អេសាយ 39 - អាល់គីតាបស្តេចហេសេគាទទួលទូតរបស់ស្រុកបាប៊ីឡូន 1 នៅគ្រានោះស្ដេចស្រុកបាប៊ីឡូន គឺស្តេចម្រដាក់-បាឡាដាន ជាបុត្ររបស់ស្តេចបាឡាដាន បានផ្ញើរាជសារ និងជំនូនមកជូនស្តេចហេសេគា ដ្បិតស្ដេចជ្រាបដំណឹងថា ស្តេចហេសេគាឈឺ ហើយបានជាឡើងវិញ។ 2 ស្តេចហេសេគា មានចិត្តរីករាយណាស់ ស្ដេចនាំរាជទូតរបស់ស្រុកបាប៊ីឡូនទៅទស្សនាកន្លែងដែលស្ដេចទុកវត្ថុដ៏មានតម្លៃ ធ្វើពីមាស និងប្រាក់ ព្រមទាំងគ្រឿងក្រអូប ប្រេងដ៏មានតម្លៃ គ្រឿងសព្វាវុធផ្សេងៗ និងអ្វីៗទាំងអស់ដែលមាននៅក្នុងឃ្លាំងរាជ្យទ្រព្យ។ ស្តេចហេសេគាបង្ហាញអ្វីៗទាំងអស់ដែលមាននៅក្នុងរាជវាំង និងក្នុងនគរឲ្យរាជទូតរបស់ស្ដេចបាប៊ីឡូនឃើញឥតមានចន្លោះអ្វីឡើយ។ 3 បន្ទាប់មក ណាពីអេសាយចូលមកជួបស្តេចហេសេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេជម្រាបស្តេចដូចម្ដេចខ្លះ?»។ ស្តេចហេសេគាឆ្លើយថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកជួបយើង គឺមកពីស្រុកបាប៊ីឡូន»។ 4 ណាពីអេសាយសួរស្តេចហេសេគាទៀតថា៖ «តើពួកគេបានឃើញអ្វីខ្លះនៅក្នុងវាំង?»។ ស្តេចហេសេគាតបវិញថា៖ «ពួកគេឃើញអ្វីៗទាំងប៉ុន្មាននៅក្នុងវាំងរបស់យើង ដ្បិតយើងបង្ហាញភោគទ្រព្យទាំងអស់ឲ្យពួកគេឃើញ ឥតមានលាក់លៀមអ្វីឡើយ»។ 5 ពេលនោះ អេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលដូចតទៅ: 6 អុលឡោះតាអាឡាមានបន្ទូលថា “នៅគ្រាខាងមុខ រាជ្យទ្រព្យទាំងអស់ដែលស្ថិតនៅក្នុងវាំងរបស់អ្នក និងភោគសម្បត្តិដែលអយ្យកោរបស់អ្នកបានសន្សំទុក នឹងត្រូវគេដឹកជញ្ជូនយកទៅស្រុកបាប៊ីឡូន ឥតមានសេសសល់អ្វីឡើយ។ 7 គេក៏នាំរាជវង្សានុវង្សរបស់អ្នក យកទៅធ្វើជាមហាតលិកនៅក្នុងវាំងរបស់ស្ដេចស្រុកបាប៊ីឡូនដែរ”»។ 8 ស្តេចហេសេគាមានប្រសាសន៍តបទៅអេសាយវិញថា៖ «បន្ទូលរបស់អុលឡោះតាអាឡាដែលអ្នកថ្លែងនេះល្អហើយ» ដ្បិតស្តេចគិតថា «ក្នុងពេលដែលយើងនៅមានជីវិត យើងនឹងរស់នៅដោយសន្តិភាព និងសុខសាន្តត្រាណ»។ |
© 2014 United Bible Societies, UK.
United Bible Societies