ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 38 - អាល់គីតាប អាល់គីតាប
អេសាយ 38

ស្តេច​ហេ‌សេគា​ឈឺ និង​បាន​ជា​វិញ

1 នៅ​គ្រា​នោះ ស្តេច​ហេ‌សេគា​ឈឺ​ជា​ទម្ងន់ ហៀប​នឹង​ស្លាប់។ ណាពី​អេសាយ ជា​កូន​លោក​អម៉ូស មក​ជួប​ស្តេច ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា សូម​ស្តេច​ផ្ដែ‌ផ្ដាំ​រាជ‌វង្សា‌នុវង្ស​ឲ្យ​ហើយ​ទៅ ដ្បិត​ស្តេច​មិន​អាច​រស់​រាន​ត​ទៅ​ទៀត​បាន​ទេ គឺ​ស្តេច​ជិត​ស្លាប់​ហើយ»។

2 ស្តេច​ហេ‌សេគា​បែរ​មុខ​ទៅ​រក​ជញ្ជាំង ហើយ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ដូច​ត​ទៅ៖

3 «ឱ! អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ថា ខ្ញុំ​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គាប់​បំណង​ទ្រង់​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។

4 ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​អេសាយ​ដូច​ត​ទៅ៖

5 «ចូរ​វិល​ទៅ​ប្រាប់​ស្ដេច​ហេសេ‌គា​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ទត​ដែល​ជា​អយ្យកោ​របស់​ស្តេច មាន​បន្ទូល​ដូច​ត​ទៅ​នេះ: “យើង​បាន​ឮ​ពាក្យ​អង្វរ​របស់​អ្នក ហើយ​យើង​ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​អ្នក​ដែរ។ យើង​នឹង​បន្ថែម​អាយុ​ឲ្យ​អ្នក​ដប់​ប្រាំ​ឆ្នាំ​ទៀត។

6 យើង​នឹង​រំដោះ​អ្នក ព្រម​ទាំង​រំដោះ​ក្រុង​យេរូ‌សាឡឹម​នេះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អាស្ស៊ីរី យើង​ក៏​នឹង​ការ‌ពារ​ក្រុង​នេះ​ដែរ”»។

7 អេសាយ​ជម្រាប​ស្ដេច​វិញ​ថា៖ «អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​មុខ​ជា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់

8 គឺ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ស្រមោល​ថ្ងៃ ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង​របស់​ស្តេច​អហាស ដើរ​ថយ​ក្រោយ​ដប់​កាំ»។ ពេល​នោះ ស្រមោល​ដែល​ជ្រេ​ទៅ​ហើយ​ក៏​ថយ​ក្រោយ​វិញ​ដប់​កាំ​មែន។

9 ក្រោយ​ពេល​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បាន​ជា​សះ‌ស្បើយ​ពី​ជំងឺ​វិញ ស្តេច​ក៏​លើក​ទំនុក​‌តម្កើង​អុលឡោះ‌តាអាឡា​ដូច​ត​ទៅ:

10 «ខ្ញុំ​នឹក​ថា ខ្ញុំ​រស់​បាន​តែ​ពាក់​កណ្ដាល​អាយុ ហើយ​ខ្ញុំ​ត្រូវ​លា​ចាក​លោក​នេះ ទៅ​កាន់​ស្ថាន​មនុស្ស​ស្លាប់ ដើម្បី​បន្ត​អាយុ​ជីវិត ដែល​នៅ​សល់​នៅ​ស្ថាន​នោះ។

11 ខ្ញុំ​នឹក​ថា ខ្ញុំ​នឹង​លែង​ឃើញ អុលឡោះ‌តាអាឡា​ក្នុង​ពិភព​របស់​មនុស្ស​ទៀត​ហើយ ហើយ​នៅ​ក្នុង​ពិភព​នេះ ខ្ញុំ​ក៏​នឹង​លែង​ឃើញ​មុខ​មនុស្ស​ណា​ម្នាក់​ដែរ។

12 ជីវិត​ខ្ញុំ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ខ្ញុំ​ទៅ ដូច​អ្នក​គង្វាល​រើ​ជំរំ​របស់​គេ អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់ នៅ​ពេល​ល្ងាច ដូច​ជាង​តម្បាញ​មូរ​ក្រណាត់ ដែល​គាត់​បាន​ត្បាញ​ហើយ​នោះ​ដែរ។

13 ខ្ញុំ​នឹង​ត្រូវ​វិនាស​មុន​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​សព្វ​សព៌ាង្គ​កាយ ប្រៀប​ដូច​ជា​មាន​សត្វ​សិង្ហ​មក​ទំពា​ឆ្អឹង​ខ្ញុំ អុលឡោះ​អើយ​ចាប់​ពី​ថ្ងៃ​ដល់​យប់ ទ្រង់​នឹង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​ចប់។

14 ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ផង!

15 តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ជម្រាប​ទ្រង់​ដូច​ម្ដេច​ខ្លះ? ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។

16 អុលឡោះ‌តាអាឡា​អើយ មនុស្ស​មាន​ជីវិត ដោយ‌សារ​ចិត្ត​សប្បុរស​របស់​ទ្រង់ ខ្ញុំ​នៅ​មាន​ដង្ហើម​ចេញ​ចូល ក៏​ដោយ‌សារ​តែ​ចិត្ត​សប្បុរស​នេះ​ដែរ ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង និង​មាន​ជីវិត​ឡើង​វិញ។

17 ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ខ្ញុំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ទ្រង់​ផ្ទាល់​គាប់ បំណង​ស្រង់​ជីវិត​ខ្ញុំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ទ្រង់​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ខ្ញុំ ទៀត​ហើយ។

18 ក្នុង​ស្ថាន​មនុស្ស​ស្លាប់ គ្មាន​នរណា​អាច​លើក​តម្កើង​ទ្រង់​បាន​ឡើយ មច្ចុរាជ​ក៏​ពុំ​អាច​សរសើរ​តម្កើង​ទ្រង់ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ ក៏​ពុំ​អាច​សង្ឃឹម​លើ​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​បាន​ទៀត​ដែរ។

19 មាន​តែ​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ ដែល​អាច​លើក​តម្កើង​ទ្រង់ ដូច​ខ្ញុំ​លើក​តម្កើង​ទ្រង់​នៅ​ថ្ងៃ​នេះ។ ឪពុក​នឹង​តំណាល​ប្រាប់​កូនៗ​របស់​ខ្លួន អំពី​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។

20 ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។

21 បន្ទាប់​មក អេសាយ​បង្គាប់​ទៅ​អ្នក​បម្រើ​ថា៖ «ចូរ​យក​ម្សៅ​ឧទុម្ពរ​មក​លាប​លើ​ដំបៅ​របស់​ស្តេច​ទៅ នោះ​ស្ដេច​នឹង​បាន​ជា​សះ​ស្បើយ​មិន​ខាន»។

22 ពេល​នោះ ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន?»។

© 2014 United Bible Societies, UK.

United Bible Societies