ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡឹមឲ្យជួយ1 ចូរផ្ញើចៀមពីក្រុងសិលាតាមផ្លូវវាលរហោស្ថាន យកទៅជូនស្តេចយូដា ដែលនៅភ្នំស៊ីយ៉ូន! 2 ស្ត្រីជនជាតិម៉ូអាប់នាំគ្នាឈរនៅត្រង់អើណូន ជាកន្លែងទឹករាក់ ដូចបក្សីដែលគេដេញចេញពីសំបុក។ 3 ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។ 4 សូមអនុញ្ញាតឲ្យជនភៀសខ្លួនសាសន៍ម៉ូអាប់ ជ្រកកោនជាមួយបងប្អូនផង! សូមលាក់គេកុំឲ្យមេបំផ្លាញរកឃើញ! ពេលណាចប់ការសង្កត់សង្កិន និងការសម្លាប់រង្គាល ពេលណាមេបំផ្លាញចាកចេញបាត់ពីស្រុក 5 ពេលនោះ អុលឡោះនឹងប្រទានឲ្យ រាជវង្សស្តេចទតឡើងគ្រងរាជ្យ ប្រកបដោយមេត្តាករុណា។ ស្តេចនឹងគ្រប់គ្រងលើប្រជាជនដោយស្មោះស្ម័គ្រ ស្ដេចយកចិត្តទុកដាក់នឹងសេចក្ដីសុចរិត ព្រមទាំងស្វែងរកយុត្តិធម៌ឲ្យប្រជាជន»។ ក្រុងយេរូសាឡឹមពុំអាចជួយស្រុកម៉ូអាប់បានឡើយ6 ពេលនោះ ជនជាតិយូដាតបវិញថា៖ «យើងបានឮគេនិយាយថាពួកម៉ូអាប់ ពូកែអួតអាងខ្លាំងណាស់ ពួកគេមានចិត្តព្រហើន វាយឫកខ្ពស់ ហើយអួតបំប៉ោង ចង់ធ្វើជាមហាអំណាច»។ 7 ប៉ុន្តែ ឥឡូវនេះ ជនជាតិម៉ូអាប់បែរជា សោកសង្រេងអាណិតខ្លួនឯងគ្រប់ៗគ្នា។ ពួកគេយំសោកស្ដាយអាហារដែល ធ្លាប់បរិភោគនៅគារ-ហារ៉ាសែត ពួកគេស្រែកថ្ងូរដោយអស់សង្ឃឹម។ 8 ចម្ការដំណាំនៅហេសបូនត្រូវខូចខាតអស់ រីឯចម្ការទំពាំងបាយជូរនៅស៊ីបម៉ាក៏វិនាស ហិនហោចអស់ដែរ។ ចម្ការនេះធ្លាប់តែផ្ដល់ស្រាទំពាំងបាយជូរ ឲ្យមេដឹកនាំប្រជាជាតិនានា។ ចម្ការទំពាំងបាយជូរនេះធ្លាប់លាតសន្ធឹង រហូតដល់យ៉ាស៊ើរ និងវាររហូតដល់វាលរហោស្ថាន ព្រមទាំងបែកមែកហួសសមុទ្រទៅទៀត។ 9 ហេតុនេះហើយបានជាយើងយំ ជាមួយអ្នកស្រុកយ៉ាស៊ើរ ស្រណោះចម្ការទំពាំងបាយជូរនៅស៊ីបម៉ា។ យើងបង្ហូរទឹកភ្នែកស្រោចស្រព ហេសបូន និងអេឡាលេ ដ្បិតសង្គ្រាមបានធ្វើឲ្យភោគផលដំណាំ របស់អ្នករាល់គ្នាវិនាសហិនហោចអស់។ 10 នៅតាមចម្ការដំណាំនោះ លែងមានឮសំរែកអរសប្បាយទៀតហើយ រីឯក្នុងចម្ការទំពាំងបាយជូរ ក៏គ្មាននរណាច្រៀងដោយអំណរ ហើយក៏គ្មាននរណាគាបទំពាំងបាយជូរ ដាក់ក្នុងធុងទៀតដែរ គឺលែងមានសំរែកហ៊ោកញ្ជ្រៀវទៀតហើយ។ 11 ហេតុនេះហើយបានជាខ្ញុំច្រៀងយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។ 12 គេនឹងឃើញអ្នកស្រុកម៉ូអាប់ខំប្រឹងឡើងទៅ កន្លែងសក្ការៈតាមទួលខ្ពស់ៗ យ៉ាងត្រដាបត្រដួស គេបន់ព្រះរបស់ខ្លួននៅកន្លែងសក្ការៈ តែឥតបានផលអ្វីសោះ។ 13 នេះជាបន្ទូលដែលអុលឡោះតាអាឡាប្រកាសទុកជាមុន តាំងពីយូរណាស់មកហើយ ស្ដីអំពីជនជាតិម៉ូអាប់។ 14 ឥឡូវនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «គំរប់បីឆ្នាំទៀត គឺគិតចាប់តាំងពីថ្ងៃនេះទៅ មេដឹកនាំរបស់ស្រុកម៉ូអាប់នឹងត្រូវវិនាសសូន្យជាមួយប្រជាជនដ៏ច្រើនលើសលប់របស់ខ្លួន។ រីឯអ្នកដែលនៅសេសសល់មួយចំនួនតូចនឹងត្រូវអាប់អោន»។ |
© 2014 United Bible Societies, UK.
United Bible Societies