Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 8 - អាល់គីតាប


ការ​តែង​តាំង​ក្រុម​អ៊ីមុាំ​ដំបូង​បង្អស់ ពិធី​តែង​តាំង​អ៊ីមុាំ

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

2 «ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់​ទាំង​អស់ ដោយ​យក​សម្លៀក​បំពាក់​អ៊ីមុាំ ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង ព្រម​ទាំង​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប ចៀម​ឈ្មោល​ពីរ និង​ល្អី​ដែល​ដាក់​នំបុ័ង​ឥត​មេ

3 រួច​ប្រមូល​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​មក​ជួប​ជុំ​គ្នា នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា»។

4 ម៉ូសា​ធ្វើ​តាម​បង្គាប់​របស់អុលឡោះ‌តាអាឡា គឺ​គាត់​ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

5 គាត់​ប្រកាស​ប្រាប់​សហគមន៍​ថា៖ «នេះ​ជា​ការ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​ឲ្យ​ធ្វើ»។

6 គាត់​នាំ​ហារូន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។

7 គាត់​ពាក់​អាវ​វែង​ជូន​ហារូន​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ​ពាក់​អាវ​ធំ ហើយ​អាវ​អេផូដ​ពី​លើ ព្រម​ទាំង​ចង​ខ្សែ​អេផូដ​ផង។

8 គាត់​យក​ប្រដាប់​ពាក់​លើ​ទ្រូង​មក​បំពាក់​ជូន​ហារូន ដែល​នៅ​ក្នុង​នោះ​មាន​ដាក់​យូរីម និង​ធូមីម។

9 គាត់​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ ជូន​ហារូន ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។

10 ម៉ូសា​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ជំរំ‌សក្ការៈ និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ជំរំ​ទុក​ជា​សក្ការៈ។

11 គាត់​ប្រោះ​ប្រេង​ប្រាំ‌ពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ​គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។

12 គាត់​ចាក់​ប្រេង​លើ​ក្បាល​ហារូន ដើម្បី​ញែក​លោក​ឲ្យ​បាន​បរិសុទ្ធ។

13 ម៉ូសា​បាន​នាំ​កូនៗ​របស់​ហារូន​ចូល​មក ហើយ​គាត់​ពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

14 ម៉ូសា​នាំ​គោ​បា​សម្រាប់​ធ្វើ​គូរបាន​រំដោះ​បាប​ចូល​មក ហើយ​ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។

15 ម៉ូសា​អារ​ក​គោ​យក​ឈាម​វា រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ គាត់​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។

16 គាត់​យក​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ ព្រម​ទាំង​ខ្លាញ់​ដែល​ជាប់​នឹង​ក្រលៀន មក​ដុត​នៅ​លើ​អាសនៈ។

17 រីឯ​ស្បែក​គោ​សាច់ និង​លាមក គាត់​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

18 គាត់​នាំ​ចៀម​ឈ្មោល​សម្រាប់​ធ្វើ​គូរបាន​ដុត​ចូល​មក ហើយ​ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

19 ម៉ូសា​អារ​ក​ចៀម រួច​ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

20 ម៉ូសា​កាប់​ចៀម​ជា​ដុំៗ រួច​ដុត​ទាំង​ក្បាល ទាំង​ដុំ​សាច់ ទាំង​ខ្លាញ់​ផង។

21 គាត់​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

22 គាត់​នាំ​ចៀម​ឈ្មោល​ទី​ពីរ​ចូល​មក គឺ​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង​តាំង​អ៊ីមុាំ។ ហារូន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​ចៀម​នោះ។

23 ម៉ូសា​អារ​ក​ចៀម រួច​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ​មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ហារូន។

24 បន្ទាប់​មក គាត់​ក៏​នាំ​កូនៗ​ហារូន​ចូល​មក ហើយ​យក​ឈាម​លាប​លើ​ស្លឹក​ត្រចៀក​ស្តាំ មេ​ដៃ​ស្តាំ និង​មេ​ជើង​ស្តាំ​របស់​ពួក​គេ។ គាត់​ប្រោះ​ឈាម​ដែល​នៅ​សល់​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

25 គាត់​យក​ខ្លាញ់ កន្ទុយ ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ពោះ‌វៀន អ្វីៗ​ដែល​នៅ​ជាប់​នឹង​ថ្លើម​ក្រលៀន​ទាំង​ពីរ ខ្លាញ់​ដែល​នៅ​ជាប់​ក្រលៀន និង​ភ្លៅ​ស្តាំ

26 រួច​យក​នំបុ័ង​ឥត​មេ​នៅ​ក្នុង​ល្អី​ដែល​តម្កល់​នៅ​ចំពោះអុលឡោះ‌តាអាឡា នំ​ធ្វើ​ពី​ម្សៅ​លាយ​ជា​មួយ​ប្រេង និង​នំ​ក្រៀប​ទៅ​ដាក់​នៅ​លើ​ខ្លាញ់ និង​ភ្លៅ​ស្តាំ។

27 ម៉ូសា​យក​ជំនូន​ទាំង​អស់​នោះ​ដាក់​លើ​ដៃ​ហារូន និង​កូនៗ រួច​បង្គាប់​ឲ្យ​ពួក​គេ​លើក​ជំនូន​នោះ​ជូនអុលឡោះ‌តាអាឡា។

28 បន្ទាប់​មក គាត់​ទទួល​ជំនូន​ពី​ដៃ​របស់​ពួក​គេ​យក​ទៅ​ដុត​លើ​អាសនៈ ពី​លើ​គូរបាន​ដុត។ នេះ​ជា​គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។

29 ម៉ូសា​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ជា​គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ លើក​ជូនអុលឡោះ‌តាអាឡា។ សាច់​នេះ​ត្រូវ​បាន​ជា​ចំណែក​របស់​គាត់ ស្រប​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

30 ម៉ូសា​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ​ប្រោះ​លើ​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ​គាត់​ញែក​ហារូន និង​កូន​ប្រុស​របស់​គាត់​រួម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ ឲ្យ​ទៅជា​បរិសុទ្ធ។

31 ម៉ូសា​ពោល​ទៅ​កាន់​ហារូន និង​កូនៗ​របស់​គាត់​ថា៖ «ចូរ​ចំអិន​សាច់​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ​ជា​មួយ​នំ​បុ័ង​នៅ​ក្នុង​ល្អី ដែល​ប្រើ​សម្រាប់​ពិធី​តែង​តាំង​ជា​អ៊ីមុាំ ដូច​ខ្ញុំ​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ។

32 សាច់ និង​នំបុ័ងដែល​នៅ​សល់​ត្រូវ​ដុត​ចោល។

33 អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ មិន​ត្រូវ​ចាក​ចេញ​ពី​ទី​នេះ​មុន​ថ្ងៃ​ទី​ប្រាំ‌ពីរ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​តែង​តាំង​អ្នក​រាល់​គ្នា​ឡើយ។

34 អុលឡោះ‌តាអាឡា​ផ្ទាល់​បញ្ជា​ឲ្យ​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​រំដោះ​អ្នក​រាល់​គ្នា​ពី​អំពើ​បាប។

35 អ្នក​រាល់​គ្នា​ត្រូវ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ធ្វើ​ដូច្នេះ​អ្នក​រាល់​គ្នា​នៅ​បម្រើអុលឡោះ‌តាអាឡា​ដោយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជាបញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ទ្រង់»។

36 ហារូន និង​កូន​ប្រុស​របស់​គាត់​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​តាម​រយៈ​ម៉ូសា។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម