Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 15 - អាល់គីតាប


បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ស្រុក​ម៉ូអាប់

1 សេចក្ដី​ប្រកាស​ស្តី​អំពី​ស្រុក​ម៉ូអាប់: ក្រុង​អើរ-‌ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ​ក្នុង​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ហើយ​ក្រុង​គៀរ-‌ម៉ូអាប់​ក៏​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ ក្នុង​ពេល​តែ​មួយ​យប់​ដែរ!

2 ប្រជា‌ជន​នាំ​គ្នា​ឡើង​ទៅ​វិហារ​នៅ​ឌីបូន គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា គេ​កោរ​សក់​ទាំង​អស់​គ្នា ហើយ​គេ​ក៏​កោរ​ពុក​មាត់​ពុក​ចង្កា​ចេញ​ដែរ។

3 នៅ​តាម​ផ្លូវ​ក្រុង គេ​ស្លៀក​បាវ​កាន់​ទុក្ខ ហើយ​គ្រប់ៗ​គ្នា​យំ​សោក​សង្រេង នៅ​លើ​ផ្ទះ និង​នៅ​តាម​ទី​ផ្សារ។

4 នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

5 ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស៉្យា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម

6 ដ្បិត​អណ្ដូង​ទឹក​នៅ​នីមរីម ត្រូវ​គេ​លុប​ឲ្យ​រីង តិណ‌ជាតិ​ក្រៀម​ស្វិត​អស់ ស្មៅ​ដ៏​ខៀវ​ខ្ចី​ក៏​ងាប់​អស់ ហើយ​រុក្ខ‌ជាតិ​ក៏​លែង​មាន​ទៀត​ដែរ។

7 ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែ‌ប្រមូល អ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុក នៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។

8 សំរែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញ ព្រំ‌ដែន​ស្រុក​ម៉ូអាប់​ទាំង​មូល ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​អេក‌ឡែម ទំនួញ​របស់​ពួក​គេ​ឮ​ទៅ​ដល់​បៀរ-‌អេលីម។

9 ទឹក​អូរ​ដែល​ហូរ​កាត់​ភូមិ​ឌីម៉ូន មាន​សុទ្ធ​តែ​ឈាម ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា កើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត គឺ​សត្វ​សិង្ហ​នឹង​មក​ខាំ​ជន‌ជាតិ​ម៉ូអាប់ ដែល​នៅ​សល់​លើ​ទឹក​ដី​របស់​គេ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម