូន​ប្រកាស​អំពី​អ៊ីសា‌ជាអម្ចាស់​ស្លាប់ រហូត​ដល់​គាត់​មក​វិញ។

27 ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​អ៊ីសា‌ជាអម្ចាស់​ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​រូប​កាយ និង​ឈាម​របស់​អ៊ីសា‌ជាអម្ចាស់។

28 ដូច្នេះ​ម្នាក់ៗ​ត្រូវ​ពិនិត្យ​ពិច័យ​មើល​ចិត្ដ​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​របស់​អ៊ីសា‌ជាអម្ចាស់

29 ដ្បិត​អ្នក​ណា​ពិសា​នំបុ័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​រូប​កាយ​របស់​អ៊ីសា‌ជាអម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។

30 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បង​ប្អូន​មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។

31 ប្រសិន​បើ​យើង​ពិនិត្យ​ពិច័យ​មើល​ខ្លួន​ឯង អ៊ីសា‌ជាអម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។

32 ប៉ុន្ដែ បើ​អ៊ីសា‌ជាអម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​គាត់​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។

33 ហេតុ​នេះ បង​ប្អូន​អើយ នៅ​ពេល​បង​ប្អូន​ជួប​ជុំ​គ្នា​បរិភោគ​ពិធី​ជប់​លៀង​របស់​អ៊ីសា‌ជាអម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។

34 ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បង​ប្អូន​ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។

© 2014 United Bible Societies, UK.

United Bible Societies