លេវីវិន័យ 10 - អាល់គីតាបលោកណាដាប និងលោកអប៊ីហ៊ូវបាត់បង់ជីវិត ហ៊ូកុំស្តីអំពីការកាន់ទុក្ខអ៊ីមុាំ 1 កូនប្រុសរបស់ហារូន ឈ្មោះណាដាប និងអប៊ីហ៊ូវបានកាន់ភាជន៍មួយម្នាក់ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅ ចូលទៅចំពោះអុលឡោះតាអាឡា ផ្ទុយពីបញ្ជារបស់អុលឡោះ។ 2 ពេលនោះ មានភ្លើងចេញពីអុលឡោះតាអាឡា ឆេះពួកគេស្លាប់នៅចំពោះទ្រង់។ 3 ម៉ូសាមានប្រសាសន៍ទៅកាន់ហារូនថា៖ «អុលឡោះតាអាឡាមានបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពបរិសុទ្ធរបស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ ហារូនក៏នៅស្ងៀម។ 4 ម៉ូសាហៅលោកមីសាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ាលដែលត្រូវជាឪពុកមាហារូនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈចេញទៅក្រៅជំរំ»។ 5 ពួកគេធ្វើតាមបង្គាប់ម៉ូសា ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។ 6 បន្ទាប់មកម៉ូសាមានប្រសាសន៍ទៅកាន់ហារូនព្រមទាំងលោកអេឡាសារ និងលោកអ៊ីថាម៉ារជាកូនរបស់ហារូនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយអុលឡោះតាអាឡាខឹងជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នាកាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់អុលឡោះតាអាឡាចុះ។ 7 រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារជំរំជួបអុលឡោះតាអាឡាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការតែងតាំងឲ្យនៅបម្រើអុលឡោះតាអាឡា»។ ហារូន និងកូនរបស់គាត់ ក៏ធ្វើតាមបង្គាប់ម៉ូសា។ ហ៊ូកុំសម្រាប់អ៊ីមុាំ 8 អុលឡោះតាអាឡាមានបន្ទូលមកកាន់ហារូនថា៖ 9 «មុនពេលចូលក្នុងជំរំជួបអុលឡោះតាអាឡា អ្នក និងកូនរបស់អ្នកមិនត្រូវផឹកស្រាទំពំាងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាហ៊ូកុំសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។ 10 ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈអ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ 11 ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រអែល នូវហ៊ូកុំទាំងប៉ុន្មានដែលយើងប្រគល់ឲ្យពួកគេតាមរយៈម៉ូសា»។ 12 ម៉ូសាមានប្រសាសន៍ទៅកាន់ហារូន ព្រមទាំងកូនរបស់គាត់ ឈ្មោះអេឡាសារ និងអ៊ីថាម៉ារដែលនៅរស់ថា៖ «ក្រោយពីជូនជំនូនម្សៅដែលដុតនៅចំពោះអុលឡោះតាអាឡារួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារហាឡាល់បំផុត។ 13 អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីជំនូនដែលគេដុតជូនអុលឡោះតាអាឡាតាមបញ្ជាដែលខ្ញុំទទួលពីទ្រង់។ 14 រីឯសាច់ទ្រូង និងភ្លៅរបស់សត្វដែលគេលើកជូនអុលឡោះតាអាឡា គឺគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសម្រាប់បង និងកូនរបស់បង។ 15 ពេលជនជាតិអ៊ីស្រអែលយកខ្លាញ់មកដុតជូនអុលឡោះតាអាឡា ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូងលើកជូនអុលឡោះតាអាឡា រួចប្រគល់ឲ្យបង និងកូនៗរបស់បងទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចអុលឡោះតាអាឡាបានបង្គាប់»។ 16 ម៉ូសាសួររកពពែឈ្មោល ដែលជាគូរបានរំដោះបាប រួចគាត់ជ្រាបថាគេបានដុតវាផុតទៅហើយ។ គាត់ក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីថាម៉ារ ជាកូនរបស់ហារូនដែលនៅរស់។ គាត់សួរពួកគេថា៖ 17 «ហេតុអ្វីបានជាអ្នករាល់គ្នា មិនបរិភោគសាច់ដែលធ្វើជាគូរបានរំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារហាឡាល់បំផុតដែលអុលឡោះតាអាឡាប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេនៅចំពោះអុលឡោះតាអាឡា។ 18 ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។ 19 ហារូនមានប្រសាសន៍ទៅកាន់ម៉ូសាថា៖ «សូមស្តាប់បងសិន ថ្ងៃនេះជនជាតិអ៊ីស្រអែលបាននាំយកគូរបានដើម្បីរំដោះបាប និងយកជំនូនទាំងមូលមកជូនអុលឡោះតាអាឡា ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកធ្វើជាគូរបានរំដោះបាប តើអុលឡោះតាអាឡាពេញចិត្តដែរឬ?»។ 20 ម៉ូសាយល់ស្របនឹងពាក្យនេះ។ |
© 2014 United Bible Societies, UK.
United Bible Societies