ណាពីហារូន និងកូនៗធ្វើគូរបានលើកដំបូង1 នៅថ្ងៃទីប្រាំបី ម៉ូសាកោះហៅហារូន កូនប្រុសរបស់គាត់ និងអស់លោកអះលីជំអះអ៊ីស្រអែលឲ្យមក។ 2 គាត់មានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះសម្រាប់ធ្វើគូរបានរំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត ហើយនាំសត្វទាំងពីរទៅជូនអុលឡោះតាអាឡា។ 3 បន្ទាប់មក ត្រូវបង្គាប់ជនជាតិអ៊ីស្រអែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាគូរបានរំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ធ្វើជាគូរបានដុត 4 ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយជូនអុលឡោះតាអាឡាជាគូរបានមេត្រីភាព រួមជាមួយជំនូនម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះ អុលឡោះតាអាឡានឹងបង្ហាញទ្រង់នៅចំពោះមុខអ្នករាល់គ្នា”»។ 5 ជនជាតិអ៊ីស្រអែលនាំយកជំនូនទាំងប៉ុន្មានដែលម៉ូសាបានបង្គាប់ មកដាក់នៅខាងមុខជំរំជួបអុលឡោះតាអាឡា។ សហគមន៍ទាំងមូលនាំគ្នាចូលមកឈរ នៅចំពោះអុលឡោះតាអាឡា។ 6 ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែលអុលឡោះតាអាឡាបង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះអុលឡោះតាអាឡានឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។ 7 ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «ចូរទៅជិតអាសនៈធ្វើគូរបានរំដោះបាបរបស់បង និងរំដោះបាបរបស់ប្រជាជន ហើយធ្វើគូរបានដុត ដើម្បីសូមទ្រង់លើកលែងទោសបង និងប្រជាជនឲ្យបានរួចពីបាបដែរ។ ចូរជូនជំនូនរបស់ប្រជាជន ហើយធ្វើពិធីរំដោះបាបឲ្យពួកគេ ស្របតាមបញ្ជារបស់អុលឡោះតាអាឡា»។ 8 ហារូនក៏ចូលទៅជិតអាសនៈ ហើយអារកកូនគោសម្រាប់រំដោះបាបរបស់គាត់ផ្ទាល់។ 9 កូនរបស់គាត់លើកឈាមសត្វជូនគាត់ ហើយគាត់ក៏ជ្រលក់ម្រាមដៃក្នុងឈាម រួចលាបលើស្នែងអាសនៈ។ បន្ទាប់មក គាត់ចាក់ឈាមដែលនៅសល់ ត្រង់ជើងអាសនៈ។ 10 គាត់ដុតខ្លាញ់ក្រលៀន និងអ្វីៗដែលនៅជាប់នឹងថ្លើមរបស់សត្វសម្រាប់ធ្វើគូរបានរំដោះបាបនោះ នៅលើអាសនៈ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។ 11 រីឯសាច់ និងស្បែក គាត់យកទៅដុតនៅក្រៅជំរំ។ 12 ហារូនអារកចៀមឈ្មោល ដែលជាគូរបានដុត។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 13 ពួកគេយកសាច់ដែលកាប់ជាដុំៗ និងក្បាលមកជូនគាត់ ហើយគាត់ដុតវានៅលើអាសនៈ។ 14 គាត់លាងពោះវៀន និងលាងជើងរបស់វា រួចដុតទាំងអស់នៅលើអាសនៈពីលើគូរបានដុត។ 15 បន្ទាប់មក គាត់យកជំនូនរបស់ប្រជាជនជូនអុលឡោះតាអាឡា គឺគាត់យកពពែឈ្មោលដែលប្រជាជនធ្វើជាគូរបានរំដោះបាបមក ហើយអារកវា ធ្វើដូចគូរបានរំដោះបាបមុនដែរ។ 16 គាត់ធ្វើគូរបានដុត តាមហ៊ូកុំ។ 17 គាត់ជូនជំនូនម្សៅ ដោយម្សៅមួយក្តាប់យកម្សៅមួយក្តាប់ដុតនៅលើអាសនៈ បន្ថែមពីលើគូរបានដុតដែលគេធ្វើនៅពេលព្រឹក។ 18 គាត់អារកគោបា និងចៀមឈ្មោលដែលប្រជាជនយកមកធ្វើជាគូរបានមេត្រីភាព។ កូនរបស់គាត់យកឈាមជូនគាត់ ហើយគាត់ក៏ប្រោះឈាមនោះនៅលើជ្រុងទាំងបួនរបស់អាសនៈ។ 19 ពួកគេយកខ្លាញ់របស់គោបា និងចៀមឈ្មោលព្រមទាំងកន្ទុយ ខ្លាញ់ដែលនៅជាប់ពោះវៀនក្រលៀន និងថ្លើម 20 ដាក់នៅលើសាច់ទ្រូង ហើយហារូនដុតខ្លាញ់ទាំងនោះនៅលើអាសនៈ។ 21 បន្ទាប់មក ហារូនលើកសាច់ទ្រូង និងភ្លៅស្តាំជូនអុលឡោះតាអាឡា ដូចម៉ូសាបានបង្គាប់។ 22 ក្រោយពីបានធ្វើគូរបានរំដោះបាបគូរបានដុត និងគូរបានមេត្រីភាពចប់សព្វគ្រប់ហើយ ហារូនលើកដៃជូនពរប្រជាជន រួចចុះមកវិញ។ 23 ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ 24 គឺមានភ្លើងចេញពីអុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។ |
© 2014 United Bible Societies, UK.
United Bible Societies