អុលឡោះតាអាឡាប្រោសប្រទានការសង្គ្រោះ1 អុលឡោះតាអាឡាមានបន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមកហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ! 2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។ 3 ចូរផ្ទៀងត្រចៀកស្ដាប់ ចូរមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នកនឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នកដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះទត។ 4 យើងបានតែងតាំងទត ឲ្យធ្វើជាសាក្សីរបស់យើង នៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ ដឹកនាំប្រជាជាតិទាំងឡាយ។ 5 អ៊ីស្រអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ ដែលអ្នកមិនស្គាល់ពីមុនឲ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ព្រោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក និងជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។ 6 ចូរស្វែងរកអុលឡោះតាអាឡា ក្នុងពេលដែលទ្រង់ពេញចិត្ត ឲ្យអ្នករាល់គ្នារកទ្រង់ឃើញ ចូរអង្វររកទ្រង់ ក្នុងពេលដែលទ្រង់នៅជិតអ្នករាល់គ្នា។ 7 មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកអុលឡោះតាអាឡាវិញ ទ្រង់មុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកម្ចាស់នៃយើងវិញ ដ្បិតទ្រង់មានចិត្តទូលំទូលាយ អត់ទោសឲ្យគេ។ 8 អុលឡោះតាអាឡាមានបន្ទូលថា: គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ 9 មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើងក៏ខុសប្លែកពី គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ 10 ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក ស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ និងផ្ដល់អាហារឲ្យគេបរិភោគ។ 11 រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។ 12 ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។ 13 ដើមកកោះនឹងដុះឡើងជំនួសបន្លា ដើមចំប៉ីនឹងដុះជំនួសខ្ញែរ ទុកជាទីសំគាល់ដែលឥតប្រែប្រួល ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា អុលឡោះតាអាឡាបានធ្វើការនេះ។ |
© 2014 United Bible Societies, UK.
United Bible Societies